ជាតិ
ពលរដ្ឋ​ប្រមាណ​៤០០​គ្រួសារ នៅ​៤​សង្កាត់ ក្នុង​ខណ្ឌដង្កោ ត្រូវបាន​ជម្លៀស​មកកាន់​ទី​សុវត្ថិភាព
13, Oct 2020 , 11:31 pm        
រូបភាព
ការអន្តរាគមន៍របស់អាជ្ញាធរពាក់ព័ន្ធ នៅក្នុងសង្កាត់គងនយ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ តុលាឆ្នាំ២០២០។
ការអន្តរាគមន៍របស់អាជ្ញាធរពាក់ព័ន្ធ នៅក្នុងសង្កាត់គងនយ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ តុលាឆ្នាំ២០២០។
ភ្នំពេញ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​៤០០​គ្រួសារ​ហើយ នៅក្នុង​សង្កាត់​ចំនួន​៤ នៃ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​ជម្លៀសចេញ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ដោយសារ​ទឹក​ជន់​លិច​ខ្លាំង បណ្តាល​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ផង និង​ជន់​ហូរ​ពី​ស្ទឹង​ព្រែក​ត្នោត​ផង​។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​យប់​ថ្ងៃទី​១៣​តុលា​នេះ​។

 
​តាម​លោក​អភិបាល​រាជធានី​ភ្នំពេញ ខណ្ឌ​សង្កាត់​ទាំង​៤​នោះ​មាន សង្កាត់​គង​ន​យ​, សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម និង​មួយផ្នែក​នៃ​សាក់​សំពៅ​។  លោក ឃួ​ង ស្រេង មានប្រសាសន៍​ដូច្នេះ​ថា​៖«​ឥឡូវនេះ សង្កាត់​ចំនួន​៣ បាន​លិច​ទាំងស្រុង គឺ​សង្កាត់​គង​ន​យ សង្កាត់​ទៀន និង​សង្កាត់​ស្ពានថ្ម​។ មួយផ្នែក​ទៀត​នៃ​សង្កាត់​សាក់​សំពៅ ក៏មាន​មួយផ្នែក​ដែរ​លិច​។ ឥឡូវនេះ​យើង​កំពុង​ដាក់​អូ​ប៊័រ​របស់​កងកម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស និង​បញ្ជា​ការឯកភាព​រាជធានី ដើម្បី​ត្រួតពិនិត្យ​តាម​ខ្នង​ផ្ទះ ថា​តើ​នៅតាម​ផ្ទះ​ណា​ដែល​មិនទាន់​ជម្លៀស យើង​ដឹក​គាត់​ចេញ​»​។ 
 
​សូមជម្រាបថា ទឹកស្ទឹង​ព្រែក​ត្នោត ក្នុង​ខេត្តកណ្តាល និង​នៅ​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រកាសថា បាន​ឡើងដល់​កម្រិត​ប្រកាសអាសន្ន ដោយសារ​បរិមាណ​ទឹក​ហូរ​ខ្លាំង​មកពី​ផ្នែក​ខាងលើ​ចូលក្នុង​ស្ទឹង​បន្ថែម និង​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​។ ដោយសារ​ការ​ជន់​ជំនន់​ស្ទឹង​ព្រែក​ត្នោត និង​កម្ពស់​ទឹក​មានការ​កើនឡើង ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​សណ្តរ​ទំនប់ និង​ផ្នែក​ខាងក្រោម បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណៈ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ជាយថាហេតុ ពី​ជំនន់​ទឹកភ្លៀង​នេះ​៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com