ជាតិ
សង្គមជាតិ
មន្ត្រីនគរបាល​៧​រូប​នៅ​ខេត្តព្រៃវែង ដែល​ទារប្រាក់​ពី​ជនសង្ស័យ​គ្រឿងញៀន ត្រូវបាន​ដកតំណែង និង​ផ្ទេរ​កិច្ច​
14, Aug 2020 , 6:44 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រីនគរបាល​មួយក្រុម​នៅ​ខេត្តព្រៃវែង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទារប្រាក់​ពី​ជនសង្ស័យ​គ្រឿងញៀន ត្រូវបាន​ដកតំណែង និង​ផ្ទេរ​កិច្ច​។ នេះ​បើតាម​លិខិត​ពីរ​ដោយឡែក​ពីគ្នា របស់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​ចេញ​សេចក្តីសម្រេច​ជា​បន្ត​បន្ទាប់ពី​ថ្ងៃទី​៤ ដល់​១១​សីហា​។​


​សម្ដេច ស ខេង បានសម្រេច​ដកហូត​មុខតំណែង លោក​អនុសេនីយ៍ឯក ទូច ធារ៉ា ពី​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឲ្យ​មកជា​មន្ដ្រី និង​បន្ដ​ឋានន្ដរស័ក្ដិ​មួយ​ថ្នាក់ មក​នៅត្រឹម​អនុសេនីយ៍ទោ ក្រោម​មូលហេតុ​ល្មើស​វិន័យ​កងកម្លាំង​នគរបាលជាតិ​។ សម្ដេច ស ខេង ក៏​បង្គាប់​ឱ្យ​មន្ដ្រីនគរបាល​រូបនេះ ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង រៀងរាល់​ម៉ោង​ធ្វើការ រហូត​មានការ​សម្រេច​ជាថ្មី​។​
 
​ក្រៅពី​លោក ទូច ធារ៉ា , សម្ដេច ស ខេង ក៏​សម្រេច​ផ្ទេរ​សម្រួល​ភារកិច្ច លោក ថោង វណ្ឌី ពី​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រៃវែង មកជា​ស្នងការរង ដោយ​មិន​ទទួល​ផែន​អ្វី​ទាំងអស់ ក្រោម​ហេតុផល ល្មើស​វិន័យ​កងកម្លាំង​នគរបាលជាតិ​។ សម្រាប់​លោក ថោង វណ្ឌី នេះ​គឺជា​លក្ខខណ្ឌ​ព្រមាន​លើក​ទី​១​។​
 
​ដោយឡែក​វរសេនីយ៍ឯក ពៅ ជី​វ័​ន្ដ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តព្រៃវែង ក៏ត្រូវ​វិន័យ​ក្រោមរូបភាព ព្រមាន​លើក​ទី​១​ដែរ ក្រោម​មូលហេតុ​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​នេះ​។ នេះ​បើតាម​លិខិត​សម្ដេច ស ខេង ដែល​ទុក​ឱកាស​ឱ្យ​បុគ្គល ពៅ ជី​វ័​ន្ដ កែប្រែ​កំហុស​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ប៉ុន្តែ​បើ​បុគ្គល​រូបនេះ នៅតែ​អនុវត្ត​ផ្ទុយ​ពី​ការណែនាំ​ទៀត​នោះ នឹងត្រូវ​អនុវត្តតាម​វិន័យ​នគរបាលជាតិ​។​
 
​ងាក​មក​លោក​អនុសេនីយ៍ឯក ស៊ី បូ វិញ ក៏ត្រូវ​ដកតំណែង​ពី​នាយផ្នែក​ស្រាវជ្រាវ និង​ស៊ើបអង្កេត នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឲ្យ​មកជា​មន្ដ្រី ដោយសារ​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ។ បុគ្គល​រូបនេះ ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង រៀងរាល់​ម៉ោង​ធ្វើការ រហូត​មានការ​សម្រេច​ជាថ្មី​។ នេះ​បើតាម​ការសម្រេច​ដោយឡែក​មួយទៀត របស់លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​
 
​លោក នេ​ត សាវឿន បានសម្រេច​ដាក់វិន័យ​លើ​មន្ដ្រីនគរបាល​៣​រូប​ទៀត នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ក្រោមរូបភាព​បន្ថយ​ឋានន្ដរស័ក្ដិ​មួយ​ថ្នាក់​វិញ​ដែរ​។ ក្នុងនោះ​រួមមាន អនុសេនីយ៍ឯក ហេង ចាន់​រតនា ឲ្យ​មកជា​មន្ដ្រី​ត្រឹម​អនុសេនីយ៍ទោ​, អនុសេនីយ៍ឯក សៀក ចាន់​ធឿន ជាម​ន្ដ្រី​មក​នៅត្រឹម​ថ្នាក់ អនុសេនីយ៍ទោ និង​អនុសេនីយ៍ទោ យុន តារា​ភ័​ស្ដ ជាម​ន្ដ្រី​ឲ្យ​មក​នៅត្រឹម​អនុសេនីយ៍ត្រី ក្រោម​មូលហេតុ​ល្មើស​វិន័យ​របស់​កង​កងកម្លាំង​នគរបាលជាតិ​។​
 
​ស្នងការរង និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ទទួលបន្ទុក​ការងារ​គ្រឿងញៀន​ចំនួន ៧​រូបនេះ ត្រូវបាន​រកឃើញថា ពួកគេ​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា និង​យកលុយ​ប្រមាណ ៤​លាន​រៀល ពី​ជនសង្ស័យ​ពេល​ចុះបង្ក្រាប​ករណី​គ្រឿងញៀន កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ជា​ថ្នូរ​នឹង​ការដោះលែង​វិញ​។ ក្រោយ​ប្រតិបត្តិការ​នេះ ជនសង្ស័យ​ឈ្មោះ ថៃ សា​មាឌ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ហឿន រ័ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បានដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ លើ​មន្ត្រីនគរបាល​ទាំងនោះ​តែម្ដង​៕
 
 
 

Tag:
 គ្រឿងញៀន​
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com