ជាតិ
ស្ថាប័ន​បោះឆ្នោត​គ​.​ជ​.​ប​.​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​
06, Oct 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​ម្តងទៀត នៅឯ​ការិយាល័យ​បោះឆ្នោត​មួយ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៧​។ (​ហ៊ាន សុជាតា​/VOA)
​រូប​ឯកសារ​៖ ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​ម្តងទៀត នៅឯ​ការិយាល័យ​បោះឆ្នោត​មួយ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៧​។ (​ហ៊ាន សុជាតា​/VOA)
ដោយ: VOA
​ភ្នំពេញ — ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ពលរដ្ឋ​ទូទៅ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​បានចាប់ផ្តើម​តាំងពីដើម​ខែតុលា​។​

 
​ដំណើរការ​នេះ​នឹង​ប្រព្រឹត្តទៅ​រហូតដល់​ថ្ងៃទី ១៩ ខែតុលា ដោយ​មិនមាន​ការឈប់​សម្រាក​ថ្ងៃ​សៅរ៍​និង​អាទិត្យ​នោះទេ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប​.​។​
 
​គ​.​ជ​.​ប​.​បាន​លើកឡើងថា ប្រជាពលរដ្ឋ​អាច​ទៅពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ​ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង​។ ប្រជាពលរដ្ឋ ដែល​ទើប​គ្រប់​អាយុ ១៨ ឆ្នាំ គឺ​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៣ និង​ប្រជាពលរដ្ឋ ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក​អាច​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។​
 
​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២០ នេះ ធ្វើឡើង​នៅតាម​សាលាឃុំ​សង្កាត់​ទាំង ១៦៤៦ នៅ​ទូទាំងប្រទេស​។ ប្រជាពលរដ្ឋ​ដែល​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ​សង្កាត់​ថ្មី ក៏​អាច​ទៅ​ស្នើសុំ​ប្តូរ​ទីតាំង​បោះឆ្នោត​ផងដែរ​។​
 
​គ​.​ជ​.​ប​. បាន​រំឭក​ពលរដ្ឋ​ថា ប្រជាពលរដ្ឋ​មិនអាច​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ចាស់ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២០ បានទេ ពោលគឺ ពួកគេ​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន​ដោយ​ប្រើ​ប្រភេទ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី​ចុងក្រោយ ដែលមាន​ភ្ជាប់​ប្រព័ន្ធ​ស្កេ​ន​អេឡិចត្រូនិក​។​
 
​គ​.​ជ​.​ប​. ឲ្យ​ដឹងថា តាម​ការប៉ាន់ស្មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ប្រមាណ ៣០ ម៉ឺន​នាក់​។ បើតាម​ទិន្នន័យ​ឆ្នាំ ២០១៩ របស់ គ​.​ជ​.​ប​. អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​សរុប​មាន​ប្រមាណ ៨,៦ លាន​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com