ជាតិ
សង្គមជាតិ
អ្នកស្លាប់កើនឡើង១៣នាក់ ខណៈជិត២០ម៉ឺននាក់ រងការប៉ះពាល់ដោយទឹកជំនន់
15, Oct 2020 , 11:05 am        
រូបភាព
ទិដ្ឋភាពទឹកជំនន់ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ (រូបពីរដ្ឋបាលខេត្តបាត់ដំបង)
ទិដ្ឋភាពទឹកជំនន់ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ (រូបពីរដ្ឋបាលខេត្តបាត់ដំបង)
ដោយ:
គិតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានពលរដ្ឋ១៣នាក់ (ក្មេង៥នាក់) បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះទឹកជំនន់ និងពលរដ្ឋជិត២០ម៉ឺននាក់ទៀត រងការប៉ះពាល់។ ក្នុងចំណោមពលរដ្ឋជិត២០ម៉ឺននាក់នោះ មានជាង១,២ម៉ឺននាក់ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព។



អ្នកស្លាប់ទាំង១៣នាក់ គឺ ៥នាក់ នៅខេត្តបន្ទាយមានជ័យ ២នាក់ នៅខេត្តព្រះសីហនុ ៣នាក់នៅខេត្តពោធិ៍សាត់ ១នាក់ នៅខេត្តប៉ៃលិន ១នាក់នៅខេត្តកំពង់ធំ និង ១នាក់នៅខេត្តកណ្តាល។ 

ទន្ទឹមនឹងនេះ ផ្ទះជិត៤,៨ម៉ឺនខ្នង រងការប៉ះពាល់ ហើយក្នុងចំណោមនោះ មាន៥០ខ្នង ត្រូវខូចខាត ខណៈសាលារៀន មានជាង៤០០កន្លែង ដែលលិចទឹក។ ចំពោះ ស្រូវវិញ មានជាង១៣ម៉ឺនហិកតា ត្រូវលិចទឹក ដោយក្នុងនោះ មានជាង៦,៦ពាន់ហិកតា ត្រូវខូចខាត រួមទាំងដំណាំផ្សេងៗទៀត មានជាង៥,៥ម៉ឺនហិកតា ក៏ត្រូវលិចទឹកដែរ ដោយក្នុងនោះ មានជាង៦,៣ពាន់ហិកតា បានខូចខាត។

ដោយឡែក ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម បូកបញ្ចូលគ្នាមានប្រវែងជាង២០០គីឡូមម៉ែត្រ និងផ្លូវលំនានាតាមជនបទ មានប្រវែងជាង១,៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានយ៉ាងតិច២៤កន្លែង បានប៉ះពាល់និងរងការជន់លិចដោយជំនន់ទឹកភ្លៀង។

រាជធានី-ខេត្ត ដែលរងការប៉ះពាលដោយទឹកជំនន់ មាន១៩ គឺភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ។

តួលេខសរុបខាងលើស្តីពីផលប៉ះពាល់ដោយទឹកជំនន់ គឺបង្ហាញក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០៕

Tag:
 គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com