ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គ្រោងតម្រូវឱ្យគ្រូស្លៀកសម្លៀកបំពាក់ប្រពៃណីតាមពណ៌ប្រចាំថ្ងៃ ទៅបង្រៀនសិស្ស ដើម្បីបញ្ជ្រាបការយល់ដឹង និងផ្សព្វផ្សាយពីសីលធម៌ អត្តសញ្ញាណជាតិ។
នាយកគ្រប់គ្រងសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ លោក លឹម ឆេង បានបញ្ជាក់ថា គម្រោងឱ្យគ្រូស្លៀកពាក់ប្រពៃណីនេះ នឹងត្រូវអនុវត្តនៅដើមខែតុលា ឆ្នាំ២០២០ទៅ។ បើតាមនាយកសាលារូបនេះ គ្រូបង្រៀននឹងត្រូវស្លៀកឯកសណ្ឋានតាមពណ៌នៃថ្ងៃនីមួយៗ ដូចជា ថ្ងៃច័ន្ទ ស្លៀកពណ៌លឿងទុំ, ថ្ងៃអង្គារ ស្លៀកពណ៌ស្វាយ, ថ្ងៃពុធ ស្លៀកពណ៌ស៊ីលៀប, ថ្ងៃព្រហស្បត្តិ៍ ស្លៀកពណ៌បៃតង, ថ្ងៃសុក្រស្លៀកពណ៌ខៀវ, ថ្ងៃសៅរ៍ ស្លៀកពណ៌ព្រីងទុំ។
លោក លឹម ឆេង បានបញ្ជាក់ថា ការប្ដូរពីឯកសណ្ឋានធម្មតា ទៅជាស្លៀកពាក់ឯកសណ្ឋានតាមពណ៌ប្រចាំថ្ងៃនីមួយៗនេះ ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់សិស្ស ឱ្យបានស្គាល់ និងយល់ពីអត្ថន័យពណ៌សំលៀកបំពាក់ខ្មែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នាយកសាលារូបនេះ បាននិយាយថា៖« ក្មេងៗដែលចូលរៀនថ្នាក់បឋមសិក្សាជាសិស្សថ្មី ដែលលោកគ្រូ អ្នកគ្រូ មានតួនាទីឆ្លាក់ពួកគាត់ឱ្យទៅជាធនធានមនុស្សដែលមានតម្លៃទាំងចំណេះដឹង និងសីលធម៌នៅថ្ងៃអនាគត។ ដូច្នេះរាល់សកម្មភាពគ្រប់យ៉ាងដែលលោកគ្រូ អ្នកគ្រូ ធ្វើនៅក្នុងសាលាទាំងការស្លៀកពាក់ ការបង្ហាត់បង្រៀន ទិដ្ឋភាពទាំងអស់នឹងឌិតជាប់ក្នុងការគិតរបស់សិស្សទាំងអស់»។
បើតាមលោក លឹម ធេង វប្បធម៌នៃការស្លៀកពាក់ ជាផ្នែកមួយដ៏សំខាន់ក្នុងការអប់រំដល់សិស្ស ដែលកំពុងរៀននៅថ្នាក់បឋមសិក្សា ព្រោះពួកគេជាក្មេងដែលងាយទទួលរងឥទ្ធិពលពីសង្គម ដូច្នេះលោកគ្រូ និងអ្នកគ្រូ ត្រូវមានតួនាទី ធ្វើជាគំរូរបស់សិស្ស។ « សិស្សតូចៗប្រៀបដូចជាក្រដាសស បើលោកគ្រូ អ្នកគ្រូយកអ្វីទៅគូសលើក្រដាសនោះនឹងជាប់ដិតរហូត មិនថាជាគំរូល្អ ឬអាក្រក់សិស្សនឹងដក់ជាប់គ្រប់យ៉ាងដែលពួកគេបានឃើញ »។ នេះជាការបញ្ជាក់របស់លោក លឹម ឆេង។
