ស្មើ២ប្រកួត និងឈ្នះដ៏ប្រផិតប្រផើយ២ប្រកួតទៀត នាជំនួបវគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២០។ កាលពីថ្ងៃអាទិត្យ ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ សម្រេចបានមួយគ្រាប់ ដើម្បីជួយម្ចាស់ផ្ទះបឹងកេតវាយបកតាមស្មើវិសាខា ១-១ រីឯភ្នំពេញក្រោន វាយបកយកឈ្នះគិរីវង់សុខសែនជ័យ ២-១។ នៅថ្ងៃសៅរ៍ ណាហ្គាវើលដ៍បានបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយព្រះខ័នរាជស្វាយរៀង ខណៈកងយោធពលខេមរភូមិន្ទស៊ីព្រៃវែង ម្ចាស់ជើងឯកថ្នាក់ខេត្តក្នុងលទ្ធផលដ៏តានតឹង ១-០។
ការប្រកួតជើងទី១ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិរវាងក្រុមបឹងកេតជាមួយវិសាខានៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ បានចាប់ផ្តើមនៅម៉ោង៣:៣០នាទីរសៀល។ យើងសង្កេតឃើញកីឡាករក្រុមទាំងពីរបានបង្កើតឱកាសរៀងៗខ្លួន តែធ្វើមិនបានសម្រេច នាំឲ្យក្រុមទាំងពីរបានបញ្ចប់ការប្រកួតតង់ទី១ដោយគ្មានការស៊ុតបញ្ចូលទីគ្នា។
ប៉ុន្តែនៅក្នុងតង់ទី១នេះ វិសាខាហាក់មានឱកាសរកគ្រាប់បាល់ច្រើនជាងក្រុមម្ចាស់ផ្ទះបឹងកេត។ ជាក់ស្តែងខ្សែប្រយុទ្ធ កែវ សុខផេង មានឱកាសស៊ុតសំដៅទីបឹងកេតពីរលើកក្នុងចម្លោះពេលពីរនាទី ក្រោយការប្រកួតដំណើរការបានជាង២០នាទី។ ក្រោយមកកីឡាករ ស៊ិន កក្កដា និង អ៊ិន សូដាវីដ ទទួលបានឱកាសរកគ្រាប់បាល់ជាបន្តបន្ទាប់ តែនៅតែមិនទម្លុះសំណាញ់ទីបឹងកេត។
ឈានដល់តង់ទីពីរ ការប្រកួតដំណើរការបាន៩នាទីខ្សែប្រយុទ្ធ កែវ សុខផេង បានសម្រេចគ្រាប់បាល់នាំមុខ ១-០ ឲ្យវិសាខានៅនាទីទី៥៤ ក្រោយប្រជែងដណ្តើមបាល់បានពីខ្សែការពារ សឿត ណាវ៉ា។ គ្រាប់បាល់ទីពីរសម្រាប់ភ្ញៀវវិសាខាស្ទើរតែកើតឡើងនៅនាទីទី៦៣ តែអ្នកចាំទី ហ៊ុល គឺមហ៊ុយ សង្គ្រោះបានសម្រេចពីការទាត់របស់ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង។ ក្រោយមកនៅនាទីទី៧១ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ បានស៊ុតបាល់យ៉ាងល្អសំដៅទីវិសាខា តែត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី កែវ សុខសិលា។
៧នាទីក្រោយខ្សែប្រយុទ្ធ សៀង ចន្ធា បានបញ្ជូនបាល់យ៉ាងល្អឲ្យកីឡាករ ជា វេស្លី ហើយបានបញ្ជូនបន្តទៅឲ្យខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ដើម្បីរកគ្រាប់បាល់តាមស្មើ ១-១ ឲ្យម្ចាស់ផ្ទះបឹងកេត។ ទោះមានការសម្រុកដាក់គ្នាទៅវិញទៅមកក៏ដោយ តែក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។
