ជាតិ
​យុវជន​មួយក្រុម​ស្ម័គ្រ​ដើរ​ជួសជុល​កង់ ដោយ​ឥតគិតថ្លៃ​សម្រាប់​អ្នកស្រុក​បន្ទាយស្រី
28, Aug 2020 , 4:36 pm        
រូបភាព
ដោយ:
​រដ្ឋបាល​ស្រុក​បន្ទាយស្រី សហការ​ជាមួយ​ក្រុមយុវជន​ស្ម័គ្រចិត្ត​មួយក្រុម បង្កើត​«Project B-​គម្រោង​ជួសជុល​កង់​តាម​ភូមិ ជូន​អ្នកស្រុក​បន្ទាយស្រី​»  ក្នុង​គោលដៅ​ជួសជុល​កង់ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ជាពិសេស​ម្រា​ប់​ក្មេងៗ មាន​ជីវភាព​ខ្វះខាត​, ទីទ័ល​ខ្លាំង​, និង​ខ្វះខាត​មធ្យោបាយ​ដំណើរ​ទៅ​សាលារៀន​។ នេះ​បើតាម​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​។

 
​លោក បន្តថា មូលហេតុ​ចម្បង​នៃ​ការបង្កើត​គម្រោង​នេះ​ឡើង ដោយសារតែ​រដ្ឋបាល​ស្រុក​មើលឃើញថា  ក្មេងៗ​មួយចំនួន​នៅក្នុង​ភូមិ​-​ឃុំ​នានា​នៃ​ស្រុក​បន្ទាយស្រី ត្រូវ​ចំណាយពេល​១​ទៅ​២​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​ដើរទៅ​-​មក​សាលារៀន​។ កង្វះ​មធ្យោបាយ​ធ្វើដំណើរ ទៅ​សាលារៀន​ដែល​នៅ​ឆ្ងាយៗ​ពី​ផ្ទះ បានធ្វើ​ឲ្យ​សិស្ស​មួយចំនួន​តូច បោះបង់​ការសិក្សា​។​


 
​តាម​លោក ហ្វី​ណង់ គម្រោង​នេះ នឹងត្រូវ​ជួសជុល​កង់​ចាស់ៗ របស់​អ្នកភូមិ ដែល​ពួកគាត់​ទុកចោល ខូច និង​គ្មាន​លទ្ធភាព​ជួសជុល​ដោយ​ខ្លួនឯង​។ លោក ឃឹម ហ្វី​ណង់ បន្ថែមថា​៖« យើង​គ្រោង​ប្រើពេល​៦​ខែ ដើម្បី​ជួសជុល​កង់​ជូន​ប្រជាពលរដ្ឋ ទាំង​៦​ឃុំ នៅក្នុង​ស្រុក​បន្ទាយស្រី   ហើយ​បើ​គិត​មកដល់ពេលនេះ យើង​បានបញ្ចប់​ការជួសជុល​កង់ នៅក្នុង​ឃុំ​ចំនួន​២​រួចហើយ​»​។​
 
​អភិបាលស្រុក​រូបនេះ​បញ្ជាក់ថា ProjectB ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ និង​អ្នកបច្ចេកទេស ពី អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​។ កន្លងមក​អង្គការ​នេះ ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​នៅក្នុង​ស្រុក​បន្ទាយស្រី តាមរយៈ​ការចែក​កង់​ដោយ​ឥតគិតថ្លៃ ដល់​សិស្ស​ក្រីក្រ ប៉ុន្តែ​ដោយសារតែ​បញ្ហា​កូ​វីដ​-១៩ និង​ការបិទ​សាលា​ទើប​បង្វែរ​គោលដៅ​ពី​ការចែក​កង់ មកជា​ការជួយ​ជុល​ជុល​កង់​នៅតាម​ភូមិ​វិញ​៕

Tag:
 បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com