អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គ្រូពេទ្យបញ្ជាក់ថា លោកត្រាំ អាចទៅធ្វើយុទ្ធនាការបោះឆ្នោតវិញនៅថ្ងៃ១០ តុលា
09, Oct 2020 , 1:30 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ត្រលប់ទៅកាន់សេតវិមានវិញបន្ទាប់សម្រាកព្យាបាលកូវីដ-១៩នៅមន្ទីរពេទ្យយោថាអស់៧២ម៉ោងរួច។ រូបភាព Reuters
ប្រធានាធិបតី ដូណាល់ ត្រាំ ត្រលប់ទៅកាន់សេតវិមានវិញបន្ទាប់សម្រាកព្យាបាលកូវីដ-១៩នៅមន្ទីរពេទ្យយោថាអស់៧២ម៉ោងរួច។ រូបភាព Reuters
ដោយ:
លោក Sean Conley វេជ្ជបណ្ឌិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោក ត្រាំ បានបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នសុខភាពលោកមានលក្ខណៈល្អប្រសើរ ចាប់តាំងពីត្រលប់ទៅកាន់សេតវិមានវិញ។ បើតាមវេជ្ជបណ្ឌិត លោកប្រធានាធិបតីអាចវិលត្រលប់ចូលរួមព្រឹត្តិការណ៍សាធារណៈនានា ជាពិសេសធ្វើយុទ្ធនាការរកសំឡេងឆ្នោត ចាប់ពីថ្ងៃទី១០ ខែតុលាតទៅ ខណៈការបោះឆ្នោតកាន់តែជិតដល់ហើយនោះ។



ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាកាលពីសុក្រសប្ដាហ៍មុន ក្រោយលោកអះអាងថាលោកឆ្លងកូវីដ-១៩។ លោកសម្រេចត្រលប់ទៅសេតវិមានបន្តព្យាបាលនៅថ្ងៃទី៥ ខែតុលា។

ក្នុងលិខិតខ្លីមួយ ដែលចេញផ្សាយដោយសេតវិមានអាមេរិកនៅថ្ងៃទី៨ ខែតុលា វេជ្ជបណ្ឌិត Sean Conley បញ្ជាក់ថា ការព្យាបាលកូវីដ-១៩របស់លោកត្រាំ ទទួលលទ្ធផលល្អបំផុត ដោយគ្មានលេចចេញផលប៉ះពាល់អាក្រក់បន្ទាប់បន្សំអ្វីឡើយ។ លោកបន្តថា ថ្ងៃសៅរ៍ នឹងក្លាយជាថ្ងៃទី១០ នៃការឆ្លងកូវីដ-១៩ របស់លោកត្រាំ ហើយដោយផ្អែកលើភាពល្អប្រសើរនៃការវិវត្តលើការព្យាបាលជំងឺ ប្រធានាធិបតីនឹងអាចវិលត្រលប់ទៅចូលរួមព្រឹត្តិការណ៍សាធារណៈនានាវិញបាន។

ប្រាប់ទូរទស្សន៍ Fox News នៅថ្ងៃទី៨ ខែតុលា លោក ត្រាំ អះអាងថា លោកមិនជឿថា លោកអាចចម្លងជំងឺកូវីដ-19 ដល់អ្នកដទៃ។ លោកអះអាងជាថ្មីថា លោកមានសុខភាពល្អគ្រប់គ្រាន់ដើម្បីបន្តធ្វើយុទ្ធនាការបោះឆ្នោត។ ត្រង់នេះ លោកនិយាយដូច្នេះថា៖«បើខ្ញុំនៅកន្លែងធ្វើយុទ្ធនាការ ខ្ញុំនឹងឈរនៅដាច់ឆ្ងាយពីគេឯង»។

យ៉ាងណាមិញ សេតវិមានអាមេរិក បានបដិសេធបញ្ជាក់ពេលដែលលោក ត្រាំ បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩។ ការឆ្លងកូវីដ-១៩ បានរារាំងលោកប្រធានាធិបតីពីការចូលរួមព្រឹត្តិការណ៍សំខាន់ៗដោយផ្ទាល់ ជាពិសេសយុទ្ធនាការរកសំឡេងឆ្នោត ខណៈការបោះឆ្នោត នឹងរៀបចំឡើងនាថ្ងៃទី ៣ ខែវិច្ឆិកា។ ម្យ៉ាងការបោះឆ្នោតមុនពេលកំណត់ក៏កំពុងធ្វើឡើងនៅរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិកផងដែរ។

បន្ថែមពីលើនេះ លោក ត្រាំ ក៏បានសម្រេចមិនចូលរួមការជជែកដេញដោលលើកទី២ជាមួយអតីតអនុប្រធានាធិបតី ចូ បៃឌិន ក្រោយគណៈកម្មការរៀបចំ បានប្រកាសថា ព្រឹត្តិការណ៍ថ្ងៃទី១៥ ខែតុលា នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដើម្បីបង្ការការរាលដាលជំងឺកូវីដ-១៩៕

Tag:
 សហរដ្ឋអាមេរិក
  ដូណាល់ ត្រាំ
  កូវីដ-១៩
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com