ជាតិ
លោក Douglas Latchford ដែល​រង​ការចោទប្រកាន់​ពីបទ​លួច​វត្ថុ​បុរាណ​ខ្មែរ ស្លាប់​ក្នុង​អាយុ​៨៩​ឆ្នាំ​
12, Aug 2020 , 10:26 am        
រូបភាព
លោក Douglas Latchford  នាពិធីមួយនៅ​សារមន្ទីរជាតិ កាលពីខែមិថុនា ឆ្នាំ​២០០៩។ រូបថត AFP
លោក Douglas Latchford នាពិធីមួយនៅ​សារមន្ទីរជាតិ កាលពីខែមិថុនា ឆ្នាំ​២០០៩។ រូបថត AFP
ដោយ: ថ្មីៗ
លោក Douglas Latchford សញ្ជាតិ​អង់គ្លេស​-​ថៃ ដែល​រង​ការចោទប្រកាន់​ពីបទ​ទិញ​លក់​វត្ថុ​សម័យអង្គរ​ដោយ​ខុសច្បាប់ និង​ស្ថិតក្រោម​ការស៊ើបអង្កេត​អស់​រយៈពេល​ជាង​១​ទសវត្ស​នោះ បានទទួល​មរណភាព​ក្នុង​អាយុ​៨៩​ឆ្នាំ កាលពី​ថ្ងៃទី​២ ខែសីហា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ នេះ​បើតាម​ប្រភពព័ត៌មាន​ដែល Cambodianess ទទួលបាន​។​



​លោក Latchford បាន​ជាប់​សង្ស័យ​ពីបទ​ប្រមូល​ទិញ​វត្ថុ​បុរាណ​សម័យអង្គរ​ពី​អ្នករត់ពន្ធ​កម្ពុជា និង​ថៃ កាលពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៥០ និង​ឆ្នាំ​១៩៦០​។ គាត់​បាន​លក់​បន្ត​វត្ថុ​បុរាណ​ទាំងនោះ ជាមួយនឹង​ឯកសារ​ដ៏​គួរ​ឲ្យ​សង្ស័យ​ទៅ​បណ្តា​សារមន្ទីរ និង​អ្នកប្រមូល​សន្សំ​ជា​លក្ខណៈ​ឯកជន​នៅ​ទូទាំង​ពិភពលោក​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ត្រូវបាន​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​តំបន់​ភាគខាងត្បូង​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ចោទប្រកាន់ថា បាន​ក្លែង​វិក្កយបត្រ និង​ឯកសារ​ផ្សេងៗ ដើម្បី​លក់​វត្ថុ​បុរាណ​កម្ពុជា​ទៅ​សារមន្ទីរ និង​អ្នកទិញ​វត្ថុ​បុរាណ​នានា​។​

បើតាម VOA ឯកសារ​ចោទប្រកាន់​របស់​តុលាការ​បង្ហាញ​ឲ្យ​ឃើញថា លោក Latchford បាន​ធ្វើជា​បណ្តាញ​ដើរ​ប្រមូល​ទិញ​វត្ថុ​បុរាណ​ដែល​ត្រូវបាន​លួច​ជីក​ដោយ​ខុសច្បាប់​ពី​បណ្តា​ប្រាសាទបុរាណ​ក្នុងព្រៃ មុន​ពេលដែល​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​។​

​តាមពិតទៅ លោក Latchford ត្រូវបាន​ចាត់ទុកជា​អ្នកជំនាញ​វត្ថុ​បុរាណ​ខ្មែរ​ម្នាក់ ហើយ​លោក​បាន​បរិច្ចាគ​វត្ថុ​បុរាណ​ដ៏​កម្រ និង​ថវិកា​ជាច្រើន​ដល់​សារមន្ទី​ជាតិ​ផងដែរ​។ ជាមួយគ្នានេះ លោក​ជា​សហ​និពន្ធ​សៀវភៅ Adoration and Glory: The Golden Age of Khmer Art,” “Khmer Gold” និង “Khmer Bronzes” ផងដែរ​។​

លោក Latchford កើត​នៅ​អង់គ្លេស ហើយ​រស់នៅ​ប្រទេស​ថៃ តាំងពី​ដើមឆ្នាំ​១៩៥០​មក ដោយមាន​ជំនួញ​ដ៏​ជោគជ័យ​នៅ​បាងកក ហើយក៏​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​កីឡា​សាច់ដុំ​ទៀតផង​។​

​អត្ថបទ​មួយ​របស់​សារព័ត៌មាន The Art Newspaper ចុះផ្សាយ​កាលពី​ថ្ងៃទី​១០ ខែសីហា បាន​បញ្ជាក់ថា ក្រុមគ្រួសារ​លោក Latchford បានរៀបចំ​ពិធីបុណ្យ​ជា​លក្ខណៈ​ឯកជន​មួយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com