COVID-19
ជាតិ
COVID-19៖ ៤ករណីទៀតនៅកម្ពុជា មាន៣នាក់តេស្តលើកទី៦ទើបឃើញ និង១នាក់ទៀតតេស្តលើកទី៥
13, Aug 2020 , 8:16 am        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​ប្រកាសពី​ករណីវិជ្ជមាន​កូវីដ-១៩ ៤ករណីទៀតនៅកម្ពុជា។ ​បុរស៣នាក់ដែលមកពីរុស្ស៊ី កាលពីថ្ងៃទី១៤ ខែកក្កដា ហើយ​ធ្វើចត្តាឡីស័ក​នៅមណ្ឌល​ហ្វឹកហ្វឺន និងបញ្ជូនសារក្នុងខេត្តកំពង់ស្ពឺ លទ្ធផលវិជ្ជមានទើបរកឃើញក្រោយតេស្តលើកទី៦ នា​ថ្ងៃ​ទី១២ ខែសីហា រីឯបុរស១នាក់ទៀត បានមកពីឥណ្ឌូណេស៊ី និងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ត្បូងឃ្មុំ កាលពីថ្ងៃទី២៣ ខែកក្កដា ហើយតេស្តលើកទី៥នៅ​ថ្ងៃទី១២ ខែសីហា ទើបឃើញវិជ្ជមានកូវីដ-១៩។



បើតាម​ក្រសួងសុខាភិបាល បុរស​ទាំង​៤​នាក់​នោះ មាន​អាយុ​ចន្លោះ​ពី​២៦ ទៅ​៣០​ឆ្នាំ ដោយ​ម្នាក់​អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​,​ពីរ​នាក់​មាន​អាយុ​៣០​ឆ្នាំ ដោយ​ម្នាក់​ស្នាក់នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​,​ម្នាក់ទៀត​ស្នាក់នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​ម្នាក់ទៀត​នៅ​ភូមិ​អំពិល ឃុំ​ប៉ឹ​ស​១ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​
 
​ក្រៅពី​មាន​អ្នកជំងឺ​ថ្មី ក៏មាន​អ្នកជា​សះស្បើយ​ចំនួន​៣​នាក់ នៅថ្ងៃនេះ​។ នេះ​បើតាម​ក្រសួងសុខាភិបាល​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៣ សីហា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៧២​ករណី​ហើយ ក្នុងនោះ​អ្នកជា​សះស្បើយ ២២៣​នាក់ ដែល​ស្មើនឹង​៨១.៩៩ភាគរយ​។ ចំណែក​៤៩​នាក់​ទៀត​កំពុង​បន្ត​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, មណ្ឌល​សុខភាព​ចាក់អង្រែ​,​មណ្ឌល​សុខភាព​ខេត្តកំពង់ស្ពឺ ,​មន្ទីរពេទ្យបង្អែក​ខេត្ត​ត្បូងឃ្មុំ និង​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​៕




© រក្សាសិទ្ធិដោយ thmeythmey.com