ជាតិ
នយោបាយជាតិ
មហាផ្ទៃ នឹងបញ្ជូនសំណើមន្ត្រីជាន់ខ្ពស់អតីតCNRP ដែលសុំសិទ្ធិធ្វើនយោបាយវិញ ទៅសម្ដេច ហ៊ុន សែន
× ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀត គឺលោក សុន ឆ័យ បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយជាប់បម្រាមផ្អាកសកម្មភាពរយៈពេល៥ឆ្នាំ។ លិខិតលោក សុន ឆ័យ បានផ្ញើទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ សីហា ហើយទើបតែត្រូវបានផ្សព្វផ្សាយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ថា ក្រសួងបានទទួលលិខិតស្នើសុំលើកបម្រាមនយោបាយ ដើម្បីផ្ដល់នីតិសម្បទារឡើងវិញ របស់លោក សុន ឆ័យ ហើយ។ ក្រោយសម្ដេច ស ខេង ពិនិត្យហើយ ក្រសួងមហាផ្ទៃ នឹងបញ្ចូនលិខិតនេះ ទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចចិត្ត មុននឹងបន្តស្នើសុំព្រះមហាក្សត្រ ព្រះរាជទាននីតិសម្បទារឡើងវិញ ដល់លោក សុន ឆ័យ។
តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ ។ ចំណែកថ្នាក់ដឹកនាំនយោបាយរបស់គណបក្សប្រឆាំង ចំនួន១១៨(ក្នុងនោះស្លាប់១នាក់)នាក់ ក៏ត្រូវបានតុលាការ សម្រេចផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ តាមសំណើរបស់ក្រសួងមហាផ្ទៃដែរ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ គឺជាមនុស្សទី១២ហើយ ដែលបានពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ កន្លងមកមន្ត្រីអតីតគណបក្សសង្គ្រោះជាតិសុំសិទ្ធិធ្វើនយោបាយវិញ រួមមាន លោក គង់ គាំ ,លោក គង់ បូរ៉ា ,លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ,លោក រៀល ខេមរិន្ទ្រ ,លោក អ៊ូ ច័ន្ទរ័ត្ន ,លោក កង គឹមហាក់ ,លោក ជីវ កត្តា ,លោក ច័ន្ទ សិលា និងលោកស្រី ទេព សុទ្ធី ជាដើម។ ការសុំសិទ្ធិធ្វើនយោបាយនេះ ត្រូវបានគេមើលឃើញថា ពួកគេបានអនុវត្តផ្ទុយពីការអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង ដែលប្រាប់ឱ្យពួកគេមិនត្រូវសុំសិទ្ធិធ្វើនយោបាយវិញឡើយ។ អ្នកដែលបានស្នើសុំសិទ្ធិធ្វើនយោបាយវិញនេះ ភាគច្រើនទៅបង្កើតគណបក្សខ្លួនឯង និងចូលរួមជាមួយគណបក្សដទៃ។
បច្ចុប្បន្នមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ សល់តែ១០៥នាក់ទៀតប៉ុណ្ណោះ ដែលនៅបន្តជាប់បម្រាមធ្វើសកម្មភាពនយោបាយ ៥ឆ្នាំ។
ជាង២ឆ្នាំមុន ក្រសួងមហាផ្ទៃ បានយកករណីរបស់លោក កឹម សុខា ដែលត្រូវបានសង្ស័យថាប្រព្រឹត្តអំពើក្បត់ជាតិ ទៅផ្សារភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិទាំងមូល ដើម្បីធ្វើជាភស្តុតាងដាក់ទៅតុលាការ។ ក្រសួងមហាផ្ទៃ យល់ថា គណបក្សសង្គ្រោះជាតិ ក៏អាចជាប់ទាក់ទងនឹងអំពើក្បត់ជាតិ ដូចលោក កឹម សុខា ដែរ ទើបបានជាសុំឲ្យតុលាការកំពូលរំលាយចោល ហើយថែមទាំងសុំឲ្យដកសិទ្ធិពីថ្នាក់ដឹកនាំគណបក្សប្រឆាំងដ៏ធំមួយនេះ ក្នុងការធ្វើនយោបាយថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com