កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​៖ បឹងកេត​ប៉ះ​សៀមរាប ខណៈ​ស្វាយរៀង​ជួប​សូល​ទី​ឡូ​អង្គរ​
13, Aug 2020 , 2:02 pm        
រូបភាព
កីឡាករ សៀង ចន្ធា ខ្សែប្រយុទ្ធរបស់ក្រុមបឹងកេត, រូបភាពពី CNCC
កីឡាករ សៀង ចន្ធា ខ្សែប្រយុទ្ធរបស់ក្រុមបឹងកេត, រូបភាពពី CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ មានការ​ប្រកួត​ចំនួន​ពីរ​គូ ក្នុងនោះ​ក្រុម​បឹងកេត​តទល់​ជាមួយ​សៀមរាប ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ស្វាគមន៍​សូល​ទី​ឡូ​អង្គរ​។ សម្រាប់​ការប្រកួត​កាលពី​ម្សិលមិញ កងយោធពល​ខេមរភូមិន្ទ ខេត្តព្រៃវែង ណាហ្គា​វើ​ល និង​ភ្នំពេញ​ក្រោ​ន​សុទ្ធតែ​ទទួលបាន​ជ័យជម្នះ រីឯ​នគរបាលជាតិ​បាន​ត្រឹម​ស្មើ​គីរីវង់​សុខ​សែន​ជ័យ​។



​ក្រុម​សៀមរាប​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ទទួល​ស្វាគមន៍​បឹងកេត​នា​ជំនួប​ជើង​ទី​១​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ នេះ​។ ក្រុម​ចំណាត់ថ្នាក់​លេខ​៤​ថ្នាក់​ខេត្ត សៀមរាប ត្រូវ​ធ្វើការ​ធ្ងន់​បន្តិច​នៅថ្ងៃនេះ ដ្បិត​បឹងកេត​ជា​ក្រុម​លេង​ក្នុង​លី​គ​កំពូល និង​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​នៃ​ពានរង្វាន់​នេះ​។ 

​ចំណែក​ម្ចាស់​ជើងឯក​រង​ឆ្នាំ​ចាស់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​តទល់​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ ដែលជា​សមាជិក​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ដូចគ្នា នៅ​ម៉ោង​៦​ល្ងាច នា​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ បើ​មើល​ប្រវត្តិ​ព្រះខ័ន​រាជ​ស្វាយរៀង​ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក​ពានរង្វាន់​នេះ​ច្រើនជាងគេ គឺ​រហូតដល់​៤​រដូវ​កាល​។

​សម្រាប់​ការប្រកួត​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ក្រុម​កងយោធពល​ខេមរភូមិន្ទ​, ណាហ្គា​វើ​ល​, ភ្នំពេញ​ក្រោ​ន និង​ខេត្តព្រៃវែង​សុទ្ធតែជា​ក្រុម​មានប្រៀប ក្រោយ​ពួកគេ​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នា​ជំនួប​ជើង​ទី​១ ក្នុងនោះ​កងយោធពល​ខេមរភូមិន្ទ​យកឈ្នះ​ខេត្ត​កែប ១០-២, ណាហ្គា​វើ​ល​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣-២ ភ្នំពេញ​ក្រោ​ន​យកឈ្នះ​អាស៊ី​អឺរ៉ុប ៤-០ រីឯ​ក្រុម​ព្រៃវែង ដែលជា​ម្ចាស់​ជើងឯក​ថ្នាក់​ខេត្ត​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៣-២​។ ចំណែក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​នគរបាលជាតិ​៕


Tag:
 ​បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com