សង្គមជាតិ
អន្តរជាតិ
ចិន និង​អាមេរិក យក​វេទិកា​អាស៊ាន​សាចទឹក​ដាក់គ្នា​រឿង​សមុទ្រ​ចិន​ខាងត្បូង និង​ហុងកុង​
10, Sep 2020 , 9:29 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកដែលធ្វើតាមប្រព័ន្ធវីដេអូ។ រូបភាព Twitter ASEAN2020
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកដែលធ្វើតាមប្រព័ន្ធវីដេអូ។ រូបភាព Twitter ASEAN2020
ដោយ:
​នៅ​ថ្ងៃ​ទីមួយ​នៃ​ជំនួប​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ប្រចាំឆ្នាំ សហរដ្ឋអាមេរិក បាន​វាយប្រហារ​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​ចិន​ពាក់ព័ន្ធ​នឹង​ការទាមទារ​ដែន​អធិបតេយ្យ​ស្ទើរ​ទាំងស្រុង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ចិន​ចោទ​អាមេរិក​ដោយផ្ទាល់​ថា​បាន​លូកដៃ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​វ៉ាស៊ីនតោន​ក៏​លើក​កង្វល់​ករណី​បញ្ហា​នៅ​ហុងកុង​ផងដែរ តែ​ចិន​បន្ត​ថ្លែង​ការពារ​គោលនយោបាយ​ស​ន្តិ​សុខ​ជាតិ​ខ្លួន​ដែល​ដាក់​លើ​ទីក្រុង​នេះ ហើយ​ចាត់ទុក​បញ្ហា​ហុងកុង​ជា​កិច្ចការ​ផ្ទៃក្នុង​។​

 
 
​ដូច​ការ​ស្មាន​ទុក​មែន កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​៥៣ និង​កិច្ចប្រជុំ​អាស៊ាន​ពាក់ព័ន្ធ រៀបចំឡើង​ក្នុង​បរិបទ​តានតឹង​ខ្លាំង​រវាង​មហាអំណាច ចិន និង​អាមេរិក​។ អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១០ ដែល​បាន​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី ៩ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​អះអាងថា សហរដ្ឋអាមេរិក​ចាត់​ទុក​ការទាមទារ​របស់​រដ្ឋា​ភិ​បាល​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​គឺជា​រឿង​ខុសច្បាប់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អាមេរិក ។​
 
​យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី ក៏បាន​រិះគន់​ចំៗ​លើ​សហរដ្ឋអាមេរិក​ថា​បាន​លូកលាន់​ក្នុង​ជម្លោះ​សមុទ្រ​នេះ ដែល​ទាមទារ​ដោយ​ប្រទេស​អាស៊ាន​ចំនួន​៤​រួមមាន វៀតណាម ព្រុយ​ណេ ម៉ាឡេស៊ី និង​ហ្វីលីពីន​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ប្រមុខ​ការទូត​ចិន​រូបនេះ បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក កំពុង​ក្លាយជា​មេ​បង្ក​ធំ​បំផុត​ក្នុងការ​ធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន លោក វ៉ាង បញ្ជាក់ទៀតថា សហរដ្ឋអាមេរិក កំពុង​បង្ក​ភាព​ប្រទាញប្រទង់​រវាង​ប្រទេស​ក្នុង​តំបន់ បើទោះបីជា​ក្រុង​ប៉េកាំង​និង​សមាជិក​អាស៊ាន កំពុង​ស្វះ​ស្វែងរក​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​តាមរយៈ​ការចរចា​ក៏ដោយ​ក្តី​។ 
 
​និយាយ​ដល់​ករណី​ហុងកុង​វិញ លោក ប៉ុ​ម​ប៉េ​អូ បានបង្ហាញ​ក្តីកង្វល់​ជុំវិញ​ការដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិន​លើ​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​នេះ ក៏ដូចជា ករណី​ចាប់ខ្លួន​និស្សិត​ទាមទារ​ប្រជាធិបតេយ្យ ជាដើម​។ នេះ​បើតាម​ក្រសួងការបរទេស​អាមេរិក​។ 
 
​ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ក៏បាន​លើកឡើង​ពី​កង្វល់​ធ្ងន់ធ្ងរ​អំពី​ស្ថានការណ៍​ក្នុង​ទីក្រុង​ហុងកុង​ពាក់ព័ន្ធ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​ជប៉ុន លោក Toshimitsu Motegi បាន​ទទូច​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​និង​សេរីភាព​របស់​ប្រជាជន​ហុងកុង ក្រោម​គោលនយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ 
 
​ក្រោម​គោលនយោបាយ​ដែល​បន្សល់ទុក​ដោយ​អតីត​ម្ចាស់​អាណានិគម​ហុងកុង ទីក្រុង​នេះ ត្រូវ​ធានាថា​នឹង​ទទួលបាន​សិទ្ធិ​និង​សេរីភាព​គ្រប់គ្រាន់​ជាមួយ​ស្វយ័ត​កម្រិត​ខ្ពស់​។ ប៉ុន្តែ ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ចុងខែ​មិថុនា បាន​បើកដៃ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​សមត្ថកិច្ច​បង្ក្រាប​លើ​បុគ្គល ឬ​ក្រុម​ដែល​ខ្លួន​យល់ឃើញថា បានធ្វើ​សកម្មភាព​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្នុង​ដែនដី​នេះ ដោយ​ការដាក់ទោស​ធ្ងន់ធ្ងរ​លើ​សកម្មភាព​ដែល​ជាប់ទាក់ទង​នឹង​ការផ្ដាច់​ខ្លួន វិទ្ធង្សនា ភេរវកម្ម និង​គប់គិត​ជាមួយ​បរទេស ។ 
 
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក វ៉ាង បានបញ្ជាក់​ជំហរ​ឥត​ងាករេ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​បូព៌ា ពុំមែន​ជា​វេទិកា​សម្រាប់​វាយប្រហារ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​ដទៃ​ឡើយ ហើយ​ទីក្រុង​ប៉េកាំង​បន្ត​ចាត់ទុក​បញ្ហា​ហុងកុង​ជា​កិច្ចផ្ទៃក្នុង​របស់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ដែល​ដកស្រង់​ចេញពី​ក្រសួងការបរទេស​ចិន​។​
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​អាស៊ី​-​បូព៌ា មាន​សមាជិក​សរុប​ចំនួន ១៨​ប្រទេស ក្នុងនោះ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ហើយ​បូក​បញ្ចូល អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូ​វែ​ល​សេ​ឡង់ រុស្ស៊ី កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​៥៣ និង​កិច្ចប្រជុំ​អាស៊ាន​ពាក់ព័ន្ធ ដែលមាន​រយៈពេល​៤​ដ្ងៃ បានចាប់ផ្ដើម​នៅ​ថ្ងៃទី ៩ ខែកញ្ញា ហើយ​រៀបចំ​ធ្វើ​រហូតដល់​ថ្ងៃទី ១២ ខែកញ្ញា​៕ 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com