ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ខួរក្បាល​នឹង​ឆាប់​ចាស់​ជាង​វ័យ ព្រោះ​ទម្លាប់​ទាំងនេះ​
27, Aug 2020 , 6:59 am        
រូបភាព
​ទម្លាប់​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមបញ្ចូល​ទាំង​ខួរក្បាល​។ ថា​តើ​ទម្លាប់​អ្វីខ្លះ​មិនល្អ​ចំពោះ​ខួរក្បាល​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​គួរ​ចៀសវាង ឬ​ផ្លាស់ប្ដូរ​ចេញ​ដើម្បី​ខួរក្បាល​ល្អប្រសើរ ៖

 
១. ទទួលទាន​អាហារ​និង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ច្រើន​
 
​មិន​ត្រឹមតែ​ធ្វើឱ្យ​កើន​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែមៗ​ច្រើន​ក៏​បណ្ដាលឱ្យ​សមត្ថភាព​ខួរក្បាល​ថយចុះ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​អាហារ​និង​ភេសជ្ជៈ​ប្រភេទ​នេះ​អាច​បង្ក​ការ​រលាក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​។​
 
២. ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​
 
​ក្រៅពី​សុខភាព​ថ្លើម​ហើយ​នោះ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ជាប្រចាំ​ក៏​ជះឥទ្ធិពល​លើ​សុខភាព​និង​សមត្ថភាព​យល់ដឹង​ចងចាំ​របស់​ខួរក្បាល​ផងដែរ​។​ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ខួរក្បាល​ល្អប្រសើរ​ចូរ​បញ្ឈប់ ឬ​កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​។​
 
៣. គេង​មិន​គ្រប់គ្រាន់​
 
​ការ​គេង​អនុញ្ញាតឱ្យ​ខួរក្បាល​មាន​ពេល​សម្រាក​។ ម្យ៉ាងវិញទៀត​ការ​គេង គឺ​ចាំបាច់​ណាស់​សម្រាប់​ពង្រឹង​ការតភ្ជាប់​រវាង​ណឺរ៉ូន ដូច្នេះហើយ​ទើប​ការ​គេង​មិន​គ្រប់​រយៈពេល​យូរ​អាច​បណ្ដាលឱ្យ​ងាប់​កោសិកា​ខួរក្បាល និង​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ការចងចាំ​។​
 
៤. ការជក់បារី​
 
​សារធាតុ​គីមី​ក្នុង​បារី​មាន​ឥទ្ធិពល​ធ្វើឱ្យ​ខួរក្បាល​រួម​តូច ហើយ​អាច​ឈានដល់​ថ្នាក់​កើត​ជំងឺ​ភ្លេចភ្លាំង ឬ​វង្វេងវង្វាន់​ទៀតផង​។​
 
៥. ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​
 
​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម ឬ​អាហារ​ប្រៃ​ច្រើនពេក គឺ​មិនល្អ​សម្រាប់​សុខភាព​សម្ពាធ​ឈាម​និង​បេះដូង​ឡើយ​។ លើសពីនេះទៅទៀត​ការទទួល​ទាន​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​អាច​បង្ក​ផលប៉ះពាល់​ដល់​មុខងារ​នៃ​ភាព​យល់ដឹង​របស់​ខួរក្បាល​គួរអោយ​ព្រួយបារម្ភ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សុខភាព​ខួរក្បាល ក៏ដូចជា​បេះដូង​ល្អប្រសើរ ចូរ​កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម​។​
 
៦. ស្ត្រេ​ស​សឹងតែ​ជាប្រចាំ​
 
​ធ្លាប់​ដឹង​ទេ​ថា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ជាប្រចាំ​ក៏​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​មិនល្អ​សម្រាប់​សុខភាព​ខួរក្បាល​ផងដែរ​? នេះ​ក៏​ព្រោះតែ​នៅពេល​ស្ត្រេ​ស រាងកាយ​នឹង​បង្កើន​ការផលិត​អ័រម៉ូន​មួយចំនួន​ដែល​ជះឥទ្ធិពល​លើ​កម្រិត​នៃ​សម្ពាធ​ឈាម​នាំឱ្យ​ឡើង​ខុស​ប្រក្រតី​ដោយ​បង្កបញ្ហា​ចង្វាក់បេះដូង​លោត​ញាប់ ហើយ​សម្ពាធ​ឈាម​រួម​តូច​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់បន្ថយ​ស្ត្រេ​ស​។ ស្ត្រេ​ស​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​សុខភាព​ជាច្រើន​រួមទាំង​ជំងឺ​បេះដូង​និង​ដាច់​ស​សៃ​ឈាម​ខួរក្បាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com