COVID-19
អន្តរជាតិ
ករណី​ឆ្លង COVID-19 នៅ​វៀតណាម បន្ត​ហក់​ឡើង
31, Jul 2020 , 11:59 am        
រូបភាព
​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ COVID-19​ចំនួន ៤៥​ករណី​បន្ថែមទៀត​។ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា វៀតណាម ក៏​ទើបបាន​ប្រកាស​ពី​ករណី​ឆ្លង​ចំនួន ៥​ករណី​។ ករណី​ឆ្លង​ថ្មី​ទាំង ៥០​ករណីនេះ គឺមាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​នៅ​ទីក្រុង​ដា​ណា​ង​ទាំងអស់​។



​ចាប់តាំងពី​ផ្ទុះ​ជំងឺ COVID-19 នៅ​ចុងឆ្នាំ​២០១៩​កន្លងមក វៀតណាម​មាន​ករណី​ឆ្លង​ច្រើន​បំផុត​ត្រឹមតែ​ជាង ២០​ករណី​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​៣១ ខែកក្កដា វៀតណាម បានប្រកាសថា​មាន​ករណី​ឆ្លង​រហូតដល់ ៤៥​ករណី និង ៥​ករណី​នៅ​ថ្ងៃ​ល្ងាច​ថ្ងៃទី ៣០ ខែកក្កដា​។ សរុប​ទាំងអស់ ៥០​ករណី​ថ្មី​។ 
 
​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​វៀតណាម ករណី​ឆ្លង​ថ្មី​ទាំង ៥០​ករណីនេះ គឺមាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ចំនួន​៤​កន្លែង នៅក្នុង​ទីក្រុង​ដា​ណា​ង​។ ករណី​សរុប​កូ​រ៉ូ​ណា​វីរុស​នៅ​វៀតណាម​មាន​ចំនួន ៥០៩​ករណី មិនមាន​ករណី​ស្លាប់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៦៩​នាក់​។ ប្រជាជន​វៀតណាម យ៉ាងហោចណាស់​ចំនួន ៥​ម៉ឺន​នាក់ កំពុង​ដាក់​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​សុខភាព ឬ​នៅផ្ទះ​។ 
 
​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត COVID-19 នៅក្នុង​ប្រទេស រដ្ឋាភិបាល​វៀតណាម បានចាប់ផ្តើម​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​ហាណូយ ហាមឃាត់​ការជួបប្រជុំ​មនុស្ស​នៅក្នុង​ទីក្រុង និង​ជំរុញ​ឲ្យ​អ្នកដំណើរ​រាយការណ៍​ពី​ប្រវត្តិ​ធ្វើដំណើរ​របស់​ពួកគេ​។ នៅ​រដ្ឋធានី​ហាណូយ ប្រជាជន​វៀតណាម ដែល​ទើបតែ​ត្រលប់​ពី​ដា​ណា​ង​វិញ​ចំនួន ២១០៦៣​នាក់ ត្រូវបាន​ធ្វើតេស្ត​។ 
 
​បន្ថែម​ពីលើ​នេះ វៀតណាម បាន​ផ្ញើ​សារ​ជូន​ដំណើរ​ប្រាប់​ប្រជាជន​របស់ខ្លួន​ទាំងអស់ និង​អ្នក​ដែល​ធ្លាប់​ទៅ​កម្សាន្ត​នៅ​ដា​ណា​ង​ថ្មីៗ​នេះ ឲ្យ​រាយការណ៍​ប្រាប់​សមត្ថកិច្ច រក្សា​អនាម័យ និង​ប្រុងប្រយ័ត្ន​ជាមួយ COVID-19 ជាដើម​។ ចំណែក​នៅ​ទីក្រុង​ហូជីមិញ​វិញ អាជ្ញាធរ​វៀតណាម បាន​បិទ​កន្លែង​កម្សាន្ត​មួយចំនួន ហាម​ការជួបប្រជុំ បន្ទាប់ពី​ប្រជាជន​ចំនួន​ពីរ​នាក់ ដែល​ត្រលប់​ពី​ដា​ណា​ង ត្រូវគេ​ធ្វើតេស្ត​មាន​លទ្ធផល​វិជ្ជមាន​។​
 
​សូមបញ្ជាក់ថា កន្លងមក នាយករដ្ឋមន្ត្រី​វៀតណាម ធ្លាប់បាន​ព្រមាន​ថា គ្រប់​ខេត្ត​ក្រុង​វៀតណាម​ទាំងអស់ គឺ​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់​នៃ​ការឆ្លង COVID-19 ព្រោះ​ស្ថានភាព COVID-19 នៅក្នុង​ពេលនេះ គឺ​ខុសពី​ស្ថានភាព COVID-19 ដែល​ផ្ទុះឡើង​កាលពីដើមឆ្នាំ​៕ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com