ជាតិ
ពលរដ្ឋ​នៅ​វើ​ន​សៃ អា​ចរក​ផ្សិត​ក្ងោក​បាន​ចន្លោះ​ពី​៣០០-៥០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​
13, Aug 2020 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី កំពុង​មមាញឹក​ក្នុងការ​ប្រមូល​ផល​ផ្សិត​ក្ងោក​ដែល​កំពុង​សម្បូរ​ខ្លាំង នៅតាម​ព្រៃរបោះ ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ បើតាម​ក្រសួងបរិស្ថាន ផ្សិត​ដែល​ពួកគាត់​ប្រមូល​ផល​បាន មួយចំនួន​ត្រូវបាន​យកទៅលក់​នៅលើ​ទីផ្សារ ហើយ​នៅ​សេសសល់​ទុក​សម្រាប់​បរិភោគ​ខ្លួនឯង​។



​លោក ថុ​ន ស៊ូ​ខុន អនុប្រធាន​ការិយាល័យ​ឧទ្យាន​វើ​ន​សៃ​-​សៀម​ប៉ាង នៃ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បានឱ្យដឹងថា​៖ «​ក្នុងពេល​ភ្លៀង​ធ្លាក់​នា​រដូវវស្សា តំបន់ការពារធម្មជាតិ​មួយចំនួន បានផ្ដល់​ផល​ផ្សិត​ក្ងោក និង​ប្រភេទ​បន្លែ​ព្រៃ​ច្រើន​ប្រភេទ​។ ផ្សិត​ដែល​ពួកគាត់​ដក​បាន ត្រូវបាន​យកទៅលក់​នៅ​ផ្សារ​ក្រុង​បាន​លុង ដោយ​១​គីឡូក្រាម អាច​លក់បាន​ក្នុងតម្លៃ​ចន្លោះ​ពី​១​ម៉ឺន​ទៅ​១​ម៉ឺន​២​ពាន់​រៀល​»​។​


 ផ្សិតក្ងោក

​អនុប្រធាន​ការិយាល័យ​ឧទ្យាន​វើ​ន​សៃ​-​សៀម​ប៉ាង​រូបនេះ បាន​បន្តថា ក្រោយ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​រយៈពេល ២-៣​ថ្ងៃ ប្រជាពលរដ្ឋ​ក្នុងស្រុក​វើ​ន​សៃ ក្នុង​មួយ​គ្រួសារ​អាច​រកបាន​ផ្សិត​ក្ងោក​ចន្លោះ​ពី​៥​ទៅ​១០​គីឡូក្រាម ហើយ​ក្នុង​មួយថ្ងៃ អ្នកស្រុក​អាច​រកបាន​សរុប​ប្រមាណ​ពី​៣០០​ទៅ​៥០០​គីឡូក្រាម យកទៅលក់​នៅលើ​ទីផ្សារ​។​
 
​បើតាម​លោក ថុ​ន ស៊ូ​ខុន ប្រសិនបើ​ពលរដ្ឋ​ចូលរួម ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​បានល្អ​ប្រសើរ នោះ​ធនធានធម្មជាតិ នឹង​កើតឡើង​ច្រើន​សម្បូរបែប សម្រាប់​ទ្រទ្រង់​ជីវភាព​សហគមន៍ និង​ក្លាយជា​តំបន់​សក្កា​នុព​ល​សម្រាប់​ពង្រីក​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​៕
 

 ផ្សិតក្ងោក


 ផ្សិតក្ងោក


Tag:
 កសិកម្ម ផ្សិត​ក្ញោក
© រក្សាសិទ្ធិដោយ thmeythmey.com