ជាតិ
សម្ដេច ស ខេង ផ្ដាំ​អាជ្ញាធរ​ទាំងអស់​ថា មុននឹង​ប្រឆាំង​បដិវត្ត​ព័ណ៌ ត្រូវ​ប្រឆាំង​ខ្លួនឯង​ជាមុនសិន​
13, Aug 2020 , 10:41 am        
រូបភាព
ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ប្រាប់​ឱ្យ​មន្ត្រី និង​អាជ្ញាធរ ដែល​ប្ដេជ្ញា​ប្រឆាំង​បដិវត្ត​ព័ណ៌ ដើម្បី​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​នោះ ត្រូវតែ​ប្រឆាំង​ខ្លួនឯង​ជាមុនសិន សឹម​ទៅ​ប្រឆាំង​គេ​។ សម្ដេច ស ខេង ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ទីតាំង និង​សមិទ្ធផល​នានា របស់​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៣ សីហា​នេះ​។​

 
​សម្ដេច ស ខេង បាន​ពន្យល់ថា ពាក្យ​ប្រឆាំង​បដិវត្ត​ព័ណ៌ មិនមែន​យក​កាំភ្លើង ទៅ​គំរាមកំហែង​អ្នកដទៃ​ទេ ប៉ុន្តែ​ជា​ពាក្យ​សម្រាប់​ប្រើ​ទប់ស្កាត់​សកម្មភាព​នានា ដែល​ធ្វើ​ល្មើសច្បាប់ ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​។ ត្រង់ចំណុច​នេះ សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា បើ​មន្ត្រី ឬ​អាជ្ញាធរ ប្ដេជ្ញា​ប្រឆាំង​បដិវត្ត​ព័ណ៌​នោះ ត្រូវ​ប្រឆាំង​ខ្លួនឯង​ជាមុនសិន ពោល​បានន័យថា មិនត្រូវ​​រំលោភបំពាន​លើ​ពលរដ្ឋ​ឡើយ​។​
 
«​យើង​ថា​ប្រឆាំង​ដាច់ខាត​បដិវត្ត​ព័ណ៌ ឥឡូវ​និយមន័យ​ពិតប្រាកដ ប្រឆាំង​បដិវត្ត​ព័ណ៌​ហ្នឹង​ធ្វើ​ម៉េច មិនមែន​យក​កាំភ្លើង​ទៅ​បាញ់​គេ​ទេ មិនមែន​ទេ ធ្វើ​អ៊ីចឹង​ខុស​ហើយ​។​(​មុន​ប្រឆាំង​បដិវត្ត​ព័ណ៌​) គឺ​យើង​ត្រូវ​ប្រឆាំង​ខ្លួន​យើង​ជាមុនសិន បានន័យថា យើង​ធ្វើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​។ អាហ្នឹង​ហើយ​ជា​អាវុធ​ដ៏​ធំ​បំផុត​។ ចុះបើ​យើង​អាង​អំណាច​យើង​ទៅយក​ដី​ប្រជាជន ទៅ​រំលោភ​សិទ្ធ ឬក៏​ផលប្រយោជន៍​ផ្សេងទៀត​របស់​ប្រជាជន អាហ្នឹង​គេ​ម៉េច​សុខចិត្ត គេ​តវ៉ា​អីហ្នឹង វា​ត្រឹមត្រូវ​របស់គេ​ហើយ​…»​។ នេះ​បើតាម​សម្ដេច ស ខេង​។ 
 
​មិនតែប៉ុណ្ណោះ​រដ្ឋមន្ត្រី​មហាផ្ទៃ ក៏​ផ្ដាំ​មន្ត្រី និង​អាជ្ញាធរ​ទាំងអស់​ថា កុំ​មើល​ឃើញតែ​កំហុស ឬ​បញ្ហា​អ្នកដទៃ ដោយ​ភ្លេច​មើល​បញ្ហា​ខ្លួនឯង​។​«​ដូច​ពាក្យ​ខ្មែរ​ថា បើ​អ្នកឯង​ចង្អុល​គេ គឺ​ចង្អុល​តែ​(​ម្រាម​)​ដៃ​មួយ​ទេ តែ​អា​ម្រាមដៃ​៣​នេះ វា​ចង្អុល​មក​យើង​វិញ​»​។ នេះ​បើតាម​សម្ដេច ស ខេង ដែល​បន្ថែមថា ពេលខ្លះ​អាជ្ញាធរ មិនត្រូវ​យកឈ្នះ យក​ចាញ់​លើ​ពលរដ្ឋ​ពេក​ទេ ប៉ុន្តែ​ត្រូវ​ចេះ​សម្របសម្រួល​ជាមួយ​ពួកគាត់​។​
 
