អន្តរជាតិ
ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ជំរុញ​ឲ្យ​រដ្ឋាភិបាល​នានា​គាំទ្រ​ការការពារ​ធនធានធម្មជាតិ
22, Sep 2020 , 9:28 am        
រូបភាព
ការទន្ទ្រានយកដីព្រៃ។ រូបភាព៖ AFP
ការទន្ទ្រានយកដីព្រៃ។ រូបភាព៖ AFP
ដោយ:
​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​នៅ​ជុំវិញ​ពិភពលោក នៅ​ថ្ងៃទី​២០ ខែកញ្ញា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ថែមទៀត​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​បាត់បង់ ក៏ដូចជា​ការគាំទ្រ​ការប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​។​

 
​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​៥៦០ ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​មានតម្លៃ​ប្រមាណ​៤​ពាន់​ពាន់​លាន​ដុល្លារ ដែល​ក្នុងនោះ​មាន Walmart Citigroup និង Microsoft ផង បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយបាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើន​សកម្ម​ភាព ជុំវិញ​ការដោះស្រាយ​បញ្ហា​បរិស្ថាន​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំទៅ​ខាងមុខ​ទៀត​។​
 
​សេចក្តីថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃទី​២០ ខែកញ្ញា ធ្វើឡើង​ចំ​ពេលដែល​អង្គការសហប្រជាជាតិ​ត្រៀម​រៀបចំ​ជំនួប​ស្តីពី​ជីវៈចម្រុះ​មួយ​នៅក្នុង​ខែកញ្ញា​នេះ​។ ជំនួប​របស់​អង្គការសហប្រជាជាតិ មានបំណង​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​អន្តរជាតិ​ថ្មី​មួយទៀត ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយធម្មជាតិ ដែលមាន​សភាព​ធ្ងន់ធ្ងរ​ទៅ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដូចដែល​កំពុង​កើតមាន​ដូចជា​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា អាមេរិក និង​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅ​ប្រ​ស៊ី​ល​ជាដើម​។​
 
​ខណៈ​វិស័យ​ឯកជន​បាន​បង្កើត​គំនិត​ផ្តួចផ្តើម​ដែល​នឹង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​លើ​បរិស្ថាន​នោះ  គោលនយោបាយ​រដ្ឋាភិបាល ជា​រឿង​ចាំបាច់​មួយទៀត​ដែល​អាច​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយ​ចូលរួម​កាន់តែ​ច្រើនជាង​ពេលបច្ចុប្បន្ន​ក្នុង​ការជួយ​បរិស្ថាន​។ សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុមហ៊ុន​ទាំង​៥៦០ លើកឡើងថា​៖ «​សង្គម​ដែលមាន​សុខភាព​ល្អ សេដ្ឋកិច្ច​មាំមួន និង​ការរីកលូតលាស់​នៃ​អាជីវកម្ម​អាស្រ័យ​ទៅនឹង​ធម្មជាតិ​។ រដ្ឋាភិបាល ត្រូវតែ​អនុម័ត​គោលនយោបាយ​នាពេលនេះ ដើម្បី​ស្តារឡើងវិញ​ការបាត់បង់​ធនធានធម្មជាតិ​ក្នុង​ទសវត្សរ៍​នេះ​»​។​
 
​លោកស្រី Eva Zabey នាយក​ប្រតិបត្តិ​សម្ព័ន្ធ Business for Nature ដែល​សម្របសម្រួល​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​ខាងលើ បាន​បញ្ជាក់ថា ក្រុមហ៊ុន​ជាច្រើន​បាន​តាំងចិត្ត និង​ចេញ​សកម្មភាព​បន្តបន្ទាប់​។ ប៉ុន្តែ​ការចាត់វិធានការ​ឲ្យ​បាន​រហ័ស​ដើម្បី​ធានាថា មនុស្ស​ទាំងអស់គ្នា​អាច​រស់នៅ​ដោយ​សមស្រប​លើ​ផែនដី​ទៅតាម​ធនធាន​ដែលមាន​កំណត់​នោះ ក៏​ជា​រឿង​បន្ទាន់​ដែរ​។​
 
​ប​ម្រែ​ប្រ​មួល​អាកាសធាតុ បាន​ក្លាយជា​ក្ដី​សាកល​មួយ​ដែល​ត្រូវបាន​ដំណោះស្រាយ​បន្ទាន់ និង​រហ័ស ប៉ុន្តែ​គេ​នៅតែ​ឃើញ​ភាពយឺតយ៉ាវ​ក្នុង​ការធ្វើសកម្មភាព​ទៅតាម​កិច្ចព្រមព្រៀង​ប៉ារីស​ឆ្នាំ​២០១៥ ទាំង​នៅ​វិស័យ​ឯកជន ប្រជាជន​ទូទៅ និង​កម្រិត​រដ្ឋាភិបាល​ផងដែរ​។  របាយការណ៍​របស់​មូ​ល​និ​ធិ​សត្វព្រៃ​ពិភពលោក​(WWF) បាន​បង្ហាញថា ថនិកសត្វ សត្វ​ស្លាប ត្រី កង្កែប​ចំនួន​២​ភាគ​៣ បាន​វិនាស​ដាច់​ពូជ​ពី​ភពផែនដី​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​បន្ថែម​ពីនេះ របាយការណ៍​របស់​អង្គការ​មនុស្សធម៌ Oxfam បាន​បង្ហាញថា អ្នកមាន​បំផុត​១​ភាគរយ បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទ្វេដង ធៀប​ទៅនឹង​អ្នកក្រីក្រ​បំផុត​៥០​ភាគរយ​។ ពោលគឺ​អ្នកមាន​បំផុត​៦៣​លាន​នាក់ បំពុលបរិស្ថាន​លើស​អ្នកក្រីក្រ​បំផុត​៣,១​ពាន់​លាន​នាក់​ចំនួន​២​ដងណោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com