COVID-19
ជាតិ
កញ្ញា សៅ សុខអេង នៃសារព័ត៌មានថ្មីៗ បានលេខមួយក្នុងការប្រកួតប្រជែងអត្ថបទស្តីពីកូវីដ-១៩
07, Sep 2020 , 11:36 am        
រូបភាព
ជ័យលាភីទាំង៥រូបថតរូបអនុស្សាវីយ៍ជាមួយ​រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ជ័យលាភីទាំង៥រូបថតរូបអនុស្សាវីយ៍ជាមួយ​រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ដោយ: ថ្មីៗ
កញ្ញា សៅ សុខអេង នៃសារព័ត៌មានថ្មីៗ បានជាប់លេខមួយក្នុងការប្រកួតប្រជែងអត្ថបទសារព័ត៌មានលើប្រធានបទកូវីដ-១៩ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា។ លទ្ធផលត្រូវបានប្រកាសនាថ្ងៃចន្ទ ទី៧ ខែកញ្ញា នេះ ក្នុងពិធីផ្លូវការមួយនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។



កញ្ញា សៅ សុខអេង ទទួលបានចំណាត់ថ្នាក់លេខ១ តាមរយៈស្នាដៃអត្ថបទដែលមានចំណងជើងថា «ឪពុកម្តាយក្លាយជាសិស្សផង និងជាគ្រូផងសម្រាប់ការសិក្សាអនឡាញរបស់កូនៗនាអំឡុងវិបត្តិកូវីដ-១៩»។ ចំណាត់ថ្នាក់លេខ២ បានទៅលើលោក ម៉ៅ សំណាង អ្នកសារព័ត៌មានទូរទស្សន៍ PNN ដែលរាយការពី «មណ្ឌលសុខភាពជ្រៃបាក់ត្រៀមខ្លួនជាស្រេចទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩» រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើអ្នកស្រី មុំ គន្ធា នៃវិទ្យុផ្កាឈូក តាមរយៈអត្ថបទ «ជំងឺកូវីដ-១៩ បង្រៀនមនុស្សឲ្យចេះគិតពីសុខភាព និងការសន្សំសំចៃ។



អ្នកស្រី ស៊ន សុខឃាង អ្នករាយការណ៍ព័ត៌មាន និងផលិតករបទយកការណ៍សង្គមរបស់ទូរទស្សន៍ CNC បានលេខ៤ តាមរយៈបទយកការណ៍ «ក្នុងចំណោមគ្រួសារក្រីក្រប្រមាណ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលបានការគិតគូរពីរដ្ឋាភិបាលក្នុងការផ្តល់សាច់ប្រាក់ឧបត្ថម្ភកំឡុងពេលស្ថានភាពកូវីដ-១៩» និងលេខ៥ បានទៅលើអត្ថបទ «កុមារីនៅជនបទបោះបង់ចោលការសិក្សាដោយសារខ្វះមធ្យោបាយរៀនសូត្រក្នុងអំឡុងពេលវិបត្តិកូវីដ-១៩» របស់អ្នកស្រី អេង គឹមហុង នៃវិទ្យុបារាំងអន្តរជាតិ (RFI)។

មោទកភាពរបស់សារព័ត៌មាន ThmeyThmey
ជ័យលាភីចំណាត់ថ្នាក់លេខ១ដែលកញ្ញា សៅ សុខអេង ទទួលបានពីការប្រកួតប្រជែងអត្ថបទនាពេលនេះ ជាជោគជ័យមួយបន្ថែមទៀតរបស់អ្នកសារព័ត៌មាន ក៏ដូចជាស្ថាប័នសារព័ត៌មានថ្មីៗផ្ទាល់ក្នុងរួមចំណែកលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ កន្លងមក កញ្ញា អ៊ូ សុខមាន ទទួលបានចំណាត់ថ្នាក់លេខ១  ក្នុងកម្មវិធីប្រកួតសរសេរអត្ថបទស្ដីពីមូលបត្រ ឆ្នាំ២០២០ ដែលសហការរៀបចំដោយ គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងបណ្តាក្រុមហ៊ុនផ្សេងទៀត។

កញ្ញា ខន ចំប៉ា ធ្លាប់ទទួលរង្វាន់ពីការប្រកួតប្រជែង៣ឆ្នាំជាប់គ្នា ដោយកាលពីឆ្នាំ២០១៧ បានលេខ២ក្នុងការប្រកួតតែងនិពន្ធពាក្យស្លោកក្នុងកម្មវិធី «គូររូបតួអង្គនិមិត្តរូប (MASCOT) និង តែងនិពន្ធពាក្យស្លោក (SLOGAN) សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៧» និងលេខ៣ក្នុងការប្រកួតប្រជែងអត្ថបទប្រឆាំងអំពើពុករលួយ ដែលរៀប​ចំដោយអង្កការតម្លាភាពអន្តរជាតិ​ ។ ឆ្នាំ២០១៥ បានលេខ៣លើការប្រកួតប្រជែងអត្ថបទព័ត៌មានស្តីពីអំពើពុករលួយ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ក្រោមកិច្ចសហការជាមួយអង្គភាពតម្លាភាពអន្តរជាតិ​។ ឆ្នាំ២០១៦ បានលេខ២ លើការប្រកួតប្រជែង«អ្នកសារព័ត៌មានឆ្នើម លើការជំរុញការពាក់មួកសុវត្ថិភាព» របស់អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP)។

រីឯលោក សឿន វណ្ណឌេត ធ្លាប់បានចំណាត់ថ្នាក់លេខ៤ក្នុងការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពីគ្រួសារ សុខភាព និងកីឡាឆ្នាំ២០១៧ ក្រោមកិច្ចសហការរៀបចំរវាងក្លិបអ្នកកាសែតកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង Manulife។

កាលពីឆ្នាំ២០១៣ លោក បាន សំអាង និងលោក សៅ ផលនិស្ស័យ ក៏ស្ថិតនៅក្នុងចំណោមជ័យលាភី៥រូបនាកម្មវិធីប្រកួតសរសេររឿងខ្លីស្តីពីការផ្លាស់ប្តូរដ៏សំខាន់នៃសកម្មភាពពុករលួយដែលរៀបចំដោយអង្គការតម្លាភាពកម្ពុជា។ នាពេលនោះ លោក បាន សំអាង ជាអ្នកសារព័ត៌មានសេដ្ឋកិច្ចរបស់ ThmeyThmey ដោយបច្ចុប្បន្នជាមន្ត្រីរាជការមួយរូប  រីឯលោក សៅ ផលនិស្ស័យ ជានិស្សិត មុននឹងចូលរួមជាមួយស្ថាប័នដោយទទួលបន្ទុកព័ត៌មានអន្តរជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com