ជាតិ
សង្គមជាតិ
ឌី​ប្លូ​ម​ប្រឡង​ថ្ងៃទី​៣០ ខែវិច្ឆិកា រីឯ​បាក់​ឌុប​នៅ​ថ្ងៃទី​២១ ខែធ្នូ
28, Aug 2020 , 7:59 am        
រូបភាព
សិស្សកំពុងតែអង្គុយរង់ចាំ​វិញ្ញាសាប្រឡងបាក់ឌុប នា​សម័យ​ប្រឡង​បាក់ឌុបឆ្នាំ​២០១៩
សិស្សកំពុងតែអង្គុយរង់ចាំ​វិញ្ញាសាប្រឡងបាក់ឌុប នា​សម័យ​ប្រឡង​បាក់ឌុបឆ្នាំ​២០១៩
ដោយ:
​ភ្នំពេញ​៖ សិស្ស​ថា្នក់​ទី​៩ នឹងត្រូវ​ប្រឡង​ឌី​ប្លូ​ម​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ចំណែក​សិស្ស​ថ្នាក់​ទី​១២ នឹងត្រូវ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​២១ ខែធ្នូ​។ នេះ​បើតាម លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​។

 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ នឹង​ត្រឡប់​ទៅ​សិក្សា​នៅតាម​គ្រឹះស្ថាន​របស់ខ្លួន​វិញ​ចាប់ពី​ថ្ងៃទី​៧ ខែកញ្ញា រហូតដល់​ខែ​ចុងខែ​វិច្ឆិកា​។ 
 
​លោក រស់ សុ​វាចា បាន​បញ្ជាក់ថា ការប្រឡង​ឌី​ប្លូ​ម និង​ប្រឡង​បាក់​ឌុប​នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​ដូចគ្នា​។ សម្រាប់​កាលវិភាគ​ប្រឡង​ក្រសួង​នឹង​ប្រកាស​នៅពេល​ក្រោយ​។ បើតាម​លោក​សុ​វាចា ដំណើរការ​ប្រឡង​នឹង​ប្រព្រឹត្តទៅ​ដូចនឹង​ឆ្នាំ​២០១៩​ដែរ​។ 
 
​បើតាម​លោក រស់ សុ​វាចា ជា​ជំហាន​ដំបូង​ក្រសួង​អនុញ្ញាត​ឲ្យ​គ្រប់​កម្រិត​គ្រឹះស្ថានសិក្សា​នៅ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ឲ្យ​បើក​ដំណើរការ​វិញ ក្រោយពី​ក្រសួង​បាន​ចុះទៅ​ត្រួតពិនិត្យ និង​វាយតម្លៃ​ផ្ទាល់​ថា​មាន​កម្រិត​ហានិភ័យ​ទាប​។  
 
​ក្រសួង​នឹង​បន្ត​ត្រួតពិនិត្យ​លើ​គ្រឹះស្ថាន​ដែល​ស្ថិតនៅក្នុង​ខេត្ត​ដទៃទៀត​ផងដែរ មុននឹង​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​។ ប៉ុន្តែ​មុននឹង​បើក​ឲ្យ​ដំណើរការ​វិញ គ្រឹះស្ថានសិក្សា​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រសួង​ជាមុនសិន​។ 
 
​ចំណែក​គ្រឹះស្ថានសិក្សា​ដែល​មិនអាច​បើក​ដំណើរការ​ឡើងវិញ ក្រសួង​ស្នើ​ឲ្យ​បន្ត​បង្រៀន​សិស្ស​តាម​អន​ឡាញ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​។ 
 
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អះអាងថា ការសម្រេច​ឲ្យ​បើក​សាលារៀន​មួយចំនួន​នោះ​ឡើងវិញ​នោះ មិនមែន​បើក​ទាំង​ប្រថុយប្រថាន​ឡើយ គឺ អនុវត្តតាម​ស្តង់ដា​សុវត្ថិភាព (SOP) តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ 
 
​រដ្ឋមន្ត្រី​អប់រំ​បាន​សង្កត់ធ្ងន់ថា សាលារៀន​ត្រូវ​ធានាបាន​នូវ​សុវត្ថិភាព អនាម័យ រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេស​ធានា​នូវ​គម្លាត​សុវត្ថិភាព ជៀស​វាស​កុំឱ្យ​សិស្ស​ជួបជុំគ្នា ដោយមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕ 
 
 

Tag:
 ប្រឡង​
 ​ឌី​ប្លូ​ម​
 ​បាក់​ឌុប​
 ​សិស្ស​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com