អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការវាយប្រហារ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ សម្លាប់​មនុស្ស​ជាង​២០​នាក់​
29, Sep 2020 , 3:28 pm        
រូបភាព
ការប្រើប្រាស់កាំភ្លើងធំដោយទាហានអាស៊ែបៃហ្សង់។ រូបភាព៖ AFP
ការប្រើប្រាស់កាំភ្លើងធំដោយទាហានអាស៊ែបៃហ្សង់។ រូបភាព៖ AFP
ដោយ:
​ការវាយប្រហារ​គ្នា​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ ជុំវិញ​ទឹកដី​តំបន់​Nagorno-Karabakh អស់​រយៈពេល​២​ថ្ងៃ​មកនេះ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិចណាស់​២១​នាក់​ស្លាប់ និង​រាប់រយ​នាក់​រងរបួស​។ ការប៉ះទង្គិច​អាវុធ​រវាង​ប្រទេស​ទាំងពីរ រួមបញ្ចូល​ការប្រើប្រាស់​យន្តហោះ ម៊ី​ស៊ី​ល កាំភ្លើង​ធំ និង​ដ្រូ​ន​ផងដែរ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

 
​អា​មេ​នី និង​អា​ស៊ៃ​បៃ​ហ្ស​ង់ ដែលជា​អតីត​រដ្ឋ​សហភាពសូវៀត បាន​វាយប្រហារ​តបត​គ្នា​ជាថ្មី​ចាប់តាំងពី​ថ្ងៃទី​២៧ ខែកញ្ញា​មក​។ ការប៉ះទង្គិច​រវាង​ប្រទេស​ទាំងពីរ នាំ​ឲ្យ​មាន​មានការ​បារម្ភ​ពី​ប្រទេស​ជាច្រើន នៅក្នុង​តំបន់​ដូចជា​រុស្ស៊ី តួ​ក​គី សហភាព​អឺរ៉ុប និង​អាមេរិក ក៏ដូចជា​បណ្តាល​ឲ្យ​បានការ​ព្រួយ​បារ​ម្ព​ជុំវិញ​ទីផ្សា​ប្រង និង​ឧស្ម័ន​ផងដែរ ត្បិត​អី​បំពង់​បង្ហូរ​ប្រង​និង​ឧស្ម័ន​ឆ្លងកាត់​តំបន់​ដែល​កំពុងមាន​ជម្លោះ​នេះ​។​
 
​តួ​ក​គី ចេញមុខ​មក​ការពារ​អា​ស៊ែ​បៃ​ហ្ស​ង់​ដែលមាន​ជាតិពន្ធុ ដូចគ្នា ចំណែក​រុស្ស៊ី​ចេញមុខ​ការពារ​អា​មេ​នី ដែលជា​សម្ព័ន្ធមិត្ត​។ ប្រធានាធិបតី តួ​ក​គី លោក Recep Tayyip Erdogan បានទាមទារ​ឲ្យ​អា​មេ​នី​ដកទ័ព​ចេញពី​តំបន់ Nagorno-Karabakh របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​កាន់កាប់​ដោយ​អា​មេ​នី និង​បញ្ចប់​ជម្លោះ​ក្នុង​តំបន់​នោះ​ទាំងស្រុង​។​ចំណែក រដ្ឋសភា​អា​មេ​នី​បាន​ថ្កោលទោស ការប៉ះទង្គិច​នេះ ដោយ​ចាត់ទុកថា​ជា ការវាយប្រហារ​យោធា​ដោយ​អា​ស៊ែ​បៃ​ហ្ស​ង់ ដោយមាន​ជំនួយ​ពី​តួ​ក​គី​។  
 
