ជាតិ
សង្គមជាតិ
ខេត្តព្រះវិហារ កំពុងទ​ន្ទឹង​រង់ចាំ​ភ្ញៀវ នៅ​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃនេះ
15, Aug 2020 , 2:05 pm        
រូបភាព
តំបន់ទេសចរណ៍ដែល​ស្ថិតនៅ​ក្នុងខេត្ត​ព្រះវិហារ
តំបន់ទេសចរណ៍ដែល​ស្ថិតនៅ​ក្នុងខេត្ត​ព្រះវិហារ
ដោយ:
 ​ភ្នំពេញ​៖ ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃនេះ ពលរដ្ឋ​ប្រាកដ​ជាមាន​គោលដៅ​ទៅ​ដើរលេង​កម្សាន្ត​រៀងៗ​ខ្លួន​ហើយ​។ ជាក់ស្តែង​ថ្ងៃ​ឈប់សម្រាក​គឺ​ចំ​រដូវវស្សា ប្រាកដ​ណាស់​ថា ពលរដ្ឋ​នឹង​ទៅ​កម្សាន្ត​លេង​នៅតាម​តំបន់​ទេសចរណ៍​ណា ដែល​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​អំណោយផល​លើ​ធនធានធម្មជាតិ​។  ខេត្តព្រះវិហារ ក៏​កំពុងទ​ង្ទឹ​ង​រង់ចាំ​ភ្ញៀវ នៅ​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃនេះ  ។​

​លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា តាំងពី​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ តំបន់​ទេសចរណ៍​ដែល​ស្ថិតនៅក្នុង​ខេត្តព្រះវិហារ​ទាំងអស់ គឺ​នៅតែ​បន្ត​បើក​ដំណើរការ​ជាធម្មតា គ្រាន់តែ​តំបន់​នីមួយៗ​ទទួលបាន​ភ្ញៀវទេសចរ​តិច ឬ​ច្រើន​។  
 
​បើតាម​លោក គង់ វិបុល តំបន់​ទេសចរណ៍​ដែល​អាច​ឲ្យ​ពលរដ្ឋ​ទៅ​កម្សាន្ត​លេង​បាន​យ៉ាង​សប្បាយរីករាយ​នោះ​មានដូចជា ប្រាសាទព្រះវិហារ ប្រាសាទ​កោះកែរ ប្រាសាទព្រះខ័ន​កំពង់ស្វាយ ប្រាសាទ​ក្រពុំ​ឈូក ប្រាសាទ​អ្នកបួស ប្រាសាទ​នរាយណ៍ តំបន់​សត្វ​ស្លាប ទឹកធ្លាក់​តេ​ជោ​បុស្ស​ស្បូវ ទឹកជ្រោះ​ព្រះ​និម្មិត ភ្នំ​ត្បែង  រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក រមណីយដ្ឋាន​ចំបក់​ហោះ សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន និង​មាន​សហគមន៍​ទេសចរណ៍​ចំនួន​៦​កន្លែង​ផងដែរ​។ 
 
​ក្នុងចំណោម​តំបន់​ទេសចរណ៍​ទាំងអស់នេះ គឺមាន​តែ​តំបន់​ទេសចរណ៍​បែប​បេតិកភណ្ឌ​ពិភពលោក តំបន់ភ្នំ សហគមន៍​ទេសចរណ៍ តំបន់​សត្វ​ស្លាប តំបន់​ទឹកជ្រោះ និង​ទឹកធ្លាក់ ដែលជា​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​លេង​នៅ​រដូវវស្សា​នេះ​។ នេះ​បើតាម​លោក គង់ វិបុល ដែល​បាន​រៀបរាប់​ដូច្នេះ​ទៀតថា​៖«​ទីតាំង​ផ្សេងទៀត​ដូចជា​ប្រាសាទ​អ្នកបួស គឺ​ពិបាក​ធ្វើដំណើរ ដោយសារ​មាន​ភ្លៀង​ធ្លាក់​។ ប៉ុន្តែ​តាម​តំបន់​ទឹកធ្លាក់ នៅលើ​ភ្នំ តំបន់​សត្វ​ស្លាប តាម​សហគមន៍ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ភ្ញៀវ​អាច​ទៅ​កម្សាន្ត​លេង​បាន​»​។ 
   
​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​មក​កម្សាន្ត​លេង​នៅ​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ​ប្រកបដោយ​សុវត្ថិភាព  ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​រូបនេះ​បាន​ណែនាំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ចំនួន​៤​កន្លែង ផ្ទះសំណាក់​៣៤​កន្លែង​(​ជាង​៧០០​បន្ទប់​) អូ​តែ​ល​២​កន្លែង និង​មាន​ភោជនីយដ្ឋាន​១៥​កន្លែង ដែល​ស្ថិតនៅតាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្តព្រះវិហារ​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​
   
​ជាមួយគ្នានេះ លោក គង់ វិបុល ក៏បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ពង្រឹង​ការ​ទុកដាក់​សំរាម​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​ពង្រឹង​វិធានការ​ទប់ស្កាត់​គ្រោះ​ហានិភ័យ​ដែល​កើតឡើង​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ​ផងដែរ​។ 
 
«​យើង​នឹង​បន្ត​សហការ​បន្ថែមទៀត​ទាក់ទង​នឹង​សុវត្ថិភាព​តាម​គោលដៅ​តំបន់​ទេសចរណ៍​សំខាន់ៗ​ជាមួយនឹង​អាជ្ញាធរ ម្ចាស់​តំបន់​ទេសចរណ៍ ក្នុង​ការធានា​សុវត្ថិភាព​ដល់​ភ្ញៀវ​»​។ នេះ​ការរៀបរាប់​របស់លោក គង់ វិបុល ដែល​សង្ឃឹមថា​នឹងមាន​ភ្ញៀវទេសចរ​ចំនួន​៣​ម៉ឺន​នាក់ ទៅ​៤​ម៉ឺន​នាក់មក​កម្សាន្ត​លេង​នៅ​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ​។​
 
​ក្នុង​រយៈពេល​៧​ខែ​ក្នុង​ឆ្នាំ​២០២០​នេះ ខេត្តព្រះវិហារ​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​លេង​ចំនួន​ជាង​២២​ម៉ឺន​នាក់ បើ​ប្រៀបធៀប​នឹង​៧​ខែ​ដូចគ្នា​ឆ្នាំ​២០១៩ មាន​ចំនួន មានការ​ថយចុះ​ចំនួន​៤៧,៥៥​ភាគរយ​។   
 
​គួរ​បញ្ជាក់ថា ម្ចាស់​រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់​ជាង​៣​ពាន់​កន្លែង​ត្រូវបាន​ផ្អាក​ដំណើរការ​មួយរយៈ ដោយសារ​ជួប​វិបត្តិ​កូ​វីដ​-១៩ និង​មាន​មនុស្ស​ជាង​៥​ម៉ឺន​នាក់​ត្រូវបាន​បាត់បង់​ការងារ​។ នា​ថ្ងៃ​ឈប់សម្រាក​ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ម្ចាស់​អាជីវកម្ម នៅ​តំបន់​នានា ក្រៅពី​ខេត្តព្រះវិហារ បាន​បើក​ដំណើរការ​វិញ​ដោយ​កំពុងតែ​ស្វះស្វែង​រៀបចំ​សេវាកម្ម និង​សោភណភាព ដោយ​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ឡើងវិញ​។​

Tag:
 ទេសចរណ៍​
 ​ តំបន់​
 ​ រដូវវស្សា​
© រក្សាសិទ្ធិដោយ thmeythmey.com