នេះជាគ្រាប់បាល់ទីបីរបស់ នូរុណ បន្ទាប់ពីរូបគេសម្រេចបានពីរគ្រាប់ក្នុងជំនួបជាមួយខេត្តសៀមរាបនៅវគ្គ១៦ក្រុមចុងក្រោយ។ តាមរយៈលទ្ធផលនេះ អាចធ្វើឲ្យការប្រកួតជើងទីពីរកាន់តែមានភាពតានតឹង ដ្បិតក្រុមទាំងពីរទាមទារជ័យជម្នះរៀងៗខ្លួន ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដោយឡែក ការប្រកួតនៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ ម្ចាស់ផ្ទះភ្នំពេញក្រោនបានយកឈ្នះក្រុមគីរីវង់សុខសែនជ័យក្នុងលទ្ធផល ២-១។ ការប្រកួតនៅកីឡដ្ឋានស្មាត អ អេស អិន ដំណើរការបាន២២នាទី គ្រាប់បាល់នាំមុខ ១-០ សម្រាប់ភ្ញៀវគីរីវង់បានកើតឡើង ក្រោយកីឡាករ ជូ ហាវ ទាត់បាល់ Free Kick បញ្ចូលទីបានសម្រេច ហើយលទ្ធផលនេះបានរក្សារហូតចប់តង់ទី១។
២០នាទីដំបូងនៃតង់ទីពីរក្រុមទាំងពីរពុំមានការស៊ុតបញ្ចូលទីគ្នានោះទេ។ តែពីរនាទីក្រោយកីឡាករ អ៊ន ចាន់ប៉ូលីន បានទាត់បាល់ពិន័យ១១ម៉ែត្របញ្ចូលទីបានសម្រេច ដើម្បីតាមស្មើ ១-១ សម្រាប់ម្ចាស់ផ្ទះភ្នំពេញក្រោន។ បាល់ពិន័យនេះបានកើតឡើងក្រោយខ្សែការពាររបស់ក្រុមគីរីវង់សុខសែនជ័យធ្វើឲ្យកីឡាករ លឹម ពិសុទ្ធ ដួលក្នុងតំបន់គ្រោះថ្នាក់។
គ្រាប់បាល់នាំមុខ ២-១ សម្រាប់ម្ចាស់ផ្ទះបានកើតឡើងនៅ៦នាទីបន្ទាប់ ក្រោយកីឡាករ ម៉ៅ ពិសិដ្ឋ ស៊ុតប្រឡោះជើងអ្នកចាំទី គង់ រ៉ាហ្វាត់ បញ្ចូលទីយ៉ាងល្អ។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះ រហូតចប់តង់ទីពីរ។ លទ្ធផលនេះ ជួយឲ្យភ្នំពេញក្រោនមានប្រៀបនៅជើងទីពីរ ដោយពួកគេទាមទារត្រឹមស្មើប៉ុណ្ណោះ ដើម្បីឈានទៅវគ្គបន្ត។
ចំណែកការប្រកួតនៅកីឡដ្ឋានស្តាតចាស់រវាងក្រុមណាហ្គាវើលដ៍ជាមួយព្រះខ័នរាជស្វាយរៀង ខ្សែប្រយុទ្ធ នុប តុលា បាត់បាល់ពីចម្ងាយបញ្ចូលទីយ៉ាងល្អ ដើម្បីនាំមុខ ១-០ សម្រាប់ភ្ញៀវព្រះខ័នរាជស្វាយរៀងនៅនាទីទី៣៣។ ១០នាទីក្រោយមកប្រធានក្រុម គួច សុគម្ភៈ បានរកគ្រាប់តាមស្មើ ១-១ ឲ្យណាហ្គាវើល ក្រោយការបញ្ជូនរបស់កីឡាករ សារី ម៉ាត់ណូរូទីន។
ក្រោយមកនៅនាទីទី៤៩កីឡាករ គួច ដានី បានបន្ថែមមួយគ្រាប់ទៀត ដើម្បីជួយឲ្យណាហ្គាវើលដ៍នាំមុខ ២-១ លើភ្ញៀវព្រះខ័នរាជស្វាយរៀង។ នៅនាទីទី៨៧ ឱកាសរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមភ្ញៀវបានកើតឡើង ក្រោយអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យពួកគេ។ ប៉ុន្តែឱកាសនេះ ត្រូវបានរំលងក្រោយអ្នកចាំទី ស៊ូ យ៉ាទី អាចជួយសង្គ្រោះបាល់ពីការទាត់របស់កីឡាករ ប្រាក់ មុន្នីឧត្តម បានសម្រេច។
ពីរក្រោយមកកីឡាករ ហួយ ផល្លីន បានរកគ្រាប់បាល់តាមស្មើ ២-២ ឲ្យក្រុមព្រះខ័នរាជស្វាយរៀងក្រោយការលើកចេញពីជ្រុងរបស់កីឡាករ ប្រាក់ មុន្នីឧត្តម។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។
ដោយឡែក ការប្រកួតកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ក្រុមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទបានយកឈ្នះក្រុមព្រៃវែង ដែលជាម្ចាស់ជើងឯកពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ក្នុងលទ្ធផល ១-០។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ សុខ ហៀង ដែលគ្រាប់បាល់នេះបានកើតឡើងតាំងពីនាទីទី១៥ក្នុងតង់ទី១៕