​ក្រសួងការពារជាតិ​អា​មេ​នី បាន​អះអាងថា​ជនជាតិ​អា​មេ​នី​ចំនួន​២០០ នាក់​រងរបួស​។ រីឯ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​ស៊ែ​បៃ​ហ្ស​ង់​វិញ អះអាងថា ជន​ស៊ីវិល​អា​ស៊ែ​បៃ​ហ្ស​ង់​ចំនួន​៦​នាក់​ស្លាប់ ខណៈ​១៩ នាក់​រងរបួស​។ ចំណែក​តំបន់​Nagorno-Karabakh ដែល​ផ្តាច់ខ្លួន​ពី​អា​ស៊ែ​បៃ​ហ្ស​ង់ អះអាងថា​ទាហាន​ខ្លួន​ចំនួន​១៥ នាក់​ទៀត​ស្លាប់ បន្ថែម​លើ​ចំនួន​១៦​នាក់​ដែល​ស្លាប់​កាលពី​ថ្ងៃទី​២៧ និង​មាន​មនុស្ស​រងរបួស​ច្រើនជាង​១០០​នាក់​។​
 
​ការប៉ះទង្គិច​យោធា​នេះ បណ្តាល​ឲ្យ​មហាអំណាច​ពិភពលោក​ចេញមក​ទាមទារ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​ផងដែរ​។ ជាក់ស្តែង​ចិន បារាំង អ៊ីតាលី និង​សហភាព​អឺរ៉ុប​ទទូច​ឲ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​។ ចំណែក តួ​ក​គី​វិញ ប្តេជ្ញា​គាំទ្រ​អា​ស៊ែ​បៃ​ហ្ស​ង់​។​ខណៈ​សម្តេច​សង្ឃ​ប៉ាប ប្រមុខ​បុរី​វ៉ា​ទី​កង់ បួងសួង​សុំ​សន្តិភាព​។​
 
​បន្ថែម​ពីនេះ អគ្គលេខាធិការ អង្គការសហប្រជាជាតិ អង់​តូ​នី​ញ៉ូ ហ្គូ​តែ​រ៉េ​ស តាមរយៈ​អ្នកនាំពាក្យ បានបង្ហាញ​សេចក្តីសោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​ជន​ស៊ីវិល និង​ថ្កោលទោស​ការប្រើប្រាស់​កម្លាំង​។ លោក​ទាមទារ​ឲ្យ​បញ្ឈប់​ការវាយប្រហារ​ជាបន្ទាន់ និង​ត្រឡប់​ទៅ​ច​ចារ​វិញ​ជាបន្ទាន់​។​
 
​ក្រោយ​ការ​រលំ​ទៅ​នៃ​សហភាពសូវៀត តំបន់​Nagorno-Karabakh ដែល​ស្ថិតក្នុង​ទឹកដី​អា​ស៊ែ​បៃ​ហ្ស​ង់ បានប្រកាស​ផ្តាច់ខ្លួន​ធ្វើសង្គ្រាម​ទល់នឹង​អា​ស៊ែ​បៃ​ហ្ស​ង់ ដោយមាន​ជំនួយ​ពី​អា​មេ​នី​។​នៅ​ឆ្នាំ​១៩៩៤ ភាគី​ទាំងសងខាង​សម្រេចបាន​បទ​ឈប់​បាញ់ ប៉ុន្តែ​ពុំមាន​ដំណោះស្រាយ​សន្តិភាព​អចិន្ត្រៃយ៍​ឡើយ ចាប់តាំងពី​ពេលនោះ​មក ប្រទេស​ទាំងពីរ​ក៏​ប៉ះទង្គិច​គ្នា​ជារឿយៗ​នៅ​ជុំវិញ​តំបន់​នេះ​។​
 
​តំបន់ Nagorno-Karabakh នេះ​គ្រប់គ្រង​កិច្ចការ​ទាំងឡាយ​ដោយ​ខ្លួនឯង​ក្រោយ​ផ្តាច់​ចេញពី​អា​ស៊ែ​បៃ​ហ្ស​ង់ ក្នុង​ឆ្នាំ​១៩៩៤ ដោយមាន​ជំនួយ​ពី​អា​មេ​នី​។ ប្រជាជន​ក្នុង​តំបន់ Nagorno-Karabakh មួយ​ភាគ​ធំ ជា​ជាតិពន្ធុ​អា​មេ​នី និង​មិន​ព្រម​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អា​ស៊ែ​បៃ​ហ្ស​ង់​ឡើយ​៕
 

Tag:
 អា​មេ​នី​
 ​អា​ស៊ែ​បៃ​ហ្ស​ង់
© រក្សាសិទ្ធិដោយ thmeythmey.com