COVID-19
អន្តរជាតិ
៦​ខែ​ដើមឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​សិង្ហ​បុរី មាន​២​ពាន់​លាន​ដុល្លារ​
08, Sep 2020 , 5:24 pm        
រូបភាព
 លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ម៉ៃឃើល តាន់ អគ្គរដ្ឋទូតសិង្ហបុរីនាពិធីនៅថ្ងៃទី៨ ខែកញ្ញា។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ម៉ៃឃើល តាន់ អគ្គរដ្ឋទូតសិង្ហបុរីនាពិធីនៅថ្ងៃទី៨ ខែកញ្ញា។
​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សិង្ហ​បុរី មាន​ចំនួន​២​ពាន់​លាន​ដុល្លារ​នៅត្រឹម​៦​ខែ​ក្នុង​ឆ្នាំ​២០២០ ។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នៅ​ថ្ងៃទី​៨ ខែកញ្ញា ក្នុង​ពិធី​ប្រគល់​ផ្ទាំងគំនូរ និង​ថវិកា​ដែល​បានមកពី​ការលក់​គំនូរ​ចំនួន​១១​ផ្ទាំង ដល់​អង្គការ​ចំនួន​ពីរ​នៅ​ស្ថានទូត​សិង្ហ​បុរី​។

 
​ទោះជា​ជំងឺ COVID-19 កំពុង​វាយលុក​ក្ដី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស មើលឃើញថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សិង្ហ​បុរី នៅតែ​បន្តដំណើរ​ការ​ដូច​ធម្ម​តា​។ លោក​ថា ខណៈ​ការធ្វើ​ពាណិជ្ជកម្ម​នៅតែមាន គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សិង្ហ​បុរី​មាន​២​ពាន់​លាន​ដុល្លារ​។ 
 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​ផ្ទាំងគំនូរ និង​ថវិកា​ដែល​បានមក​ការលក់​គំនូរ​ចំនួន​១១​ផ្ទាំង ដល់​អង្គការ​ចំនួន​ពីរ​នៅ​ស្ថានទូត​សិង្ហ​បុរី​នៅ​ថ្ងៃទី​៨ ខែកញ្ញា ប្រមុខ​ការទូត​កម្ពុជា បន្តថា ទំនាក់ទំនង​ទ្វេភាគី ត្រូវបាន​ពង្រឹង និង​កាន់តែ​ស៊ីជម្រៅ​។ ទំនាក់ទំនង​ទ្វេភាគី​នេះ ត្រូវបាន​មើលឃើញ​តាមរយៈ​ការផ្លាស់ប្ដូរ​កម្រិត​ខ្ពស់ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​។​
 

 
​ឆ្នាំ​២០២០ ជា​ខួប​ទី​៥៥ នៃ​ការបង្កើត​ចំណង​ការទូត​កម្ពុជា និង​សិង្ហ​បុរី​។ ប្រទេស​ទាំងពីរ ក៏បាន​រៀបចំ​មហោស្រព​សិល្បៈ​តាម​ដង​វិថី​នៅ​ខែកុម្ភៈ ដែល​ក្នុងនោះ​ផ្ទាំងគំនូរ​១១​ខាងលើ ត្រូវបាន​គូរ​ដោយ​វិចិត្រករ​ខ្មែរ​កាត់​កាណាដា Fonki និង​អ្នក​គូររូប​សិង្ហ​បុរី Yip Yew Chong ។ ផ្ទាំងគំនូរ​ទាំងអស់ ត្រូវបាន​ទិញ​ដោយ​សប្បុរសជន​នានា ហើយ​ថវិកា​ចំនួន​៧​ម៉ឺន​ដុល្លារ​ដែល​ទទួលបាន​ពី​ការលក់ និង​កម្មវិធី​មហោស្រព​នេះ ត្រូវបាន​ប្រគល់​ឲ្យ​មូលនិធិ​កុមារ​កម្ពុជា និង​អង្គការ​សិល្បៈ​អមត​កម្ពុជា​។​
 
​អគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា លោក ម៉ៃ​ឃើ​ល តាន់ និយាយថា ទំនាក់ទំនង​ទ្វេភាគី បាន​ឡើងដល់​ចំណុច​ខ្ពស់​នៅ​ឆ្នាំ​២០១៨ និង​២០១៩ ជាមួយនឹង​ការកើនឡើង​ទំហំ​ពាណិជ្ជកម្ម ការវិនិយោគ​ដោយផ្ទាល់ វិស័យ​ទេសចរណ៍ និង​ការបណ្ដុះបណ្ដាល​។ លោក​បន្តថា នៅ​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សិង្ហ​បុរី​មាន​ដល់​៤,២​ពាន់​លាន​ដុល្លារ​ឯណោះ ដោយ​ឈរ​នៅ​លេខ​៩​។​
 

 
«​សិង្ហ​បុរី ឈរ​លំដាប់​ទី​បួន​ជា​ប្រទេស​វិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា​។​» លោក តាន់ បញ្ជាក់​បែបនេះ ហើយ​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នឹង​កាន់តែ​ល្អប្រសើរ​។ បើតាម​ទិន្នន័យ​ដែល​ផ្ដល់​ដោយ​ស្ថានទូត​សិង្ហ​បុរី គិត​តាំងពី​ឆ្នាំ​១៩៩៤ ការវិនិយោគ​របស់​សិ​ង្ហ​បុរី​នៅ​កម្ពុ​ជាមាន​២,០៣​ពាន់​លាន​ដុល្លារ​។ នៅ​ឆ្នាំ​២០១៩ សិង្ហ​បុរី ក៏​ជួយ​ដល់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ចំនួន​៩៩០០​នាក់​ផងដែរ​៕
 


Tag:
 កម្ពុជា​
  សិង្ហ​បុរី​
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com