ជាតិ
សង្គមជាតិ
ភ្លៀង បន្តធ្លាក់ច្រើនថ្ងៃទៀត នៅតំបន់ភ្នំដងរ៉ែក-ភ្នំក្រវាញ ដែលអាចបង្កជន់លិចក្នុងខេត្តមួយចំនួន
10, Oct 2020 , 12:33 pm        
រូបភាព
រូបពីក្រសួងធនធានទឹក
រូបពីក្រសួងធនធានទឹក
ដោយ:
ក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសព័ត៌មាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ថា កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប និងកំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ហើយទន្ទឹមនឹងនេះ សម្ពាបទាបសកម្ម ( Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។



ក្រសួង ព្យាករថា លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅកម្ពុជា បន្តមានភ្លៀងធ្លាក់ច្រើនថ្ងៃទៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្រ្តជាប់ជួរភ្នំដងរ៉ែកនិងជាប់ជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត។ ក្រសួង បន្ថែមថា អំឡុងពេលជាមួយគ្នានេះ នៅតំបន់មាត់សមុទ្រនិងលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ បក់បោកលាយឡំនឹងរលកសមុទ្រខ្ពស់ៗ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងធនធាតុទឹក អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ជាពិសេសប្រជាជន ដែលនៅតំបន់ខាងលើ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក ប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ន មានខេត្ត៣ គឺបាត់ដំបង ពោធិ៍សាត់ និង បន្ទាយមានជ័យ ត្រូវជន់លិចធ្ងន់ធ្ងរជាងគេ៕

អត្ថបទទាក់ទង

Tag:
 អាកាសធាតុ
  ភ្លៀង
  គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com