រថយន្ត
អន្តរជាតិ
បារាំងតម្រូវឲ្យពាក់ម៉ាសពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈ ចុះរថយន្តឯកជន?
× ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ រលកទីពីរ រដ្ឋាភិបាលបារាំង បានតម្រូវឲ្យពលរដ្ឋពាក់ម៉ាសនៅតាមទីសាធារណៈបិទជិត។ អ្នកបំពានវិធានការនេះត្រូវរងពិន័យ១៣៥អឺរ៉ូ។ ទីសាធារណៈបិទជិតមានដូចជាហាងទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថាប័នរដ្ឋបាល ធនាគារ ផ្សារ ក៏ដូចជាក្នុងបន្ទប់ប្រជុំ រោងកុន និងដំណើរតាមមធ្យោបាយសាធារណៈផងដែរ។
ការពាក់ម៉ាសនៅពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈ គឺជារឿងចាំបាច់ដែលមិនបំផុត ប៉ុន្តែមិនមានការចែងច្បាស់លាស់ទាក់ទនងការធ្វើដំណើរលើរថយន្តផ្ទាល់ខ្លួននោះឡើយ។ បើតាម សារព័ត៌មានយានយន្ត Auto-Moto របស់បារាំង រថយន្តឯកជន មិនស្ថិតក្នុងនិយមន័យទីសាធារណៈបិទជិតនោះទេ ដូច្នេះការពាក់ម៉ាស ក៏មិនស្ថិតក្នុងបម្រាមរបស់រដ្ឋាភិបាលនោះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញ បានលើកឡើងថា អ្នកបើកបររថយន្តត្រូវតែដាក់ម៉ាសជាប្រចាំតាមខ្លួន ដើម្បីរួមចំណែកទប់ស្កាត់ហានីភ័យ។ ជាមួយគ្នានេះ ការពាក់ម៉ាសនៅតែជាករណីចាំបាច់នៅពេលដែលមានអ្នកដំណើរផ្សេងទៀតក្នុងរថយន្ត ពីព្រោះមនុស្សទាំងអស់សុទ្ធតែធ្លាប់មានទំនាក់ទំនងប្រភពផ្សេងៗគ្នា។
ជាមួយគ្នានេះ អ្នកបើកបររថយន្តដែលប្រើប្រាស់រួមក្នុងក្រុមហ៊ុន ឬស្ថាប័នរដ្ឋ ក៏ត្រូវពាក់ម៉ាសផងដែរ ហើយត្រូវមានការជូតសម្អាតឲ្យបានត្រឹមត្រូវតាមក្បួនសុខាភិបាល ដូចទ្វារ ដៃចង្កូត កន្លែងអង្គុយ និងទីតាំងផ្សេងទៀតក្នុងរថយន្ត។
សម្រាប់រថយន្តតាក់ស៊ី អ្នកបើកបរមានសិទ្ធិបដិសេធភ្ញៀវដែលមិនពាក់ម៉ាស។ បើតាម BFM Auto ក្រុមហ៊ុន BlaBlaCar បានតម្រូវឲ្យអ្នកបើករបស់ខ្លួនដាក់ជម្រើសពីរដល់អតិថិជន ដែលអាចជិះតែម្នាក់ឯង ឬជិះច្រើននាក់ក្នុងពេលតែមួយ ហើយការពាក់ម៉ាសត្រូវធ្វើឲ្យបានត្រឹមត្រូវ ពោលគឺបិទជិតច្រមុះ និងមាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com