បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ យុវវ័យ​ចូលចិត្ត​បង្ហាញ​ស្នេហា​ជា​សាធារណៈ
14, Nov 2013 , 9:15 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ស្នេហា​របស់​យុវជន យុវនារី​សម័យថ្មី​មួយចំនួន​មិនត្រូវ​បាន​លាក់ ទុកជា​អាថ៌កំបាំង ទៀត​នោះ ទេ។ ពួកគេ​បាននិងកំពុង​បង្ហាញ​ដោយ​បើកចំហរ​នៅតាម​ទីសាធារណៈផ្សេងៗ ដោយ​មិន​អៀនខ្មាស។ ភាពស្និទ្ធស្នាល​របស់​គូរ​ស្នេហ៍​មួយចំនួន​តែង​កើតមាន​នៅតាម​ដងផ្លូវ តាម​ហាង​អាហារ សួនច្បារ លើ​វា​ស្មៅ និង​នៅតាម​ទីកន្លែង​ស្ងាត់​មួយចំនួន​ផ្សេងទៀត។


នៅ​ម្តុំ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​តី​រាជធានី​ភ្នំពេញ ម៉ូតូ​ស្គុ​ប​ពី(Scoopy)មួយគ្រឿង​ចត​ទុកចោល មិន​ត្រូវបាន​ម្ចាស់​ខ្វាយខ្វល់​ឡើយ ព្រោះ​ពួកគេ​រវល់​អង្គុយ​សាសង កាន់​ដៃ​គ្នា កៀកកើយ​លើ​គ្នា​នៅលើ​វាលស្មៅ​យ៉ាង​ផ្អែមល្ហែម។ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គូរ​ស្នេហ៍​នោះ គូរ​ស្នេហ៍​វ័យក្មេង​មួយគូរ​ទៀត​ក៏​កំពុង​អោបរឹត​គ្នា ថ្ពាល់​ជល់​ថ្ពាល់​យ៉ាង​ស្អិតល្មួត​នៅលើ​ឃឿន​ក្រោម​ដើម​ពោធិ៍។

ក្រឡេក​ទៅ​មើល​តាម​សួនច្បារ​សាធារណៈ​ឯណោះ​វិញ ប្រសិនបើ​គេ​គយគន់​ពី​រមណីយដ្ឋាន​កោះ ពេជ្រ​ទៅ​ត្រើយ​ខាងលិច​ក្បែរ​អគារ​ណាហ្គា​វើ​ល ទីតាំង​សួនច្បារ​តាម​បណ្តោយ​មាត់ច្រាំង​ទន្លេ បានក្លាយជា​កន្លែង​សារ​សង​គ្នា​របស់​គូរ​ស្នេហ៍​មួយចំនួន​ក្រោយពេល​ថ្ងៃ​លិច។

ម៉ូតូ​មួយគ្រឿង​ចត​អែប​មាត់ច្រាំង​ទន្លេ នារី​ស្លៀកខោ​រឹប​គូថ​ខ្លី​អង្គុយ​ពីមុខ បុរស​ជា​សង្សារ​អង្គុយ​ច្រកគាវ​ពីក្រោយ ដៃ​ទាំងពីរ​ឥត​ទំនេរ ម្ខាង​អោប​ចង្កេះ​យ៉ាង​ណែន ម្ខាង​ទៀត​ស្ទាបអង្អែល​សាច់​ភ្លៅ​សខ្ចីតិចៗ។ ពួកគេ​និយាយ​សារ​សង​គ្នា​បណ្តើរ ភ្នែក​សំឡឹងមើល​ផ្ទៃ​ទឹក​បណ្តើរ យូរៗម្តង​ពួកគេ​ថើប​គ្នា​មួយ​ខ្សឺត ក្នុងន័យ ជាការ​បង្អួត​ទៅកាន់​ទេសភាព​ទឹកទន្លេ។

ងាក​មក​ឆ្វេង​ដៃ​បន្តិច ម៉ូតូ​មួយគ្រឿង​ទៀត​ចត​បាំង​ពីមុខ​បង់​មួយ គូរ​ស្នេហ៍​មួយគូរ​វ័យ​ស្របាល​គ្នា​កំពុង អង្គុយ​កាន់​ដៃ​គ្នា​សារ​សង​ជាមួយ​ពាក្យ​ផ្អែមល្ហែម។ ជារឿយៗនារី​វ័យក្មេង​តែង​ដេក​ផ្អែកលើ​ស្មា​បុរស​ជា​សង្សារ។

ដោយឡែក​នៅលើ​វាលស្មៅ​ឯណោះ​វិញ គូរ​ស្នេហ៍​មួយគូរ​ទៀត​កំពុង​អង្គុយ​ស​ង្ងំ​អោប​គ្នាន​នៅ​កន្លែងងងឹតៗ ខណៈ​មាន​មនុស្ស​ដើរកាត់​ពួកគេ​ធ្វើជា​និយាយ​គ្នា​ជាធម្មតា។ នៅក្បែរនោះ​ផងដែរ យុវជនម្នាក់ទៀត​កំពុង​ដេក​កើយ​ភ្លៅ​សង្សារ និយាយ​សាសង​គ្នា​មិន​ខ្វល់​ពី​អ្នក​ដ៏ទៃទៀត​នោះទេ។

