ជាតិ
សង្គមជាតិ
កម្មករស៊ីនទ្រី អាចចូលធ្វើការវិញ នៅល្ងាចថ្ងៃ៧តុលានេះ ឬស្អែក
07, Oct 2020 , 3:15 pm        
រូបភាព
កិច្ចប្រជុំរវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយនឹងភាគីពាក់ព័ន្ធ រួមមាន មេសហជីព នាយកក្រុមហ៊ុន ស៊ីន ទ្រី តំណាងក្រសួងការងារ និង តំណាងក្រសួងបរិស្ថាន ជាដើម បានសម្រេចរួមគ្នាលើចំណុចមួយ គឺ «ស្នើឲ្យកម្មករនិយោជិតទាំងអស់នៃក្រុមហ៊ុន ស៊ីន ទ្រី ចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះតទៅ»។ យ៉ាងណា គេ មិនទាន់ទទួលបានចម្លើយច្បាស់លាស់ពីកម្មករនិយោជិតនោះទេថា ពួកគាត់ នឹងចាប់ផ្តើមចូលធ្វើការវិញនៅរសៀលឬយប់នេះ ឬមួយក៏រង់ចាំដល់ស្អែក។



លោក ហួន បូនី ប្រធានក្រុមរបស់កម្មករប្រមូលសំរាមក្រុមហ៊ុន ស៊ីន ទ្រី ដែលចូលរួមក្នុងកិច្ចប្រជុំដែរនោះ ប្រាប់សារព័ត៌មានថ្មីៗថា លោកអភិបាលរាជធានីភ្នំពេញ សុំឲ្យកម្មករនិយោជិត ដែលធ្វើការវេនយប់ ចូលធ្វើការវិញ ចាប់ពីល្ងាចថ្ងៃទី៧តុលានេះតែម្តង តែចំពោះកម្មករនិយោជិត ដែលធ្វើការវេនថ្ងៃ អាចចូលធ្វើការវិញនៅថ្ងៃស្អែកក៏បាន។ យ៉ាងណា លោក អះអាងថា កម្មករនិយោជិត (វេនយប់) ស្នើសុំចូលធ្វើវិញ ចាប់ពីថ្ងៃស្អែកទាំងអស់គ្នា ព្រោះពួកគាត់ អត់ងងុយនិងអស់កម្លាំង ដោយសារធ្វើកូដកម្មរយៈពេល៤-៥ថ្ងៃមកនេះ។

លោក និយាយថា៖«ចាំមើលល្ងាចហ្នឹង តើខាងវេនយប់ គេចេញអត់...។ បើកម្មករព្រមចេញ អាហ្នឹង [មេៗ] ចាត់ចែងហើយយប់ហ្នឹង ត្រូវចេញឡានទាំងអស់ អត់មានទុកមួយគ្រឿងទេ នៅគ្រប់ខណ្ឌទាំងអស់។ និយាយរួម គឺសម្រេចលើកម្មករដែរ មេៗគាត់អត់ហ៊ានសម្រេច ព្រោះកម្មករ ថាគាត់អត់ងងុយ ឲ្យតែពួកគាត់ អូខេថាចេញ គឺ ល្ងាចហ្នឹងបានចេញដំណើរការទាំងអស់ហើយ»។ មេសហជីពរូបនេះ បន្តថា៖«ចាំមើលល្ងាចប្រហែលជាម៉ោង៣ ឬម៉ោង៣ជាង ប្រហែលជាអាចដឹងដំណឹងហើយ ព្រោះពួកមេៗ គាត់ នឹងដើរលួងលោមហើយ ឲ្យចេញ ទុកយូរក៏អត់កើតដែរ ព្រោះសំរាមស្ទះ»។

បើតាមកំណត់ហេតុនៃកិច្ចប្រជុំខាងលើ នាព្រឹកថ្ងៃទី៧ ខែតុលានេះ កិច្ចប្រជុំ សម្រេចថា ទីមួយ សំណើរបស់កម្មករនិយោជិត ដែលទាមទារឲ្យក្រុមហ៊ុន ស៊ីន ទ្រី ដោះស្រាយពេលបញ្ចប់កិច្ចសន្យា គឺក្រុមហ៊ុន ស៊ីន ទ្រី ទទួលដោះស្រាយតាមច្បាប់ស្តីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ និងទីពីរ  ការងាររបស់កម្មករនិយោជិតទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនឲ្យបាត់បង់ឡើយ ទោះបីក្រុមហ៊ុន ស៊ីន ទ្រី ដេញថ្លៃជាប់ឬមិនជាប់ក៏ដោយ។

លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា ថ្លែងថា នៅក្នុងកិច្ចប្រជុំ លោកអភិបាលរាជធានីភ្នំពេញ ចេញមុខធានាមិនឲ្យអតីតភាពការងារនិងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត បាត់បង់ឡើយ ហើយទោះជាក្រុមហ៊ុន ស៊ីន ទ្រី ដេញថ្លៃជាប់ឬមិនជាប់ ដោយត្រូវកាត់បន្ថយចំនួនកម្មករនិយោជិត គឺក្រុមហ៊ុន នឹងទូទាត់តាមផ្លូវច្បាប់។ បើតាមលោក ទូច កុសល ដដែល លោកអភិបាលរាជធានីភ្នំពេញ ក៏បានធានាដែរថា បើមានករណីកាត់បន្ថយចំនួនកម្មករនិយោជិត អ្នកបាត់បង់ការងារ នឹងមានការងារថ្មី នៅក្រុមហ៊ុនផ្សេងទៀត ដែលដេញថ្លៃជាប់។

ប្រធានសហព័ន្ធសហជីពផ្នែកវិស័យទេសចរណ៍ និយាយជាមួយសារព័ត៌មានថ្មីៗថា៖«ក្រោយពីបានប៉ះប៉ូវគ្នាហើយ គាត់ [លោកអភិបាលរាជធានី] បានទៅពន្យល់ប្រាប់កម្មករ ហើយពួកគាត់ យល់ព្រម ថានឹងចូលធ្វើការវិញ ប្រហែលជាម៉ោង៣។ តែពួកគាត់ទៅមិនទៅ អាហ្នឹង អត់ទាន់ដឹងទេ»។

កម្មករនិយោជិតជាង២ពាន់នាក់នៃក្រុមហ៊ុន ស៊ីន ទ្រី ចាប់ផ្តើមធ្វើកូដកម្មមិនប្រមូលសំរាម ចាប់តាំងពីថ្ងៃទី២ ខែតុលាមក ដោយទាមទារ៥ចំណុច គឺ ប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ និងការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។

លោក ហូត បូនី លើកឡើងថា៖«លោកអភិបាលរាជធានីភ្នំពេញ ប្រកាសហើយថា គាត់ ធានាដោះស្រាយជូន។ គាត់ ដោះស្រាយជូនហ្នឹង មិនមែនតែមួយវគ្គឲ្យចប់ទេ គាត់ ដោះស្រាយជាដំណាក់កាលៗ។ គាត់ថា គាត់នឹងដោះស្រាយជូនទាំងសស់»៕

អត្ថបទទាក់ទង

Tag:
 កម្មករស៊ីនទ្រី
  ចូលធ្វើការវិញ
  សំរាម
  កូដកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com