​ជាមួយគ្នានេះ​សម្ដេច ស ខេង បាន​ឆ្លៀត​លើកយក​ករណី​បញ្ហាដីធ្លី​នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​ឡើងវិញ នៅ​តំបន់​អន្លុង​ថ្ម ក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​កន្លងមក​ដែរ​។ សម្ដេច បាន​បញ្ជាក់ថា ដីធ្លី​នោះ គឺ​ប្រជាពលរដ្ឋ​បាននាំគ្នា​រស់នៅ នឹង​បង្កបង្កើនផល​ជា​យូរ​ឆ្នាំ​មកហើយ ស្រាប់តែ​ខាង​ក្រសួងកសិកម្ម បាន​ទៅ​ឆ្វៀល​ដី​សម្រាប់​ស្ដារ​ព្រៃឈើ​ឡើងវិញ​នោះ ក៏​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​តែម្ដង​។ រដ្ឋមន្ត្រី​មហាផ្ទៃ ដែល​បានដឹង​ពី​បញ្ហា​នេះ បាន​ហាម​មិនឱ្យ​អាជ្ញាធរ​ប្រើប្រាស់​កម្លាំង​ហួសហេតុ ដែល​ធ្វើឱ្យ​ពលរដ្ឋ​រងគ្រោះ​ជាយថាហេតុ​ណាមួយ​ឡើយ​។​
 
​ថ្លែង​ចំពោះមុខ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ សម្ដេច ស ខេង បានបញ្ជាក់​ដូច្នេះ​ថា​៖«​មិនដឹង​យ៉ាងម៉េច​ក្រសួងកសិកម្ម គាត់​ទៅ​ឆ្វៀល​យក​ដី​ហ្នឹង ធ្វើជា​ស្ថានីយ​(​ស្ដារ​ព្រៃឈើ​ឡើងវិញ​) វា​ប៉ះ​ដី​ប្រជាជន​កំពុង​ប្រើ​យក​ផល​នោះ ដូច​ថា គាត់​ដាំដំឡូង ដាំ​ដំណាំ​ផ្សេងទៀត​យក​ផល​ប្រចាំ​រដូវ​របស់គាត់​ហ្នឹង​(​តែ​ក្រសួងកសិកម្ម​)​ទៅ​ឆ្វៀល​យក​ដី​គាត់ ទៅ​ដាំ​ដើមឈើ ។ នយោបាយ​បែប​ហ្នឹង​វា​ត្រូវ​ហើយ ។ ប៉ុន្តែ​យក​ដី​ប្រជាជន​កំពុង​អាស្រ័យ​ផល​យ៉ាងម៉េច ? ឥឡូវ​ខ្ញុំ​កំពុង​ឱ្យ​ពិនិត្យ​រឿង​ជាក់ស្ដែង ប៉ុន្តែ​យក​កម្លាំង​ទៅ​ចុះ ប៉ុន្តែ​មិនត្រូវ​ប្រើ​អំពើហិង្សា​ដាច់ខាត​។ អត់​បានទេ​»​។​

អត្ថបទទាក់ទង

 
​ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​ផ្ដាំ​មន្ត្រី​មុខងារសាធារណៈ ទាំង​ស៊ីវិល និង​នគរបាល ត្រូវបំពេញ​មុខងារ​តាម​តួនាទី​ជាម​ន្ត្រី​មុខងារសាធារណៈ ដោយ​ប្រកាន់ខ្ជាប់​វិជ្ជាជីវៈ​ខ្លួន ហើយ​មិនត្រូវ​រើសអើង និង​បែងចែក​ប្រជាជន ដែលមាន​និន្នាការ​នយោបាយ​ផ្សេងគ្នា​ឡើយ​៕
 
 

Tag:
 ស ខេង​
  បដិវត្ត​ព័ណ៌​
© រក្សាសិទ្ធិដោយ thmeythmey.com