ក៏​មិន​ខុសពី​គូរ​ស្នេហ៍​ដ៏ទៃទៀត​ដែរ កំពុង​អង្គុយ​សណ្តូកជើង​ប្រកៀក​ប្រកិត​គ្នា​លើ​ឃឿន​ច្រាំងទន្លេ គូរ​ស្នេហ៍​វ័យ​ជំទង់​មួយគូរ​នេះ​កំពុង​គយគន់​ផ្ទៃ​ទឹកទន្លេ​បណ្តើរ ប្រឡែង​គ្នា​បណ្តើរ។ តែ​ប្រមាណ​មួយ​ម៉ោងក្រោយមក ពួកគេ​ដឹក​ដៃ​គ្នា​ឡើង​ម៉ូតូ​ជិះ​ចេញទៅ។ ចំណែកឯ​រថយន្ត​បិទ​កញ្ចក់​ខ្មៅ​មួយចំនួន​ក៏​តែង​សំចត​នៅ​កន្លែងស្ងាត់ៗក្បែរ​នោះដែរ។  ពួកគេ​សម្ងំ​អោបថើប​គ្នា​អស់ចិត្ត​ទើប​ចាកចេញ។

មិនមែន​មានតែ​គូរ​ស្នេហ៍​ខាងលើនេះ​ទេ​ដែល​កំពុង​បង្ហាញ​ភាពស្និទ្ធស្នាល​របស់ខ្លួន​តាម​ទីសាធារណៈ គូរសង្សារ​ជាច្រើន​ផ្សេងទៀត​ក៏​ពុង​បើកចំហរ​ស្នេហា​របស់ខ្លួន​ដោយ​មិនសូវ​អៀនខ្មាស់​ផងដែរ។ តែ​គ្រាន់ អ្នកខ្លះបង្ហាញ​នៅក្នុង​កន្លែង​បិទបាំង​បន្តិច។

ក្នុង​ហាង​តែ​គុជ​មួយកន្លែង​នៅក្បែរ​វិទ្យាល័យ​ទួល​ទំពូង គូរ​សង្សារ​វ័យក្មេង​ជាច្រើន​អង្គុយ​ប្រឡែង គ្នា​យ៉ាង​សប្បាយរីករាយ អ្នកមួយ​ចំនួន​អង្គុយ​អោប​ចង្កេះ​គ្នា​បណ្តើរ​ចុច​ទូរស័ព្ទ​បណ្តើរ គូរ​មួយចំនួន​ទៀត ដើរ​កៀក​ដៃ​បណ្តើរគ្នា​ចេញចូល​ទៅមក ពួកគេ​មើលទៅ​ហាក់​មិន​អៀនខ្មាស់​គ្នា​នោះឡើយ។

លោក សំបូរ មាន​អាយុប្រមាណ​ជាង៤០ឆ្នាំ ធ្លាប់​ធ្វើដំណើរ​ច្រើនលើកច្រើនសារ ទៅកាន់​បរទេស​បាន​អត្ថាធិប្បាយ​ថា ទិដ្ឋភាព​សេ្ន​ហា​បើកចំហរ​របៀបនេះ លោក​ធ្លាប់​បានឃើញ​កើតមាន​នៅក្នុង​បស្ចិមប្រទេស ដូចជា​ប្រទេស​អឺរ៉ុប ឬ​ប្រទេស​អាមេរិក​កាលពី១៥ឆ្នាំមុន។ ប៉ុន្តែ​នៅពេលនេះ ទិដ្ឋភាព​ស្រដៀង​គ្នា​នេះ​បានកើត​មាននៅ​ក្នុងប្រទេស​កម្ពុជា។ លោក សំបូរ​បាន​បញ្ជាក់ថា៖«យុវជន​ខ្មែរ​កាលពី១៥ឆ្នាំមុន សូម្បីតែ​ដើរ​កាន់​ដៃ​គ្នា​មិន​ហ៊ាន​ផង។ ប៉ុន្តែ​ឥឡូវនេះ ពួកគេ​មិន​ត្រឹមតែ​កាន់​ដៃ​គ្នា​ទេ ប៉ុន្តែ​ពួកគេ​ហ៊ាន​ថើប អោបរឹត​គ្នា​នៅ​ទីសាធារណៈ​ទៀតផង»។

ការបង្ហាញ​សេចក្តីស្នេហា​ក្នុង​ទម្រង់​បែបនេះ​គឺ​ដោយសារ​ពួកគេ​ចង់​បង្អួត​គូរ​ស្នេ​ហ៏​ទៅវិញទៅមក​ម្យ៉ាង និង​ម្យ៉ាងទៀត ពួកគេ​ចង់បង្ហាញ​សាធារណជន​ថា ស្នេហា​ពួកគេ​កំពុងតែ​ស៊ីជម្រៅ​ខ្លាំង។ ខ្លាំង​រហូតដល់​មិនអាច​កាត់ថ្លៃ​បាន ហើយ​សូម្បីតែ​អ្នកដទៃ​ក៏​មិន​ខ្មាស់​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com