អន្តរជាតិ
របាយការណ៍​៖ មនុស្ស​ច្រើនជាង​១​ពាន់​លាន​នាក់​នឹងត្រូវ​បម្លាស់​ទី​នៅ​ឆ្នាំ​២០៥០
17, Sep 2020 , 11:19 am        
រូបភាព
គ្រោះរាំងស្ងួតនៅប្រទេសកេនយ៉ា។_រូបភាព៖_AFP
គ្រោះរាំងស្ងួតនៅប្រទេសកេនយ៉ា។_រូបភាព៖_AFP
ដោយ:
​មនុស្ស​ច្រើនជាង​១​ពាន់​លាន​នាក់​នឹងត្រូវ​បម្លាស់​ទី​នៅ​ឆ្នាំ​២០៥០ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ស្ថាប័ន​ស្រាវជ្រាវ Institute for Economics and Peace (IEP) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៩ ខែកញ្ញា​។ កំណើនប្រជាជន​យ៉ាង​ឆាប់រហ័ស កង្វះខាត​ទឹក​និង​អាហារ និង​ការប្រឈមមុខ​កាន់តែខ្លាំង​ឡើង​ជាមួយនឹង​គ្រោះធម្មជាតិ ជា​កត្តា​សំខាន់​។​

 
​ស្ថាប័ន​ស្រាវជ្រាវ Institute for Economics and Peace ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី បានចេញ​របាយការណ៍​វិភាគ​ដែលមាន​ចំណងជើង​ថា Ecological Threat Register ដែល​បង្ហាញ​ពី​គ្រោះ​ប្រឈម​ចំនួន​៨ ដែល​បណ្តាលមកពី​បរិស្ថាន​។ របាយការណ៍​នេះ ក៏បាន​បង្ហាញ​ប្រទេស នឹង​តំបន់​ដែល​ប្រឈម​ខ្លាំង​ទៅនឹង​គ្រោះមហន្តរាយ​ទាំងនោះ​។​
 
​ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​របាយការណ៍​របស់​អង្គការសហប្រជាជាតិ និង​ទិន្ន័យ​ដទៃ​ផ្សេងទៀត IEP បាន​វិភាគ​ថា នៅ​ឆ្នាំ​២០៥០ ប្រជាជន​លើ​ពិភពលោក​នឹង​កើន​ដល់​១០​ពាន់​លាន​នាក់​។ កំណើនប្រជាជន​នេះ នឹងធ្វើ​ឲ្យ​មាន​ជម្លោះ​សង្គ្រាម និង​ការ​ប្រជែង​ដណ្តើម​ធនធានធម្មជាតិ នឹង​កើនឡើង​កាន់តែខ្លាំង ដែល​បណ្តាល​ឲ្យ​មនុស្ស​១,២​ពាន់​លាន​នាក់​ងាយ​រងគ្រោះ និង​ត្រូវ​បង្ខំចិត្ត​បម្លាស់​ទី​ពី​លំនៅស្ថាន​នៅ​ឆ្នាំ​២០៥០​។​
 
​នៅ​ឆ្នាំ​២០១៩ មាន​មនុស្ស​ចំនួន​៣០​លាន​នាក់​បាន​បម្លាស់​ទី ដោយសារ​ជម្លោះ​សង្គ្រាម និង​កត្តា​ធម្មជាតិ​ផ្សេងៗ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Steve Killelea ស្ថាបនិក​របស់ IEP បាន​និយាយថា​៖« ការ​បម្លាស់​ទីនេះ មិន​ត្រឹមតែ​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​សង្គម និង​នយោបាយ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ផងដែរ​ចំពោះ​ប្រទេស​អភិវឌ្ឍ​ដោយសារតែ​ការ​បម្លាស់​ទី​យ៉ាងច្រើន​របស់​ជនភៀសខ្លួន​»​។​
 
​របាយការណ៍​វិភាគ​ខាងលើ បាន​បែងចែក​ការ​ប្រឈម​បរិស្ថាន​ជា​២​ប្រភេទ​ធំៗ គឺ​អសន្តិសុខ​ស្បៀង កង្វះខាត​ទឹក និង​កំណើនប្រជាជន ហើយ​និង​គ្រោះធម្មជាតិ​ដែលមាន ទឹកជំនន់ គ្រោះរាំងស្ងួត និង​ខ្យល់ព្យុះ​ត្រូ​ពិ​ក និង​ការកើនឡើង​កម្ពស់​ទឹកសមុទ្រ​។ របាយការណ៍​ខាងលើ ក៏​បង្ហាញ​ផងដែរ​នូវ​លទ្ធផល​វិភាគ​លើ​ការ​ប្រឈម​បរិស្ថាន និង​សមត្ថភាព​ក្នុងការ​ទប់ទល់​របស់​ប្រទេស​ចំនួន​១៤៧​។ 
 
​ជាក់ស្តែង ចិន និង​ឥណ្ឌា នឹង​ប្រឈម​កង្វះខាត​ទឹក​នៅពេល​ខាងមុខ​។ ចំណែក​ប្រទេស​ឯទៀត​ដូចជា​ប៉ា​គី​ស្ថាន អ៊ីរ៉ង់ ម៉ូ​សំ​ប៊ិក កេ​ន​យ៉ា និង​ម៉ា​ដា​ហ្កា​ស្កា នឹង​ប្រឈម​ជាមួយ​គ្រោះធម្មជាតិ​ជាច្រើន ក៏ដូចជា​ការ​ថមថយ​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ធម្មជាតិ​ទាំងនោះ​។ លោក Killelea បាន​លើកឡើងថា ទឹកសាប​នៅពេល​បច្ចុប្បន្ននេះ មាន​ចំនួន​៦០​ភាគរយ​តិចជាង​អ្វីដែល​ធ្លាប់មាន​កាលពី​៥០​ឆ្នាំមុន ចំណែកឯ​តម្រូវការ​អាហារ​នឹង​កើនឡើង​៥០​ភាគរយ​នៅ​រយៈពេល​៣០​ឆ្នាំ​ខាងមុខ ហើយ​មួយផ្នែកធំ​បណ្ដាលមកពី​កំណើនប្រជាជន​ជីវភាព​មធ្យម​នៅ​អាស៊ី​។ 
 
​កត្តា​ខាងលើ រួមផ្សំ​ជាមួយនឹង​គ្រោះធម្មជាតិ​ដែល​នឹង​កើត​ឡើងជា​ញឹកញាប់​ដោយសារ​បម្រែបម្រួល​អាកាសធាតុ អាច​បណ្តាល​ឲ្យ​ប្រទេស​ដែលមាន​ស្ថិរភាព ក្លាយជា​ប្រទេស​ងាយ​រងគ្រោះ​ផងដែរ​។ របាយការណ៍​ខាងលើ ក៏​បង្ហាញថា អា​ហ្វ​ហ្កា​នី​ស្ថាន ម៉ូ​សំ​ប៊ិក និង​ណា​មី​ប៊ី ជា​ប្រទេស​ដែល​មានការ​ប្រឈម​បរិស្ថាន​កម្រិត​ខ្ពស់បំផុត ខណៈ​កម្ពុជា​ស្ថិតក្នុង​ចំណោម​មានការ​ប្រឈម​បរិស្ថាន​កម្រិត​ទាប ដែល​ក្នុងនោះ​មាន​គ្រោះទឹកជំនន់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com