ជាតិ
ជំងឺគ្រុនឈីកផ្ទុះឡើងជិត៦០០០ករណី ដោយភាគច្រើននៅសៀមរាប តាកែវ និងព្រះវិហារ
27, Sep 2020 , 9:59 pm        
រូបភាព
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញានេះ អ្នកជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) មានចំនួនជិត ៦ពាន់នាក់ ក្នុងនោះ ស្រ្តីចំនួន ៣២៩៤នាក់។ ជំងឺនេះបានផ្ទុះឡើងនៅខេត្តចំនួន ២១ ហើយខេត្តដែលកើតច្រើនជាងគេ គឺ សៀមរាប តាកែវ និងខេត្តព្រះវិហារ។



ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺជិត៦០០០នាក់នេះ គឺកើតលើមនុស្សពេញវ័យ ចំនួន ៣២៥៤នាក់ កុមារអាយុ៥ឆ្នាំឡើងទៅ ចំនួន១៨៧០នាក់ កុមារអាយុក្រោម៥ឆ្នាំ ចំនួន៨៧៤នាក់។ ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ អ្នកជាសះស្បើយមានចំនួនច្រើន នៅសល់តែ២៤០នាក់ទៀតប៉ុណ្ណោះកំពុងបន្តព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ 
 
រោគសញ្ញានៃជំងឺគ្រុនឈីក គឺកើតឡើងក្នុងរង្វង់២-៣ថ្ងៃ ក្រោយមូសខ្លាញីខាំ ដោយមានអាការៈក្ដៅខ្លួន លើសពី៣៨អង្សារសេ ឈឺក្បាល ឈឺខ្លួនប្រាណ សន្លាក់ដៃ-ជើង និងចេញកន្ទួលក្រហមនៅលើដងខ្លួន ជាពិសេសនៅតាមចំហៀងខ្លួន។
 
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានណែនាំពីវិធានការ៥ចំណុច ដើម្បីទប់ស្កាត់ជំងឺគ្រុនឈីកដែលកំពុងផ្ទុះឡើងខ្លាំង។ 
 
វិធានការទី១៖ មាតាបិតា អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក។ វិធានការទី ២៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ជាពិសេសអំឡុងពេលថ្ងៃ ត្រូវស្លៀកសម្លៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ និងមិនត្រូវអង្គុយលេងនៅទីងងឹតឡើង។
 
 រីឯវិធានការទី៣៖ ករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំង ត្រូវប្រញាប់នាំអ្នកជំងឺជួបគ្រូពេទ្យជំនាញ និងកុំសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាម។ វិធានការទី៤៖ គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវចាត់ចែងសេវា និងកន្លែងសម្រាកព្យាបាលជំងឺគ្រុនឈីកឱ្យបានល្អ និងត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងទៀត ក្នុងករណីមានអ្នកជំងឺច្រើន។ និងវិធានការទី៥៖ គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវសហការជាមួយផ្នែកពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយសារអប់រំសុខភាពទប់ស្កាត់ជំងឺគ្រុនឈីក។
 
 
ជំងឺគ្រុនឈីក បានកើតឡើងដំបូងបំផុតនៅទ្វីបអាហ្វ្រិក ក្នុងឆ្នាំ១៩៥៣។ ដោយឡែក នៅកម្ពុជារកឃើញជំងឺគ្រុនឈីកនេះ នៅក្នុងឆ្នាំ១៩៦១ និងនៅឆ្នាំ២០១១ ក៏មានការបញ្ជាក់ពីករណីនេះ នៅខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ហើយជំងឺឈីកនេះ ធ្លាប់មានអត្រាឆ្លងរោគរហូតដល់៦០-៧០ភាគរយ ក្នុងប្រទេសកម្ពុជា នាទសវត្សរ៍ទី៦០។ 
 
ជំងឺនេះ ធ្លាប់រាតត្បាតខ្លាំងផងដែរ ក្នុងឆ្នាំ២០១១-២០១២ នៅរាជធានីភ្នំពេញ ខេត្តព្រះវិហារ កំពង់ស្ពឺ  កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្តាល និង ខេត្តកំពត៕ 
 
 
 

Tag:
 ជំងឺគ្រុនឈីក
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com