ជាតិ
សេដ្ឋកិច្ច
តំបន់ទេសចរណ៍ជិត៥៦០កន្លែង នឹងបើកទទួលភ្ញៀវទេសចរនៅថ្ងៃឈប់សម្រាក៥ថ្ងៃ
15, Aug 2020 , 10:54 am        
រូបភាព
រូបភាពcredit ពល​រដ្ឋ​​​បានធ្វើ​ដំណើរ​កម្សាន្ត​លេងនៅ​​រមណីយដ្ឋាន​ដូងទេរ ខេត្ត​កំពត កាលមិន​ទាន់​រាតត្បាត​នៃ​ជំងឺកូវីដ-១៩
រូបភាពcredit ពល​រដ្ឋ​​​បានធ្វើ​ដំណើរ​កម្សាន្ត​លេងនៅ​​រមណីយដ្ឋាន​ដូងទេរ ខេត្ត​កំពត កាលមិន​ទាន់​រាតត្បាត​នៃ​ជំងឺកូវីដ-១៩
ដោយ:
ភ្នំពេញ៖ រមណីយដ្ឋានទេសចរណ៍ទូទាំងរាជធានីខេត្តចំនួន៥៥៧កន្លែង នឹងបើកសេវាកម្មទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃឈប់សម្រាក៥ថ្ងៃខាងមុខនេះ ។

 
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានបញ្ជាក់ថា តំបន់ទេសចរណ៍ដែលត្រៀមទទួលភ្ញៀវនាថ្ងៃឈប់សម្រាកខាងមុខនេះ មានតំបន់ទេសចរណ៍បែបធម្មជាតិ កែច្នៃ វប្បធម៌ និងប្រវត្តិសាស្ត្រចំនួន២៥៥កន្លែង, តំបន់ទេសចរណ៍ដែលមានសក្តានុពល  តែមិនទាន់ចុះបញ្ជីនៅក្នុងក្រសួងមានចំនួន២១៩កន្លែង, និងតំបន់ទេសចរណ៍បែបសហគមន៍មានចំនួន៨៣កន្លែង។ 
 
បើតាមលោក តុប សុភ័ក ទោះបីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល៧ខែមកនេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍កែច្នៃទូទាំងប្រទេសក៏នៅតែបន្តបើកទទួលភ្ញៀវជាធម្មតា លើកលែងតែផ្ទះសំណាក់ សណ្ឋាគារ និងអាហារដ្ឋាន ជាង១,៣ពាន់កន្លែងត្រូវបានបិទទ្វារដោយសារគ្មានភ្ញៀវទេសចរមកកម្សាន្តលេង។ 
 
បើគិតត្រឹម៧ខែឆ្នាំ២០២០នេះ ផ្ទះសំណាក់ទូទាំងរាជធានីខេត្តមានចំនួន២៦៤៣កន្លែង ត្រូវបានបិទទ្វារជាង៤០០កន្លែង សណ្ឋាគារចំនួន១០៤៤កន្លែង ត្រូវបានបិទទ្វារជាង៣០០កន្លែង និងភោជនីយដ្ឋានមានចំនួន៣៤១៥កន្លែង ដោយបិទទ្វារជិត៤៩០កន្លែង។ នេះបើតាមការបញ្ជាក់របស់លោក តុប សុភ័ក។  
 
លោក តុប សុភ័ក បានរៀបរាប់ដូច្នេះថា៖«ដោយសារមានចលនាភ្ញៀវទេសចរដើរលេងឡើងវិញ។ តំបន់រមណីយដ្ឋានទេសចរណ៍ទាំងអស់ហ្នឹងកំពុងបើកដំណើរការជាបណ្តើរៗវិញហើយ»។ 
 
ដើម្បីធានាឲ្យភ្ញៀវទេសចរមានសុវត្ថិភាពក្នុងអំឡុងដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា លោក តុប សុភ័ក បានបញ្ជាក់ថា ក្រសួងទេសចរណ៍បានណែនាំឲ្យម្ចាស់អាជីវកម្មទេសចរណ៍រៀបចំជាឧបករណ៍វាស់កម្តៅ ទឹកអាល់កុលសម្លាប់មេរោគ និងណែនាំឲ្យម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរពាក់ម៉ាស់ និងលាងដៃជាមួយនឹងសាប៊ូ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
 
 
ជាមួយគ្នានេះក្រសួងបានណែនាំឲ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ពង្រឹងវិធានការអនាម័យ និងគ្រប់គ្រងសំរាមឲ្យមានសណ្តាប់ធ្នាប់។  លោក តុប សុភ័ក បានរៀបរាប់ដូច្នេះថា៖«តាមគោលដៅទេសចរណ៍របស់គាត់នីមួយៗ ត្រូវពង្រឹងសេវាកម្មរបស់ពួកគាត់ឲ្យបានល្អ និងអនាម័យបរិសា្ថន ដើម្បីឲ្យភ្ញៀវមានភាពកក់ក្តៅក្នុងទីកន្លែងកម្សាន្តរបស់ពួកគាត់»។ 
 
គិតត្រឹមរយៈពេល៦ខែចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាមានភ្ញៀវទេសចរប្រមាណ៧៤ម៉ឺននាក់ និងភ្ញៀវបរទេសជាង១,១៨លាននាក់ដែលបានទៅកម្សាន្តលេងនៅតាមរមណីយដ្ឋានទូទាំងប្រទេស។ បើប្រៀបធៀបនឹងឆ្នាំ២០១៩ កម្ពុជាមានភ្ញៀវទេសចរបរទេសប្រមាណ៦,៧លាននាក់ ថយចុះ៦៥ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោក តុប សុភ័ក៕  
 
 
 
 
 
 
 
 
 
 
 
 

Tag:
 រមណីយដ្ឋាន
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com