អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ូហ្កា ជាប់ឆ្នោតជាប្រធានបក្ស LDP ជប៉ុនជំនួសលោក អាបេ
14, Sep 2020 , 1:22 pm        
រូបភាព
ដោយ:
ដូចការគិតទុកមែន លោក យូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) បច្ចុប្បន្នកាន់តំណែងប្រធានលេខាធិការគណៈរដ្ឋមន្ត្រី បានជាប់ឆ្នោតក្លាយជាប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាច និងឈានទៅកាន់តំណែងនាយករដ្ឋមន្ត្រីបន្តពីលោក ស៊ិនហ្សូ អាបេ ។



អត្ថបទទាក់ទង


ជាមនុស្សជំនិតរបស់លោកអាបេ លោក យូស៊ីហ៊ីដេ ស៊ូហ្កា នៅថ្ងៃទី ១៤ ខែកញ្ញា ទទួលបានសំឡេងបោះឆ្នោតគាំទ្រច្រើនលើសលប់ក្នុងការបោះឆ្នោតបក្សកាន់អំណាច ដោយឈ្នះលើគូប្រជែង២នាក់ រួមមាន អតីតរដ្ឋមន្ត្រីការពារជាតិ ស៊ីហ្កេរូ អ៊ីស៊ីបា និងអតីតរដ្ឋមន្ត្រីការបរទេស ហ្វូមីអ៊ូ គីស៊ីដា ។  

យោងតាមទូរទស្សន៍ជប៉ុន NHK លោក ស៊ូហ្កា ទទួលបានសំឡេងបោះឆ្នោតគាំទ្រសរុប ៣៧៧ សំឡេង ពីតំណាងរាស្រ្តបក្សកាន់អំណាច និងតំណាងបក្សមកពីបណ្ដាខេត្តនៃប្រទេសជប៉ុន។ ចំណែក លោក អ៊ីស៊ីបា ទទួលសំឡេងគាំទ្រ ៦៨ សំឡេង ខណៈលោក គីស៊ីដា ទទួលសំឡេងគំាទ្រ ៨៩ សំឡេង។

ជាមួយនឹងជោគជ័យក្នុងការប្រកួតប្រជែងផ្ទៃក្នុងបក្សកាន់អំណាចនេះ លោក ស៊ូហ្កា នឹងក្លាយជានាយករដ្ឋមន្រ្តីជំនួសលោក ស៊ិនហ្សូ អាបេ ផងដែរក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីការបោះឆ្នោតសភា នាថ្ងៃទី ១៦ ខែកញ្ញា ព្រោះបក្ស LDP មានសំឡេងគ្រប់គ្រាន់ស្រាប់ក្នុងសភាជាន់ទាបរបស់ជប៉ុន។

បើជាប់ដូចការគ្រោងទុក លោក ស៊ូហ្កា នឹងបន្តដឹកនាំរហូតដល់ខែកញ្ញា ឆ្នាំ២០២១ ។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់ជប៉ុន បានបញ្ជាក់កាលពីខែមុនថា លោកនឹងចុះចេញពីតំណែងដោយលើកមូលហេតុសុខភាព។

លោក ស៊ូហ្កា ធ្លាប់បានអះអាងថា លោកនឹងបន្តដឹកនាំយុទ្ធសាស្រ្តសេដ្ឋកិច្ច «Abenomics» របស់លោកនាយករដ្ឋមន្ត្រី អាបេ និងគោលនយោបាយសំខាន់ៗរបស់រដ្ឋបាលលោកផងដែរ។ ទន្ទឹមនេះ លោកក៏បានប្តេជ្ញាទប់ទល់បញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 ដោះស្រាយវិបត្តិសេដ្ឋកិច្ចជប៉ុន ព្រមទាំងបញ្ហាយូរឆ្នាំរបស់ប្រទេសនេះ ដូចជា វិបត្តិចាស់ជរា និងអត្រាកំណើតទាប ជាដើម។

មានបទពិសោធតិចតួចខាងផ្នែកការទូត លោក ស៊ូហ្កា នឹងប្រឈមនឹងបញ្ហាភូមិសាស្រ្តនយោបាយ ដូចជា ការកសាងចំណងទាក់ទងជាមួយអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី ៣ ខែវិច្ឆិកា និងបញ្ហាសន្តិសុខលំហសមុទ្រដែលបង្កឡើងដោយចិនជាដើម។

សូមបញ្ជាក់ថា លោក ស៊ូហ្កា កើតក្នុងត្រកូលកសិករដាំផ្លែឈើមួយក្នុងភាគខាងជើងនៃប្រទេសជប៉ុន ។ លោកបានចាប់ផ្ដើមប្រលូកក្នុងជីវិតនយោបាយជាតំណាងរាស្រ្ត ។ ចាប់តាំងពីឆ្នាំ២០១២ លោក ស៊ូហ្កា ទទួលទំនុកចិត្តពីលោកអាបេ ហើយតែងតាំងឲ្យកាន់តំណែងជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាល៕








Tag:
 ជប៉ុន
  Yoshihide Suga
  LDP
  ស៊ីនហ្សូ អាបេ
© រក្សាសិទ្ធិដោយ thmeythmey.com