ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គម​ស៊ីវិល​​១៤១ ស្នើ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន
03, Aug 2020 , 11:10 pm        
រូបភាព
ប្រជាពលរដ្ឋមួយចំនួន ទៅតវា៉នៅមុខតុលាការរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងលោគ រ៉ុង ឈុន (រូបពី AFP)
ប្រជាពលរដ្ឋមួយចំនួន ទៅតវា៉នៅមុខតុលាការរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងលោគ រ៉ុង ឈុន (រូបពី AFP)
 ​ភ្នំពេញ​៖ អង្គការ សង្គម​ស៊ីវិល និង សមាគម​ដល់​ទៅ​១៤១​ស្ថាប័ន បានស្នើ​ឲ្យ​រដ្ឋាភិបាល​និង​សាលាដំបូង​រាជធានី​ភ្នំពេញ ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់ ចេញពី​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ​។ នេះ​បើតាម​សេចក្ដី​ថ្លែង​ការរួម​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង​១៤១ ដែល​ចេញ​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០​។



​កាលពី​រសៀល​ថ្ងៃទី​១ ខែសីហា តុលាការ​រាជធានី​ភ្នំពេញ ចេញ​ដីការ​ឃុំខ្លួន​លោក រ៉ុង ឈុន បណ្ដោះអាសន្ន ពីបទ​ញុះញង់​បង្ករ​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ មាត្រា​នេះ កំណត់​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​។  
 
​ក្រុម​សង្គម​ស៊ីវិល​ចាត់ទុក​ការចោទប្រកាន់​នេះ​ថា ជាការ​រំលោភបំពាន់​សិទ្ធិសេរីភាព​ក្នុងការ​សម្ដែង​មតិ ដែល​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ លើសពីនេះ ពួកគេ យល់ថា ការចាប់ខ្លួន​ប្រធាន​សហជីព​រូបនេះ គឺជា​ការគំរាមកំហែង​ដោយផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ប្រើប្រាស់​សិទ្ធ​របស់ខ្លួន​ក្នុង​បញ្ចេញមតិ​។ 
 
​ក្រុម​សង្គម​ស៊ីវិល សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ដូច្នេះ​ថា​៖«​សិទ្ធិ​នេះ មិនគួរ​ត្រូវបាន​ប្រឈម​នឹង​ការភ័យខ្លាច​ចំពោះ ការចាប់ខ្លួន​នៅពេល​យប់​ពី​សំណាក់​នគរបាល ក៏ដូចជា​ការជាប់​ពន្ធ​នាគារ​ជាច្រើន​ឆ្នាំ​នោះទេ​។ យើង ខ្ញុំ​សង្ឃឹមថា រា​ដ្ឋា​ភិ​បាល នឹង​អាច​គោរព​កាតព្វកិច្ច​របស់ខ្លួន​ដើម្បី​ធានា​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ ផ្អែក​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​។ យើ​សង្ឃឹមថា សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​អាច​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់ និង​ដោះលែង​លោក រ៉ុង ឈុន ឲ្យ​មាន​សេរីភាព​វិញ​ឲ្យ​បាន​ឆាប់​ផងដែរ​»​។​
 
​ក្រុម​សង្គម​ស៊ីវិល ដែល​ចេញ​សេចក្តីថ្លែងការណ៍ មានដូចជា អង្គការ​តម្លាភាព​កម្ពុ​ជា​, លីកាដូ​(LICADHO) និង មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) ជាដើម​។ 
​លោក រ៉ុង ឈុន ត្រូវ​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​លោក រង​ការចោទប្រកាន់ថា បាន​បំផ្លើស​ខុស​ការពិត​ក្នុង​រឿង​ព្រំដែន​។ លោក ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជា​មេ​សហជីព និង ជាទី​ប្រឹក្សា​នៃ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​។ 
 
​លោក រ៉ុង ឈុន តែង​ធ្វើ​សកម្មភាព​នានា​តវ៉ា​នឹង​រដ្ឋាភិបាល ហើយ​មួយរយៈ​ចុងក្រោយ​នេះ គេ ឃើញ​លោក សកម្ម​ខ្លាំង ដូចជា ចូលរួម​ទាមទារ​ឲ្យ​រដ្ឋាភិបាល ការពារ​តំបន់​កោះកុង​ក្រៅ ចូលរួម​ក្នុង​សកម្មភាព​ការពារ​បរិស្ថាន​និង​ព្រៃឈើ និង ចូលរួម​ស្នើ​ឲ្យ​រដ្ឋាភិបាល ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ ជូន​កម្មករ​-​កម្មការិនី ជាដើម​។ លោក ក៏​ជា​មនុស្ស​ម្នាក់ ដែល​តែងតែ​និយាយ​និង​ឈឺឆ្អាល​នឹង​រឿង​ព្រំដែន​ដែរ​៕
 

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com