ជាតិ
សង្គមជាតិ
អភិបាល​ខណ្ឌដង្កោ យក​វត្ត​ប្រាសាទ​និង​វត្ត​ចំប​ក់មាស ធ្វើជា​ទីទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​ពលរដ្ឋ​
14, Oct 2020 , 11:04 am        
រូបភាព
អាជ្ញាធរខណ្ឌដង្កោជម្លៀសពលរដ្ឋ ទៅទីទួលសុវត្ថិភាព កាលពីយប់ថ្ងៃទី១៣តុលា ឆ្នាំ២០២០។ រូបថត៖សាលាខណ្ឌដង្កោ
អាជ្ញាធរខណ្ឌដង្កោជម្លៀសពលរដ្ឋ ទៅទីទួលសុវត្ថិភាព កាលពីយប់ថ្ងៃទី១៣តុលា ឆ្នាំ២០២០។ រូបថត៖សាលាខណ្ឌដង្កោ
​ភ្នំពេញ​៖ ជំនន់​ស្ទឹង​ព្រែក​ត្នោត និង​កម្ពស់​ទឹកដែល​បន្ត​ហក់​ឡើងជា​លំដាប់​នេះ បានធ្វើឱ្យ​ពលរដ្ឋ​រស់នៅក្នុង​សង្កាត់​មួយចំនួន​នៃ​ខណ្ឌដង្កោ បង្ខំចិត្ត​ចាកចេញ​ពី​លំនៅស្ថាន ទៅកាន់​ទីទួល​សុវត្ថិភាព នៅផ្ទះ​សាច់​ញា​តិ​នានា នៅ​រាជធានី​ភ្នំពេញ​។ អាជ្ញាធរ​ខណ្ឌដង្កោ ក៏បាន​ជ្រើសរើស យក​វត្ត​អារាម​ចំនួន​២ ធ្វើជា​ទីទួល​សុវត្ថិភាព សម្រាប់​ជ​ម្លៀស​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ ។



«​បញ្ហា​ចំពោះមុខ​នេះ ខ្ញុំ​បាន​យក​វត្ត​ប្រាសាទ និង​វត្ត​ចំប​ក់មាស ធ្វើជា​ទីទួល​សុវត្ថិភាព សម្រាប់​ជម្លៀស​ពលរដ្ឋ​យើង​ដែល​រងគ្រោះ​ដោយ​ទឹល​ជំនន់​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី គឹម ញឹ​ប អភិបាលខណ្ឌដង្កោដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នា​ព្រឹក​ថ្ងៃទី​១៤ ខែ​តុលា​។  បើតាម​អ្នកស្រី​អភិបាលខណ្ឌ​ដង្កោ​រូបនេះ វត្ត​ប្រាសាទ និង​វត្ត​ចប​ក់មាស​នៃ​ភាគខាងត្បូង​នៃ​ខណ្ឌ​ដ​ងោ្ក​នេះ គឺ​សម្រាប់​ដាក់​ពលរដ្ឋ​រស់​នៅ សង្កាត់​គង​ន​យ សង្កាត់​ទៀន និង​សង្កាត់​ស្ពាន សង្កាត់​សាក់​សំពៅ ដែល​ស្ថានភាព​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​។  
 
​បច្ចុប្បន្ន ថ្វី​ដ្បិត​ទីទួល​សុវត្ថិភាព​នៃ​វត្ត​អារាម​ទាំង​២​ខាងលើ បាន​ត្រៀម​រៀបចំ​រួចហើយ​ក៏ពិតមែន  ប៉ុន្តែ​មិនទាន់មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ បាន​ជម្លៀស​ទៅ​ទី​នោះឡើយ​។  ពលរដ្ឋ​រងគ្រោះ​ភាគច្រើន គឺ​បាន​ជម្លៀស​ចេញពី​ទីតាំង​ជន់​លិច ទៅ​ស្នាក់​នៅផ្ទះ​ញា​ត្តិ មិត្តភក្តិ​នានា នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​អ្នកស្រី គឹម ញឹ​ប​។​
 
​គិត​ត្រឹម​ម៉ោង​១០​ព្រឹក នា​ព្រឹក​ថ្ងៃ​១៤​តុលា ឆ្នាំ​២០២០  ឥទ្ធិពល​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត បានធ្វើឱ្យ​ប៉ះពាល់​ដល់​ព​ល​រដ្ឋ​ចំនួន​១,២៨១​គ្រួសារ ដែល​រស់នៅក្នុង​សង្កាត់​ទាំង​១២ នៃ​ខណ្ឌដង្កោ​។ 
​សូមជម្រាបថា ទឹកស្ទឹង​ព្រែក​ត្នោត ក្នុង​ខេត្តកណ្តាល និង​នៅ​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រកាសថា បាន​ឡើងដល់​កម្រិត​ប្រកាសអាសន្ន ដោយសារ​បរិមាណ​ទឹក​ហូរ​ខ្លាំង​មកពី​ផ្នែក​ខាងលើ​ចូលក្នុង​ស្ទឹង​បន្ថែម និង​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​។ ដោយសារ​ជំនន់​ស្ទឹង​ព្រែក​ត្នោត និង​កម្ពស់​ទឹក​មានការ​កើនឡើង ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​សណ្តរ​ទំនប់ និង​ផ្នែក​ខាងក្រោម បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណៈ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ ពី​ជំនន់​ទឹកភ្លៀង​នេះ​៕

Tag:
 ជំនន់​ទឹកភ្លៀង​
  ពលរដ្ឋ​
  ព្យុះ​
  ខណ្ឌដង្កោ​
© រក្សាសិទ្ធិដោយ thmeythmey.com