អន្តរជាតិ
ការកើនឡើង​កម្តៅ​ផែនដី ធ្វើ​ឲ្យ​សមុទ្រ​ក្តៅ​ជាង​មុន​និង ស្រូប​ឧស្ម័ន​កាបូ​និក​តិចជាង​មុន​
30, Sep 2020 , 8:29 am        
រូបភាព
រលកសមុទ្រ និងផ្ទាំងទឹកកក។ រូបតំណាង។ រូបភាព៖ Alamy
រលកសមុទ្រ និងផ្ទាំងទឹកកក។ រូបតំណាង។ រូបភាព៖ Alamy
ដោយ:
​ការកើនឡើង​កម្តៅ​ផែនដី ធ្វើ​ឲ្យ​សីតុណ្ហភាព​ផ្ទៃ​ខាងលើ​របស់​សមុទ្រ​កើនឡើង និង​នាំ​ឲ្យ​សមុទ្រ​កាត់បន្ថយ​សមត្ថភាព​ក្នុងការ​ស្រូបយក​ឧស្ម័ន​កាបូ​និក​។ នេះ​យោងតាម​ការស្រាវជ្រាវរ​បស់​អ្នកជំនាញ​បម្រែបម្រួល​អាកាសធាតុ ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា​។ ការស្រាវជ្រាវ​នេះ ក៏​ព្រមាន​ផងដែរ​ថា ការ​កើន​សីតុណ្ហភាព​ក្នុង​សមុទ្រ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ផងដែរ​ដល់​ជីវិត​សត្វ​សមុទ្រ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


​អត្ថបទ​ស្រាវជ្រាវ ដោយ​អ្នកជំនាញ ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Nature Climate Change បាន​បង្ហាញថា​បម្រែបម្រួល​អាកាសធាតុ នាំ​ឲ្យ​កម្តៅ​នៅលើ​ផ្ទៃដី​កើនឡើង ដែល​ធ្វើ​ឲ្យ​បរិ​យ​កាស​អស្ថិរភាព ក៏ដូចជា​បណ្តាល​ឲ្យ​គ្រោះមហន្តរាយ​ដូចជា​ព្យុះ​កាន់​តែមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​មុន​។ ប៉ុន្តែ​សម្រាប់​សមុទ្រ បម្រែបម្រួល​អាកាសធាតុ និង​ការកើនឡើង​កម្តៅ​ពន្យឺតការ​លាយ​បញ្ចូល​គ្នា​រវាង​ទឹក​ក្តៅ និង​ទឹក​ត្រជាក់​ដែល​សម្បូរ​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​នានា​។​
 
​ផលប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ​នេះ ធ្វើ​ឲ្យ​ទឹក​ត្រជាក់​ដែល​ផ្ទុក​អុកស៊ីសែន​ងើប​មក​ផ្ទៃ​ខាងលើ​នៃ​សមុទ្រ​កាន់តែ​តិច​ឡើង ចំណែកឯ​ទឹក​ក្តៅ​នៅ​ផ្ទៃ​ខាងលើ​នៃ​សមុទ្រ​វិញ​ស្រូប​ឧស្ម័ន​កាបូ​និក​កាន់តែ​តិចជាង​មុន និង​ពុំ​សូវ​អាច​កប់​ឧស្ម័ន​កាបូ​និក​ចោល​ក្នុង​បាតសមុទ្រ​ច្រើន​ដូច​មុន​បាន​។​ស្របពេល​ជាមួយគ្នានេះ ទឹកសមុទ្រ​ក៏មាន​ជាតិ​អាស៊ីត​ច្រើនជាង​មុន​ផងដែរ ដែល​ធ្វើ​ឲ្យ​ការ​ស្រូប​ឧស្ម័ន​កាបូ​និក​មានការ​ធ្លាក់ចុះ​។​
 
​លោក Michael Mann សាស្ត្រាចារ្យ​អាកាសធាតុ នៃ​សកល​វិទ្យាល័យ​រដ្ឋ​Pennsylvania ដែលជា​អ្នកស្រាវជ្រាវ​មួយរូប បាន​លើកឡើងថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ បង្ហាញ​ពី​ផលប៉ះពាល់​យ៉ាងច្រើន និង​គួរ​ឲ្យ​បារម្ភ​។ លោក Mann អះអាងថា នៅពេលដែល​ផ្ទៃ​ទឹកសមុទ្រ​ក្តៅ​ជាង​មុន វា​ក៏​នឹង​បណ្តាល​ឲ្យ​ខ្យល់ព្យុះ មាន​សភាព​សាហាវ និង​បំផ្លិចបំផ្លាញ​កាន់តែខ្លាំង​ទៅ​។ បន្ថែម​ពីនេះ សមុទ្រ​ដែល​ក្តៅ​ជាង​មុន​ក៏​បណ្តាល​ឲ្យ​ងាប់​ផ្កាថ្ម និង​ព​ន្លឿ​ន​ការ​រលាយ​ដុំ និង​ផ្ទាំង​ទឹកកក ដែល​ព​ន្លឿ​ន​ការកើនឡើង​កម្ពស់​ទឹកសមុទ្រ​។​
 
​សាស្ត្រាចារ្យ​រូបនេះ បន្ថែមថា ការដែល​សមុទ្រ​ស្រូបយក​ឧស្ម័ន​កាបូ​និក កាន់តែ​តិច មានន័យថា​ឧស្ម័ន​នេះ​ទៅ​ផ្តុំ​កាន់តែ​ច្រើនឡើង​នៅក្នុង​បរិយាកាស​។ លោក Mann ក៏​ព្រមាន​ផងដែរ​ថា​គំរូ​នៃ​ការសិក្សា​ពី​អាកាសធាតុ ពុំ​សូវ​ជា​រាប់បញ្ចូល​កត្តា​សមុទ្រ និង​ផលប៉ះពាល់​របស់​វា​។​ការស្រាវជ្រាវ​ចុះផ្សាយ​កាលពី​ឆ្នាំមុន ដោយ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​អាមេរិក បាន​អះអាងថា​បម្រែបម្រួល​អាកាសធាតុ នឹងធ្វើ​ឲ្យ​ជីវិត​សត្វ​ក្នុង​សមុទ្រ​ចំនួន​២០​ភាគរយ​បាត់បង់ គិត​ត្រឹម​ឆ្នាំ​២១០០​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សមុទ្រ​ដែរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​ឧស្ម័ន និង​សីតុណ្ហភាព​របស់​ភពផែនដី យោងតាម​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (IPCC)​សមុទ្រ​ស្រូបយក​២៥​ភាគរយ នូវ​ឧស្ម័ន​កាបូ​និក ដែល​បញ្ចេញ​ដោយ​មនុស្ស និង​៩០​ភាគរយ​នៃ​កម្តៅ​ដែល​បណ្តាលមកពី​ឧស្ម័ន​ផ្ទះ​កញ្ចក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com