ជាតិ
ជាង៨ខែ ឆ្នាំ២០២០នេះ កម្ពុជា នាំចេញកសិផលបានជាង៤.៣លានតោន
27, Sep 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ចាប់ពីដើមខែមករា មកដល់ថ្ងៃទី១១ ខែកញ្ញានេះ កម្ពុជានាំចេញកសិផលទាំងផ្លូវការ និងក្រៅផ្លូវការ ទៅកាន់ទីផ្សារអន្តរជាតិ បានប្រមាណ៤.៣លានតោន។ នេះបើយោងតាមលទ្ធផលនៃការនាំចេញកសិកផលប្រចាំឆ្នាំ២០២០របស់ក្រសួងកសិកម្ម។ កសិផលចម្បងៗដែលត្រូវបាននាំចេញរួមមាន ស្រូវ, អង្គរ,ចំណិតដំឡូងមីក្រៀម ,គ្រាប់ស្វាយចន្ទី,គ្រាប់ពោត,ចេកស្រស់,ផ្លែស្វាយ ម្រេច និងកសិផលមួយចំនួនទៀត។

 
 
កម្ពុជា បាននាំកសិផលទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណ ៤.៣លានតោន នៅក្នុងរយៈពេលជាង៨ខែ ឆ្នាំ២០២០ផ។ យោងតាមលទ្ធផលនៃការនាំចេញកសិកផលប្រចាំឆ្នាំ២០២០ របស់ក្រសួងកសិកម្ម ក្នុងចំណោមកសិផលដែលបាននាំចេញទាំងនោះ មានការនាំចេញផ្លូវការជាង៣លានតោន លើកសិផលចម្បងៗដូចជា អង្គរ,ចំណិតដំឡូងមីក្រៀម ,គ្រាប់ស្វាយចន្ទី,គ្រាប់ពោត,ចេកស្រស់,ផ្លែស្វាយ ម្រេច និងកសិផលមួយចំនួនទៀត។ ចំណែកការនាំចេញស្រូវក្រៅផ្លូវការទៅកាន់ប្រទេសវៀតណាមរបស់ខេត្តជាប់ព្រំដែន ជាង១.៣លានតោន។ 


 
តួលេខនាំចេញកសិផលរបស់ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា ជាង៨ខែឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករជាង ៤៦ម៉ឺនតោន ដែលប្រទេសចិន ជាទីផ្សារធំជាងគេ គឺជាង ១៦ម៉ឺនតោន ស្មើនឹង ៣៥ភាគរយ នៃបរិមាណអង្ករនាំចេញសរុប។ អ៊ឺរ៉ុប ស្ថិតនៅលំដាប់ទី២ ដែលបានទិញអង្ករ ១៥ម៉ឺនតោន ឬជាង៣៣ភាគរយ។ ជាង ៦.១ ម៉ឺនតោនទៀត ឬជាង១៣ភាគរយ ត្រូវបាននាំចេញទៅបណ្តាប្រទេសតំបន់អាស៊ាន និងទៅកាន់ទិសដៅដទៃទៀតក្នុងបរិមាណជាង ៨.៣ម៉ឺនតោន ឬស្មើនឹងជិត១៨ភាគរយ។ 


 
ក្រៅពីនាំចេញអង្ករ ក៏មានចំណិតដំឡូងមីក្រៀម ជាង១.១លានតោន ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ,វៀតណាម,ចិន។ ម្សៅដំឡូងជាង១៩ពាន់តោន ទៅកាន់ប្រទេស ឥណ្ឌា,ចិន, ប៊ែលហ្សិក, អ៊ីតាលី, ហូឡង់ និងប្រទេសមួយចំនួនទៀត។ គ្រាប់ស្វាយចន្ទី ជាង ២០ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម, ជប៉ុន, រុស្ស៊ី, ចិន, ហុងកុង, ថៃ, បារាំងនិងកូរ៉េ។ គ្រាប់ពោត ជាង ១៩ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេស ថៃ, កូរ៉េ និងកោះតៃវ៉ាន់។


 
ក្រៅពីកសិផលទាំងនោះ កម្ពុជាក៏មាននាំចេកស្រស់ជាង ២១ម៉ឺនតោន, ផ្លែស្វាយ ជាង៥១ពាន់តោន ម្រេច ជិត ៤ពាន់តោន និងកសិផលមួយចំនួនទៀតដែរ៕




 

Tag:
 កសិផល
  នាំចេញ
  អាស៊ាន
  អ៊ឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com