ជាតិ
KOICA នឹងដំណើរការគម្រោង៨.៥លានដុល្លារដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជារយៈពេល៦ឆ្នាំ
27, Sep 2020 , 7:59 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុកផ្លូវការរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA
រូបភាពពី ហ្វេសប៊ុកផ្លូវការរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA នឹងចាប់ផ្ដើមគម្រោងថ្មីមួយ ដែលមានថវិកា៨.៥លានដុល្លារ សម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា រយៈពេល៦ឆ្នាំ។ នេះបើតាម ការប្រកាសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA  កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ។


 
រយៈពេល៣ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៧ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOIKA ក៏បានអនុវត្តគម្រោងនេះឡើង ក្នុងថវិកាចំនួន៣លានដុល្លារផងដែរ តាមរយៈកិច្ចសហការជាមួយយូអេសស៊ីឌីស៊ី-USCDC និងទីភ្នាក់ងារជំនួយអាមេរិក USAID។ តាមរយៈគម្រោងកន្លងមកនេះ បានបង្កើតវគ្គបណ្ដុះបណ្ដាលស្រាវជ្រាវរកជំងឺឆ្លងដល់បុគ្គលិកសុខាភិបាលសាធារណៈចំនួន៦៩នាក់ ដោយសហការជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងអង្គការសុខភាពពិភពលោក។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់ក៏ឲ្យធ្វើអនុវត្ត នៅគ្រប់បណ្ដាខេត្តទូទាំងប្រទេសរហូតមកដល់បច្ចុប្បន្ន។ 
 
សម្រាប់គម្រោងថ្មីនេះ ត្រូវបានព្រមព្រៀង និងចុះហត្ថលេខាដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងលោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំប្រទេសកម្ពុជា។ គម្រោងរយៈពេល៦ឆ្នាំនេះ នឹងបន្តលើការបណ្ដុះបណ្ដាលអ្នកជំនាញផ្នែករោគរាតត្បាត តាមបណ្ដាស្រុកនានា ដើម្បីត្រួតពិនិត្យ និងតាមដានលើការផ្ទុះករណីឆ្លងណាមួយក្នុងតំបន់។ 
 
ក្រៅពីនេះ មន្ទីរពិសោធប្រព័ន្ធគ្រប់គ្រងគុណភាព (LQMS) និងមន្ទីរពិសោធប្រព័ន្ធព័ត៌មាន (LIS) នឹងកសាងក្នុងមន្ទីរពិសោធសាធារណៈ ចំនួន៤៩ ដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូនសំណាកវត្ថុវិភាគ។ នេះបើតាមការប្រកាសដដែលរបស់ KOICA ដោយរំពឹងថា មន្ទីរពិសោធសាធារណៈទាំងអស់នឹងមានបំពាក់ឧបករណ៍សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងអាចទុកចិត្តបាន។
 
បន្ថែមទៀតនោះ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (EOC) ដែលមានតួនាទីសំខាន់ក្នុងវិបត្តិកូវីដ-១៩ ក៏បានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីគម្រោងនេះ ដែលអាចជួយក្នុងដំណើរការពិសោធ និងវាយតម្លៃលើហានិភ័យ រួមទាំងប្រតិបត្តិការសង្គ្រោះបន្ទាន់ផងដែរ៕
 
 

Tag:
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com