ជាតិ
អ្នកស្រុក​វើ​ន​សៃ រស់នៅ​តាមបែប​អនាម័យ ដោយ​ការប្រើប្រាស់​«​បង្គន់​»​ត្រឹមត្រូវ​
30, Sep 2020 , 3:33 pm        
រូបភាព
​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី បាន​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ តាមបែប​អនាម័យ ក្រោយពី​ទទួលបាន​ការអប់រំ ពី​សំណាក់​អង្គការ​ភ្លែ​ន​។ ពលរដ្ឋ​ដែល​ធ្លាប់តែ​បន្ទោបង់​ពាសវាល​ពាសកាល​នោះ បានចាប់ផ្ដើម​រៀបចំ និង​ប្រើប្រាស់​បង្គន់​អនាម័យ​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​។​

 
​ជា​ពលរដ្ឋ​ជនជាតិដើម​ទំពួន​រស់នៅ​ឃុំ​ក្រ​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី អ្នកស្រី ហួត លី​ហួរ បាន​ប្រើប្រាស់​បង្គន់​អនាម័យ​រយៈពេល​៧​ឆ្នាំ​ហើយ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៣​មក​។ គ្រួសារ​អ្នកស្រី លី​ហួរ ទទួលបាន​សុវត្ថិភាព​ផ្លូវ​អារម្មណ៍ និង​សុខភាព ក្រោយពី​ការប្រើប្រាស់​បង្គន់​អនាម័យ​នេះ​។​
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖
 
​ពលរដ្ឋ​ជនជាតិដើម​ទំពួន​អ្នកស្រី ហួត លី​ហួរ រស់នៅ​ឃុំ​ក្រ​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ៖«​ពេលដែល​យើង​អត់​ទាន់​មាន​បង្គន់ យើង​ពិបាកទៅ​បត់ជើងតូច ជើង​ធំ ព្រោះ​បើ​ខែ​ភ្លៀង​ពិបាក​រឿង​មូស ភក់ ភ្លៀង ។​បើ​ខែប្រាំង មាន​មនុស្ស​ច្រើន​តាម​ព្រៃ យើង​ខ្លាចពស់​ផង និង​មូស​ផង វា​មាន​បញ្ហា​ច្រើន​។ យើង​ប្រើ​បង្គន់​អនាម័យ​មាន​អត្ថប្រយោជន៍​ខ្លាំង ព្រោះ​អី​វា​ងាយស្រួល​ជិត​ផ្ទះ ធានា​សុវត្ថិភាព​យើង​ផង ហើយ​យើង​ប្រើ​បង្គន់​អនាម័យ​ហ្នឹង វា​ជា​ជួយ​សុខភាព​យើងទាំងអស់គ្នា​»​។ 

អ្នកស្រី ហួត លី​ហួរ ពលរដ្ឋ​ជនជាតិដើម​ទំពួន​រស់នៅ​ឃុំ​ក្រ​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី
 
​មិនមែន​តែ​គ្រួសារ​ធូរធារ​ទេ ដែលមាន​បង្គន់​អនាម័យ​ប្រើប្រាស់​នោះ សូម្បី​គ្រួសារ​អ្នកស្រី ស៊ីណាន់ ណែ​ត ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ក៏​ឆ្លៀត​ចំណាយ​ថវិកា​ដែល​បាន​សន្សំទុក យកទៅ​រៀបចំ​បង្គន់​ទំហំ​៩​ម៉ែត្រការ៉េ ដោយមាន​ការជួយ​វិភាគទាន​ខ្លះ​ពី​អង្គការ​ភ្លែ​ន​ផងដែរ​។ 

​អ្នកស្រី ស៊ីណាន់ ណែ​ត ពលរដ្ឋ​ជនជាតិដើម​ទំពួន រស់នៅ​ឃុំ​ក្រ​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី
 
​ពលរដ្ឋ​ជនជាតិដើម​ទំពួន​អ្នកស្រី ស៊ីណាន់ ណែ​ត រស់នៅ​ឃុំ​ក្រ​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ៖ «​ពីមុន​ពិបាក តែ​ឥឡូវ​ឃើញថា​ស្រួល ពេល​មាន​បង្គន់​ហើយ អត់​មាន​បញ្ហា​រាគរូស ក្អួត​។ ពីមុន​វា​(​មាន​ជំងឺ​)​កើត​អ៊ីចឹង​មែន តែ​ឥឡូវ​មាន​បង្គន់​ហើយ អត់​មានអី​ទេ វា​ចៀស​ផុតពី​ជំងឺ​ច្រើន​»​។ 
 
