ជាតិ
ក្រុមហ៊ុន៖ កុំឲ្យយោបល់គេច្រើនពេក តែខ្លួនឯងត្រូវធ្វើឲ្យល្អជាមុនសិន!
× សំណាង និងសុធីរ ស្គាល់គ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ពួកគេទាំងពីរនាក់ជជែកគ្នាមិនចេះធុញពីរឿងសង្គមដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា។ មិនធុញព្រោះតែរឿងរ៉ាងចេះតែកើតឡើងក្នុងទម្រង់ខុសៗគ្នា។ នៅថ្ងៃនេះ ក្លើទាំងពីរនាំគ្នានិយាយពីរឿងភាពមិនចុះសម្រុងនឹងគ្នារវាងបុគ្គលិក និងថៅកែ។
សុធីរ៖ អា សំណាង! អញលឺគេនិយាយថា មានបុគ្គលិកជាច្រើនចូលចិត្តឲ្យយោបល់ទៅក្រុមការងារ ថៅកែ ឬម្ចាស់ក្រុមហ៊ុនឲ្យធ្វើនេះ ឬនោះ មិនចេះចប់ មិនចេះហើយ តែខ្លួនឯង(បុគ្គលិក)មិនសូវចូលរួមធ្វើសោះ។ មានមែនឬទេ?
សំណាង៖ អា សុធីរ! មានច្រើនណាស់លោកព្រះ ព្រោះ អានិយាយហ្នឹងវាស្រួលជាងអាធ្វើ។ អាធ្វើហ្នឹងវាពិបាកណាស់ អ៊ីចឹងហើយបានជាមនុស្សចូលចិត្តនិយាយឲ្យយោបល់ តែបើធ្វើវិញ មិនចង់ទេ។
សុធីរ៖ អា សំណាង! ឲ្យយោបល់ល្អតើ!
សំណាង៖ អញដឹង អញយល់ថា វាល្អហើយ។ តែអ្វីដែលល្អជាងនេះ គឺបុគ្គលិកដែលជួយផ្តល់យោបល់ហើយជួយធ្វើទៀត។ កុំជួយឲ្យតែយោបល់ តែមិនធ្វើ ឬមិនសូវធ្វើ គឺមិនល្អទេ។
សុធីរ៖ ជាធម្មតា តើម្ចាស់ក្រុមហ៊ុន ឬថៅកែ ចូលចិត្តបុគ្គលិករបៀបណា?
សំណាង៖ ថៅកែ ឬម្ចាស់ក្រុមហ៊ុន ត្រូវការបុគ្គលិកដែលមានគំនិតថ្មីៗ និងជួយអនុវត្តគំនិតនោះ ពោល គឺមិនមែនមានតែគំនិតទេ។ ធ្វើ ឬអនុវត្តទើបបានផល។ ម្យ៉ាងទៀត យ៉ាងហោចណាស់ ក្រុមហ៊ុនចង់បានតែបុគ្គលិកណាដែលអាចបំពេញកាតព្វកិច្ចរបស់ខ្លួនឯងឲ្យបានល្អជាមុនសិន មុននឹងជួយឲ្យយោបល់ទៅក្រុមការងារផ្សេងទៀត ឬទៅកាន់ម្ចាស់ក្រុមហ៊ុន។
សុធីរ៖ ចុះថៅកែ ឬម្ចាស់ក្រុមហ៊ុន មិនចូលចិត្តបុគ្គលិករបៀបយ៉ាងម៉េច?
សំណាង៖ បើតាមអញដឹង គឺថា ថៅកែ ឬម្ចាស់ក្រុមហ៊ុនមិនចូលចិត្តបុគ្គលិកណាដែលតែងតែឲ្យយោបល់ម្ចាស់ក្រុមហ៊ុន ឬក្រុមការងារផ្សេងទៀតមិនចេះចប់មិនចេះហើយ តែការងារខ្លួនឯង ឬរបស់ក្រុមខ្លួនឯងមិននាំគ្នាធ្វើឲ្យល្អឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com