ជាតិ
ក្រសួង ដក​បណ្ណ​សមធម៌​ពី​ពលរដ្ឋ​ជាង​១​ម៉ឺន​គ្រួសារ ដោយសារ​មាន​ជីវភាព​ប្រសើរ​ឡើងវិញ
25, Sep 2020 , 11:29 pm        
រូបភាព
ក្រុមជំនាញចុះជួបពលរដ្ឋនៅខេត្តសៀមរាប កាលពីថ្ងៃទី១០ កញ្ញា ២០២០។ រូបតំណាង ពីក្រសួងសង្គមកិច្ច)
ក្រុមជំនាញចុះជួបពលរដ្ឋនៅខេត្តសៀមរាប កាលពីថ្ងៃទី១០ កញ្ញា ២០២០។ រូបតំណាង ពីក្រសួងសង្គមកិច្ច)
​ភ្នំពេញ​៖ ក្រុមការងារ​ជំនាញ​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ដកហូត​បណ្ណសម​ធម៌​ពី​ពលរដ្ឋ​ជាង​១​ម៉ឺន​គ្រួសារ បន្ទាប់ពី​ពិនិត្យឃើញថា ពួកគេ មាន​ជីវភាព​ប្រសើរ​ឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​។​


​លោក តូច ចាន់នី ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៥​កញ្ញា​នេះ ថា​៖«​ពលរដ្ឋ​ជាង​១​ម៉ឺន គ្រួសារ​មាន​ជីវភាព​ប្រសើរ​ឡើងវិញ គឺ​គាត់​ផុតពី​លក្ខខណ្ឌ​នៃ​ភាពក្រីក្រ ទើប​ក្រុមការងារ​សម្រេច​ដកប​ណ្ណ​សមធម៌​វិញ​»​។ ជាមួយគ្នានេះដែរ លោក​បញ្ជាក់ថា ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ រយៈពេល​៤​ខែ ក្នុង​ជុំ​ទី​១​និង​ជុំ​ទី​២ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ខែកញ្ញា​នេះ ហើយ​ជុំ​បន្ទាប់ គឺ​ស្ថិតក្នុង​ការពិចារណា​។ 
 
​លោក មានប្រសាសន៍ថា​«​ចំពោះ​ការអនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​នៅ​ជុំ​បន្ត ក្រុមការងារ​នឹង​វាយតម្លៃ ដើម្បី​ពិភាក្សា​ថា គួរ​ធ្វើយ៉ាងណា​បន្ត ហើយ​បន្ទាប់ពី​វាយតម្លៃ​ហើយ ទើប​រាយការណ៍​ទៅប្រាប់​ថ្នាក់លើ​ឬ​សម្ដេច ហ៊ុន សែន ជា​អ្នកសម្រេច​»​។ 
 
​បើតាម​អ្នកនាំពាក្យ​ដដែល ពលរដ្ឋ​ជាង​៦២​ម៉ឺន​គ្រួសារ​បានទទួល​ការ​ឧ​ប​ត្ត​ម្ភ​សាច់ប្រាក់​ពី​រដ្ឋាភិបាល​តាមរយៈ​បណ្ណសម​ធម៌​នៅ​ខែសីហា ហើយ​ក្នុងនោះ​គិត​ជា​ទឹកប្រាក់​មាន​ជាង​២៨​លាន​ដុល្លារ​។ អ្នកនាំពាក្យ ប្រាប់ថា គិត​ត្រឹម​ខែកញ្ញា​នេះ ពលរដ្ឋ ដែលមាន​បណ្ណសម​ធម៌ បាន​កើន​ឡើងដល់​ប្រមាណ​៧០​ម៉ឺន​គ្រួសារ​។  
 
​កន្លងមក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាសថា រាជរដ្ឋាភិបាល​ត្រៀម​ថវិកា​រហូតដល់​១២៥​លាន​ដុល្លារ សម្រាប់​រយៈពេល​៥​ខែ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​អំឡុងពេល​រង​វិបត្តិ​កូ​វីដ​-១៩​។ សម្តេច ថែមទាំង​បញ្ជា​ឲ្យ​ម​ន្រី្ត​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​បញ្ហា​របស់​ពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​៕ 

Tag:
 បណ្ណ​សមធម៌
© រក្សាសិទ្ធិដោយ thmeythmey.com