​អង្គការ​ភ្លែ​ន បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ពី​ការប្រើប្រាស់​« ទឹកស្អាត​និង​អនាម័យ​» នៅ​ឃុំ​ចំនួន​៦ ក្នុងស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។ ចាប់តាំងពី​អង្គការ​ភ្លែ​ន​ចុះ​អប់រំ​ពលរដ្ឋ ពី​វិធានការ​អនាម័យ​មក ការរស់នៅ​របស់​ពួកគេ​ចាប់ផ្ដើម​មាន​ភាពប្រសើរ​ឡើង​។ បើតាម​លោក ហេង សាវឿន អភិបាលស្រុក​វើ​ន​សៃ ពលរដ្ឋ​លែង​ជួប​បញ្ហា​រាគរូស និង​ក្អួតចង្អោរ ដោយសារ​បញ្ហា​កង្វះ​អនាម័យ​ទៀតហើយ​។   

លោក ហេង សាវឿន អភិបាលស្រុក​វើ​ន​សៃ «​កន្លង​មកពី ២០១៧ ដល់​២០១៩ យើង​ឃើញថា ជំងឺ​រាគរូស ឬ​អាសន្នរោគ គឺ​មិនមាន​ទៀត​ទេ​។ ហើយ​សំខាន់​ឃុំ​គោលដៅ ដែល​យើង​គិតថា មាន​បង្គន់​ប្រើប្រាស់​១០០​ភាគរយ​ហើយ​នេះ សឹងតែ​មិនមាន​១​ករណី ដែល​កើតឡើង​ដោយសារ​ការ​រាគរូស ឬ​ប៉ះពាល់​ដោយ​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ទេ​។ នេះ​ជា​អ្វីដែល​ខ្ញុំ​មើលឃើញ​»​។ 
 
​លោក ហេង សាវឿន អភិបាលស្រុក​វើ​ន​សៃ ខេត្តរតនគិរី
 
​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ ពលរដ្ឋ​មានការ​យល់ដឹង​ពី​សុខភាព​អនាម័យ និង​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ ប្រមាណ​៧០​ភាគរយ​ហើយ ។ មន្ទីរ​អភិវឌ្ឍន៍ជនបទ ដែល​បាន​សហការ​ជាមួយ​អង្គការ​ភ្លែ​ន គ្រោង​ជំរុញ​ឱ្យ​ពលរដ្ឋ​អនុវត្ត​វិធានការ​អនាម័យ​ឱ្យបាន​៩០​ភាគរយ​នៅ​ឆ្នាំ​២០២២​។ នេះ​បើតាម​លោក ម៉ៅ ដូ​រ៉ា ប្រធានការិយាល័យ​ថែទាំ​សុខភាព​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី​។​

​លោក ម៉ៅ ដូ​រ៉ា ប្រធានការិយាល័យ​ថែទាំ​សុខភាព​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី​
 
«​យើង​ធៀប​ពីមុន មកដល់ពេលនេះ ការយល់ដឹង​របស់​ពួកគាត់​បាន​ច្រើន ប្រហែលជា​៧០​ទៅ​៨០​ភាគរយ​ហើយ រយៈពេល​ប្រហែលជា​៤​ឆ្នាំ ដែល​គាត់​បាន​វិវដ្ដ ពី​ការ​បន្ទោបង់​ក្នុងព្រៃ មកប្រើប្រាស់​ក្នុង​បង្គន់ ហើយ​ប្តូរ​ទម្លាប់​ពី​ការមិន​លាង​សម្អាត​ដៃ​សោះ គាត់​បែរមក​លាង​។ គាត់​មានការ​យល់ដឹង​ច្រើន​។ ខ្ញុំ​ឃើញ​គាត់​ផ្លាស់ប្ដូរ​បទពិសោធន៍​អ៊ីចឹង ខ្ញុំ​សប្បាយចិត្ត​ជំនួស​គាត់​»​។ 
 
​គម្រោង​«​ទឹកស្អាត​និង​អនាម័យ​» របស់​អង្គការ​ភ្លែ​ន ដែលមាន​កិច្ចសហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​អង្គការ Save Vulnerable Cambodians គឺ​តែងតែ​ចុះ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​សកម្មភាព​អនាម័យ​របស់​ពលរដ្ឋ​រៀងរាល់​៣​ខែម្ដង​។ តំណាង​អង្គការ​ភ្លែ​ន​ប្រចាំខេត្ត​រតនគិរី លោក អ៊ឹម ចាន់​សុភាព ក៏​ជំ​រុញឱ្យ​ពលរដ្ឋ​ចូលរួម​អនុវត្ត​វិធានការ​អនាម័យ​ទាំងអស់​។​
 
«​អ្វីដែល​សំខាន់​! ខ្ញុំ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ខាង​ជន​បង្គោល​ភូមិ និង​ឃុំ សហការ​ជាមួយ​អង្គការ​ភ្លែ​ន ឬ​អង្គការ​ដៃគូរ​ផ្សេងៗ ឬក៏​អាជ្ញាធរ​ស្រុក ជួយ​ជំរុញ​និង​ចុះ​តាមដាន ឬក៏​ផ្សព្វផ្សាយ​ពី​ទឹកស្អាត​អនាម័យ នៅក្នុង​ភូមិ ឃុំ​របស់​ពួក​គាត​»​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com