ជាតិ
សង្គមជាតិ
ក្រៅពី​ដកតំណែង​អភិបាលស្រុក​កោះ​ញែក ក៏​នៅមាន​មនុស្ស​ផ្សេងទៀត ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​ដែរ​
30, Sep 2020 , 4:34 pm        
រូបភាព
លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកតំណែង
លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកតំណែង
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​បានសម្រេច​បញ្ចប់​តំណែង​អភិបាលស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក្រោយ​ម​ន្រី្ត​ជំនាញ​រកឃើញថា​ជាប់​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដី​ខុសច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ខៀវ សុភ័គ​។​


​ការបញ្ចប់​មុខតំណែង​នេះ ធ្វើឡើង​តាម​ការស្នើសុំ​របស់​ក្រសួងមហាផ្ទៃ ក្រោយ​ក្រុមការងារ​អន្តរក្រសួង​បាន​ចុះ​ស្រាវជ្រាវ​ពី​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​នៅ​តំបន់ការពារធម្មជាតិ​ខេត្តមណ្ឌលគិរី​។ 
 
​លិខិត​របស់​សម្ដេច ហ៊ុន សែន ដែល​ចុះ​ថ្ងៃទី​១៥​កញ្ញា បានសម្រេច​បញ្ចប់​តំណែង​របស់លោក ស៊ិន វណ្ណ​វុ​ឌ្ឍ អភិបាលស្រុក​កោះ​ញែក ហើយ​ប្ដូរ​ទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​វិញ​។ បើតាម​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ការសម្រេច​របស់​នាយ​ក​រដ្ឋមន្ត្រី​នេះ ធ្វើឡើង​តាម​ការស្នើសុំ​របស់​ក្រសួងមហាផ្ទៃ​។ លោក​បញ្ជាក់ថា មិនមែន​មានតែ​អភិបាលស្រុក​មួយរូប​នេះ​ទេ ដែល​ត្រូវ​បញ្ចប់​មុខតំណែង គឺមាន​ម​ន្រី្ត​ពាក់ព័ន្ធ​ផ្សេងទៀត​។ ប៉ុន្តែ​ត្រូវ​រងចាំ​អនុក្រឹត្យ​សម្រេច​ពី​រដ្ឋាភិបាល​ជា​មុន​សិន ទើប​លោក​អាច​ផ្ដល់ព័ត៌មាន​លម្អិត​បាន​។ 
 
«​ការបញ្ចប់​តំណែង​នេះ គឺ​ដោយសារ​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​កាប់​រាន​ដីព្រៃ​នៅ​ខេត្ត​ហ្នឹង​(​មណ្ឌលគិរី​) ប៉ុន្តែ​មិនមែន​តែ​គាត់​មួយ​នោះទេ ហើយ​សំណុំ​រឿងនេះ​ត្រូវបាន​បិទ​បញ្ចប់​និង​សុំ​គោលការណ៍​ទៅ​រដ្ឋាភិបាល​ហើយ​...»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ខៀវ សុភ័គ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅថ្ងៃនេះ ដោយ​សង្កត់ធ្ងន់ថា ម​ន្រី្ត​ណា​ប្រព្រឹត្ត​ខុស​គឺ​ត្រូវតែ​ចាត់វិធានការ​។ 
 
​លោក ប៉ែន ប៊ុណ្ណា​រ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក យល់ថា ការបញ្ចប់​មុខតំណែង​នេះ គឺជា​វិធានការ​ដំបូង​របស់​រដ្ឋាភិបាល​។  ទន្ទឹមនេះ លោក​សង្កត់​ថា​អ្នកប្រព្រឹត្ត​ខុស​លើ​ការទិញ​លក់​ដីធ្លី​រដ្ឋ ត្រូវតែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​ស្នើ​ភាព​គ្នា​ទាំង​អ្នកមានអំណាច​និង​ប្រជាពលរដ្ឋ​។ 
 
«​កន្លងមក​ករណី​ម​ន្រី្ត​នៅ​រតនគិរី​ពាក់ព័ន្ធ​នឹង​ការទិញ​លក់​ដី​រដ្ឋ​ជាប់ទោស​ប្រមាណ​១៧​ឆ្នាំ ហើយ​ចំពោះ​ករណីនេះ​វិញ​សង្ឃឹមថា នឹងមាន​ការអនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប់​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ប៊ុណ្ណា​រ៍ ដែល​បាន​បញ្ជាក់ថា ករណី​ទន្ទ្រាន​ដី​ឬ​ទិញ​លក់​ដី​រដ្ឋ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​តំបន់​ជុំវិញ​នោះទេ វា​ក៏​ធ្វើឱ្យប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ រួមទាំង​បាត់បង់​ទ្រព្យសម្បត្តិ​រប​ស់​រដ្ឋ​ទៀតផង​។ 
 
​បើតាម​លោក ប៊ុណ្ណា​រ៍ នៅ​ខេត្តមណ្ឌលគិរី​មិនមែន​មានតែ​ស្រុក​កោះ​ញែក​មួយ​ទេ គឺមាន​ស្រុក​ជាច្រើន​ទៀត​ដែល​កំពុងមាន​បញ្ហាដីធ្លី​នេះ​។ ចាប់ពី​ឆ្នាំ​២០១៥​មក លោក​ប៊ុណ្ណា​រ៍ និង​ពលរដ្ឋ​តាម​មូលដ្ឋាន​បានដាក់​បណ្ដឹង​ជាង​២០​បណ្ដឹង​ហើយ ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដី​ខុសច្បាប់ ក្នុងនោះ​ខេត្តមណ្ឌលគិរី មាន​១០​បណ្ដឹង ។ 
 
​កាលពី​ថ្ងៃទី​២២​កក្កដា សម្ដេច ស ខេង បានសម្រេច​ឲ្យ​បង្កើត​ក្រុមការងារ​អន្តរក្រសួង ចុះ​សិក្សា​លើ​ករណី​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ​ខេត្តមណ្ឌលគិរី ដើម្បី​ប្រមូល​ឯកសារ​និង​ភ​ស្ភុ​តាង​ជុំវិញ​បញ្ហា​នេះ​។ កន្លងមក សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង ក្រសួង​ដែនដី ដោះស្រាយ​បញ្ហា​ដី​ដល់​ពលរដ្ឋ​ដែលមាន​ទីតាំង​នៅលើ​ដីព្រៃ​ឬ​តំបន់​ការពារ ហើយ​បើ​ពលរដ្ឋ​ណា​មាន​ទីលំនៅ​រយៈពេល​យូរ​ឆ្នាំ (​អាច​ពេល​១០​ទៅ​២០​ឆ្នាំ​) ត្រូវ​កាត់​ឆ្វៀល​ដី​នោះ​ឲ្យ​ពួកគាត់​។ ប្រមុខ​រដ្ឋាភិបាល ក៏​បញ្ជា​ឲ្យ​ចាត់វិធានការ​លើ​មន្ត្រី​និង​បុគ្គល​ណា ដែល​រំលោភបំពាន​ដី​រដ្ឋ ឬ​ដី​របស់​ពលរដ្ឋ​ដែរ​៕

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com