កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Leipzig ឡើងទៅ​ជួប​PSG នៅ​វគ្គ​១/២ ក្រោយ​ទម្លាក់​At Madrid ដោយ​លទ្ធផល​២​ទល់​១
14, Aug 2020 , 9:54 am        
រូបភាព
​ភ្នំពេញ​៖ ក្លិប​មកពី​អាល្លឺម៉ង់​RB Leipzig បាន​ទម្លាក់​ក្លិប​ចាស់វស្សា Atletico Madrid ដោយ​លទ្ធផល​២​ទល់​១ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ពានរង្វាន់ Champion League នៅ​ថ្ងៃទី​១៤ សីហា​នេះ (​ម៉ោង​នៅ​កម្ពុជា​)​។ RB Leipzig នឹងត្រូវ​ឡើងទៅ​ជួប​ក្រុម Paris St Germain នៅ​វគ្គ​១/២ នៅ​ថ្ងៃទី​១៩ សីហា​ខាងមុខ​។​


​ក្រុម RB Leipzig ដែល​ទើបតែ​បង្កើតឡើងបាន​រយៈពេល​១១​ឆ្នាំនេះ បាន​ទម្លាក់​ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៤ និង​២០១៦ At Madrid ដោយ​លទ្ធផល​២​ទល់​១​។ គ្រាប់​បាល់​ដំបូង​របស់​RB Leipzig រកបាន​ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ Dani Olmo នៅ​នាទី​៥១ មុននឹង​កីឡាករ​វ័យក្មេង​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Joao Felix រក​មួយ​គ្រាប់​ឱ្យ At Madrid តាម​ស្មើ​១​ទល់​១ នៅ​នាទី​៧១ ដោយសារ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​។​
 
At Madrid ព្យាយាម​ដាក់​សម្ពាធ​លើ​ក្រុម RB Leipzig ខ្លាំង​ណាស់ដែរ ប៉ុន្តែ​គ្មាន​សំណាង​រក​គ្រាប់​បាល់​បន្ថែម​ឡើយ​។ ការប្រកួត​នៅសល់​២​នាទី​ទៀត​ទើប​ចប់​ការប្រកួត​៩០​នាទី ស្រាប់តែ​ខ្សែបម្រើ​សញ្ជាតិ​អាមេរិក Tyler Adams ស៊ុត​បាល់​ពី​ចម្ងាយ​លើ​តំបន់​គ្រោះថ្នាក់ ទៅបុក​ជើង​ខ្សែការពារ At Madrid ធ្វើឱ្យ​បាល់​ផ្លាត​ចូល​ទី នៅ​នាទី​៨៨ ដែលនាំឱ្យ RB Leipzig យកឈ្នះ​លើ​ក្រុម​មកពី​អេ​ស្ប៉ា​ញ​នេះ ដោយ​លទ្ធផល​២​ទល់​១​។​
 
​នៅពេលនេះ រកឃើញ​ក្រុម​២​ដែ​ល​ត្រូវ​ឡើង​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​១/២ ហើយ គឺ​ក្រុម RB Leipzig នឹងត្រូវ​ឡើងទៅ​ជួប​ក្រុម Paris St Germain នៅ​ថ្ងៃទី​១៩ សីហា ។ ចំណែក​ក្រុម​៤​ទៀត​ត្រូវ​ប្រកួត​តទល់​គ្នា នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នោះ​រួមមាន ក្រុម​Manchester City ត្រូវ​ជួប​ជាមួយ​Lyon នៅម៉ោង២ រំលងអធ្រាតឈានចូលថ្ងៃទី១៥ សីហា ខណៈ​ក្រុម Barcelona ត្រូវ​ប៉ះ​ក្រុម Bayern Munich នៅ​ម៉ោង​២​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី១៦សីហា​(​ម៉ោង​នៅ​កម្ពុជា​) ​៕

Tag:
 UCL
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com