ចិន ជួយ​១៤០​លាន​ដុល្លារ​បន្ថែម ហើយ​សន្យា​ផ្តល់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដល់​កម្ពុជា​
COVID-19
ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ចិន ជួយ​១៤០​លាន​ដុល្លារ​បន្ថែម ហើយ​សន្យា​ផ្តល់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដល់​កម្ពុជា​
13, Oct 2020 , 8:00 pm        
រូបភាព
ចិន ជួយ​១៤០​លាន​ដុល្លារ​បន្ថែម ហើយ​សន្យា​ផ្តល់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដល់​កម្ពុជា​
ចិន ជួយ​១៤០​លាន​ដុល្លារ​បន្ថែម ហើយ​សន្យា​ផ្តល់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដល់​កម្ពុជា​
​ភ្នំពេញ​៖ ចិន​សម្រេច​ផ្ដល់​ជំនួយឥតសំណង​ប្រមាណ​១៤០​លាន​ដុល្លារ ដល់​កម្ពុជា​។  ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​សម្រាប់​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង កាលពី​ថ្ងៃទី​១២ តុលា​។​



​ជំនួយឥតសំណង​នេះ គឺ​ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ នៅក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ ថ្លែង​ក្នុងជំនួប​ជាមួយ​សម្ដេច ហ៊ុន សែន ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​៤​នោះ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ចិន បាន​អះអាងថា ចិន​នៅតែ​បន្ត​គាំទ្រ​កម្ពុជា​យ៉ាងរឹងមាំ ដោយ​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​រក្សាបាន​នូវ​អធិបតេយ្យភាព​ថ្លៃថ្នូរ​រ​បស់​កម្ពុជា​។​
 
​មិន​ត្រឹមតែ​សន្យា​ជួយ​កម្ពុជា នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ លោក វ៉ាង យី ក៏បាន​ប្រកាស​ជួយ​កម្ពុជា នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ដែរ​។ ក្នុងជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នោះ លោក វ៉ាង យី ក៏បាន​សន្យា​ជាក់លាក់​ជាថ្មី​ថា ចិន​ផ្ដល់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដល់​កម្ពុជា ក្រោយ​ពិសោធន៍ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ មិនតែប៉ុណ្ណោះ​ប្រមុខ​ការទូត​ចិន​រូបនេះ ក៏​សន្យា​បើក​ទីផ្សារ​នាំចូល​កសិផល​កម្ពុជា ដែលមាន​គុណភាព​បន្ថែមទៀត រួមទាំង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀតផង​។​
 
​ក្នុងជំនួប​នោះ លោក ហោ ណាំហុង ក៏បាន​លើកឡើង​ពី​គម្រោង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ទីក្រុង​ព្រះសីហនុ​-​ទីក្រុង​ហុងកុង​, គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​71C , គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​ជនបទ​ជំហាន​ទី​៧, គម្រោង​ជំរុញ​ផលិក​ម្ម​ស្រូវ និង​នាំចេញ​អង្ករ​, គម្រោង​ប្រព័ន្ធ​ស្រោចស្រព​និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត និង​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៤១, ៣៣ និង​៣១ ជាដើម​។ ប៉ុន្តែ​លោក វ៉ាង យី មិនបាន​ឆ្លើយតប​នឹង​សំណើ​ទាំង​នេះឡើយ​។​
​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ របស់លោក វ៉ាង យី បានសម្រេច​សមិទ្ធផល​ដ៏​ធំ​មួយទៀត គឺ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ក្រោម​វត្តមាន​របស់លោក​និង​សម្តេច ហ៊ុន សែន​។  
 
​ក្នុងនោះ​រួមមាន ១ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា​។ ២ កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស សំរាប់​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​។ ៣ លិខិត​ប្ដូរ​សារ ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​៤ លិខិត​ប្ដូរ​សារ​ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ និង ពិធី​ប្រគល់​ទទួល​ជំនួយ​ឧបករណ៍​វេជ្ជសាស្ត្រ​ពី​មិត្ត​ចិន​។​
​អ្វីដែល​ភាគី​ទាំងពីរ រំពឹង​ខ្ពស់​ក្នុង​ជួយ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ កម្ពុជា​ជឿជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺជា​ការបើក​ទីផ្សារ​ប្រទេស​មហាអំណាច​ពិភពលោក​មួយ សម្រាប់​ការនាំចេញ​ទំនិញ​របស់​កម្ពុជា ពិសេស​គឺ​នាំចេញ​ផលិត​កសិកម្ម​ដោយ​មិន​ជាប់​របាំង​ពន្ធគយ​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ប្រាប់​ប្រមុខ​ទូត​ចិន​ថា «EBA(​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង លើកលែងតែ​អាវុធ​) គង់​មាន​ថ្ងៃ​ណាមួយ​នឹង​បាត់បង់ តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​គឺ​នៅ​ជា​រៀងរហូត​»​។​
​សូមបញ្ជាក់ថា ចិន​ជា​ប្រទេស​វិនិយោគ​ទីមួយ​នៅ​កម្ពុជា ដែល​បាន​វិនិយោគ​ប្រមាណ​៣.៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​។ លើសពីនេះ ប្រទេស​ទាំងពីរ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ ១០ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២៣​។​

© រក្សាសិទ្ធិដោយ thmeythmey.com