ជាតិ
៩​ខែ​ឆ្នាំនេះ កម្ពុជា​នាំចេញ​អង្ករ​ជិត​៤៩​ម៉ឺន​តោន​ដោយ​កើន​ជិត​២៣​ភាគរយ​
05, Oct 2020 , 10:59 pm        
រូបភាព
​ដោយ​៖ TTN25
 
​ភ្នំពេញ​៖ កម្ពុជា​នាំចេញ​អង្ករ​បាន​ជិត ៤៩​ម៉ឺន​តោន ក្នុង​រយៈបេល​៩​ខែ​ឆ្នាំ​២០២០ និង​មាន​ចំណូល​ចំនួន ៣២៨​លាន​ដុល្លារ​ពី​ការនាំចេញ​នេះ​។ របាយការណ៍​សង្ខេបនៃ​ការនាំចេញ​អង្ករ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បញ្ជាក់​ដូច្នេះ រួច​បន្ត​បញ្ជាក់ថា ជាង​៧៨​ភាគរយ នៃ​អង្ករ​ដែល​បាន​នាំចេញ ជា​ប្រភេទ​អង្ករ​ក្រអូប និង​នាំ​ចេញទៅ​ប្រទេស​ចិន​ច្រើនជាងគេ បន្ទាប់មក​សហភាព​អឺរ៉ុប អាស៊ាន និង​បណ្តា​ប្រទេស​ផ្សេងទៀត​។​

 
​រយៈពេល​៩​ខែ ឆ្នាំ​២០២០ កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន ៤៨៨,៧៨៥​តោន កើនឡើង​ជិត​២៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ ដែលមាន​ចំនួន​៣៩៨,៥៨៦​តោន​។ កម្ពុជា ទទួលបាន​ចំណូល ៣២៨​លាន​ដុល្លារ ពី​ការនាំចេញ​អង្ករ​នេះ​។ នេះ​បើតាម​របាយការណ៍​សង្ខេប​នៃ​ការនាំចេញ​អង្ករ ដែល​ផ្សាយ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ 
 
​តាម​របាយការណ៍​ដដែល ប្រទេស​ចិន គឺជា​ទីផ្សារ​ធំជាងគេ ដែល​បាន​នាំចូល​អង្ករ​ពី​កម្ពុជា ក្នុង​ចំណែក ៣៥​ភាគរយ​នៃ​បរិមាណ​អង្ករ​សរុប ឬ​ប្រមាណ ១៧១,៨៩៦ តោន​។ ទីផ្សារ​ធំ​ទី​២ គឺ​សហភាព​អឺរ៉ុប ក្នុង​ចំណែក ៣៣​ភាគរយ ក្នុង​បរិមាណ​១៦១,៦១៤​តោន ដែលមាន​បារាំង​ទិញ​ច្រើនជាងគេ ក្នុង​ចំណែក​១៣​ភាគរយ​នៃ​បរិមាណ​អង្ករ​ដែល​នាំទៅ​សហភាព​អឺរ៉ុប​សរុប​។  នេះ​បើតាម​របាយការណ៍​សង្ខេប​ដដែល​។​
 
​ក្រៅពីនេះ គឺ​អង្ករ​កម្ពុជា ត្រូវបាន​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​តំបន់​អាស៊ាន និង​ទីផ្សារ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ចំនួន ១៩​គោលដៅ ក្នុង​បរិមាណ ៨២,៨៣២​តោន​។ នេះ​បើតាម​របាយការណ៍​ដដែល ដោយ​បន្ត​បញ្ជាក់ថា ជាង​៧៨​ភាគរយ​នៃ​អង្ករ​ដែល​បាន​នាំចេញ ជា​ប្រភេទ​អង្ករ​ក្រអូប​។ 
 
​ចំណែកឯ​ការនាំចេញ​អង្ករ​នៅក្នុង​ខែកញ្ញា វិញ សម្រេចបាន​ចំនួន ៤០,៥៧២​តោន ក្នុងនោះ​នាំទៅ​ប្រទេស​ចិន​ច្រើនជាងគេ បន្ទាប់មក​សហភាព​អឺរ៉ុប អាស៊ាន និង​បណ្តា​ប្រទេស​ផ្សេងទៀត​៕ 

Tag:
 អង្ករ​
 ​នាំចេញ​
© រក្សាសិទ្ធិដោយ thmeythmey.com