ជាគ្រូគ្រប់គ្រងផ្នែកធនធាន និងរោងជាងក្នុងសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ លោក សេក តាំងរន វ័យ៣២ឆ្នាំ គាំទ្រ និងពេញចិត្ត ចំពោះការស្លៀកពាក់ឯកសណ្ឋានថ្មីប្រចាំសាលានេះ។ លោកគ្រូគ្រប់គ្រងផ្នែកធនធានរូបនេះ បានសង្កត់ធ្ងន់ថា៖ « ខ្ញុំសប្បាយចិត្តណាស់ដែលនាយកសាលាមានគោលការណ៍កាត់សម្លៀកបំពាក់ក្នុងឆ្នាំថ្មី តាមពណ៌នៃថ្ងៃ ដើម្បីទុកជាឯកសណ្ឋានប្រចាំសាលា។ នេះក៏ជាសញ្ញាបង្ហាញពីភាពថ្ងៃថ្នូរនៃការស្លៀកពាក់ក្នុងនាមជាលោកគ្រូ-អ្នកគ្រូនៅក្នុងសាលាបឋមសិក្សាខ្ញុំដែរ»។
មិនខុសពីលោកគ្រូ សេក តាំងរន ឡើយ អ្នកគ្រូ អាំងសុផា វ័យ៤២ឆ្នាំ ក៏មើលឃើញផលវិជ្ជមាននៃការស្លៀកពាក់ឯកសណ្ឋានថ្មីនេះថា វានឹងជួយថែរក្សាការសម្លៀកបំពាក់តាមបែបប្រពៃណីទៅកាន់សិស្សដោយប្រយោល ។ ម្យ៉ាងទៀតអ្នកគ្រូ ក៏អាចស្លៀកពាក់ស្អាតៗមកបង្រៀនសិស្សជារៀងរាល់ថ្ងៃដែរ។ « ខ្ញុំប្រើឯកសណ្ឋានថ្មីនេះរាល់ថ្ងៃ ដូចជួយបង្ហាញវប្បធម៌ដល់សិស្សឱ្យយល់ពីតម្លៃនៃសិល្បៈប្រពៃណីនៃការស្លៀកពាក់តាមថ្ងៃរបស់ខ្មែរបុរាណ។ ហើយម្យ៉ាងវិញទៀតខ្ញុំរំភើប ពេលបានស្លៀកពាក់សមរម្យរាល់ថ្ងៃ ពិសេសពេលមានកូនសិស្សសរសើរថាស្អាត »។ នេះជាសម្តីរបស់អ្នកគ្រូបង្រៀនថ្នាក់ទី៣ នៃបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់។
អ្នកស្រី លំ ភោគី វ័យ៦២ឆ្នាំ ដែលមានចៅ៣នាក់ កំពុងសិក្សានៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់នេះ យល់ថា ការតម្រូវឱ្យគ្រូស្លៀកពាក់ឯកសណ្ឋាននេះ នឹងជួយផ្សព្វផ្សាយវប្បធម៌នៃការស្លៀកពាក់ និងជួយតម្រង់ចិត្តគំនិតសិស្សតូចៗឱ្យយល់ នឹងស្គាល់ការស្លៀកពាក់បានត្រឹមត្រូវតាមរបៀបរបស់ខ្មែរនៅក្នុងសង្គម។« ក្នុងនាមជាអាណាព្យាបាលសិស្ស ពួកខ្ញុំពិតជារីករាយនឹងឯកសណ្ឋានថ្មី ព្រោះ កូន និងចៅៗរបស់ខ្ញុំ ដែលរៀននៅទីនេះនឹងយល់ពីការស្លៀកពាក់តាមបែបប្រពៃណីបានខ្លះ »។ នេះជាការបញ្ជាក់របស់អ្នកស្រី លំ ភោគី។
បច្ចុប្បន្នសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ បានរៀបចំកាត់ឯកសណ្ឋានពណ៌ប្រចាំថ្ងៃសម្រាប់គ្រូបង្រៀននេះ បានត្រឹមពណ៌លឿង, ស្វាយ, ស៊ីលៀបប៉ុណ្ណោះ។ ប៉ុន្តែដំណើរការនៃការកាត់៣ពណ៌ទៀត នឹងត្រូវបញ្ចប់នៅចុងខែកញ្ញា។ ដូច្នេះលោកគ្រូ-អ្នកគ្រូ នឹងអាចស្លៀកពាក់ឯកសណ្ឋានបានគ្រប់ពណ៌តាមថ្ងៃនីមួយៗ នៅដើមខែតុលា តាមការកំណត់។ នេះបើតាមលោក លឹម ធេង នាយកសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់៕