បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ នៅពេលដែល​ចូលទៅក្នុង​ហាង​កោស​ជប់...
15, Nov 2013 , 7:47 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅតាម​វិថីតូចៗមួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ គេ​សង្កេតឃើញ មាន​ស្លាក យីហោ​កោស​ជប់​ជាច្រើន ដាក់​បញ្ឈរ​នៅ​ពីមុខ​ផ្ទះល្វែងតូចៗ ឬ​នៅតាម​ផ្លូវលំតូចៗមួយ ចំនួន ដោយបាន​បង្ហាញ​ពី​តម្លៃ​សេវា​ឲ្យ​ភ្ញៀវ​បានឃើញ​ផងដែរ។ សេវា​នេះ​មានតម្លៃ​ថោក ហើយ​ពេលខ្លះ​ក៏​អាច​ព្យាបាល​អា​ការៈមិន​ស្រួលខ្លួន​បានភ្លាមៗទៀតផង។ យ៉ាណា​ក៏ ដោយ នៅក្រោម​ដំបូល​ស្លាក​យីហោ​កោស​ជប់​មួយចំនួន គេ​សង្កេតឃើញ​មាន​បង្កប់​នូវ សេវាកម្ម​បម្រើ​ផ្លូវភេទ​លួចលាក់។



ឈាន​ជើង​ចូលដល់​ក្នុង​អាគារ​ថ្ម​មួយ នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ម្តុំ​លូទឹកស្អុយ​រាជធានី ភ្នំពេញ គេ​ឃើញ​នារីវ័យក្មេងៗ ស្រស់ស្អាត​ជាច្រើន​នាក់​កំពុង​អង្គុយ​ជុំគ្នា។

អ្នកខ្លះ​អង្គុយ​លេងបៀ​នៅលើ​គ្រែ រីឯ​អ្នក​ខ្លះទៀត អង្គុយ​លើ​កៅអី លាប​ក្រែ​ម ផាត់ ម្សៅ។ បើទោះបីជា​កាយវិកា​ជាប់រវល់​ក៏ដោយ ក៏​ភ្នែក​របស់​ពួកគេ​រំពៃ​រង់ចាំ​ទទួលភ្ញៀវ​ជានិច្ច។

បន្តិចក្រោយមក នារី​វ័យ​កណ្តាល​ម្នាក់ បបូរមាត់​លាប​ក្រែ​ម​ពណ៌​ក្រហមច្រាល មាឌ រៀង​ធំ​បន្តិច ដែល​មើលទៅ​ទំនងជា​មេការ​នៅក្នុង​ហាង​បាន​ដើរ​តម្រង់​ទៅកាន់​បុរស​ជា ភ្ញៀវ​ហើយ​សួរថា៖«តើ​ត្រូវការ​កោស​ជប់​មែន​ទេ​បង?»បុរស​ជា​ភ្ញៀវ ឆ្លើយតប​វិញ​ថា៖ «បាទ​ខ្ញុំ​មិន​ស្រួលខ្លួន​ទេ ខ្ញុំ​ចង់​កោសខ្យល់...»។ នារី​សម្តី​ផ្អែម​រូបនេះ​បន្តថា៖«អ៊ីចឹង​អញ្ជើញ​មក​តាម​ខ្ញុំ»។

នារី​រូបនេះ បាន​ប្រាប់​ឲ្យ​នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់ទៀត នាំ​បុរស​រូបនេះ​ទៅកាន់ បន្ទប់។ ធ្វើដំណើរ​តាម​ពីក្រោយ​នារី​សក់វែង​បណ្តើរ ភ្នែក​សម្លឹង​ឆ្វេង​ស្តាំ​បណ្តើរ។ នៅពេល​ឡើង​តាម​ជណ្តើរ​កាច់​កុង​តម្រង់​ទៅ​ជាន់​ខាងលើ​គេ​លឺ​សូរសំឡេង​សើច ប្រឡែង​គ្នា​លាន់លឺខ្សាវៗចេញពី​បន្ទប់​មួយចំនួន ដែល​បាន​បិទទ្វារ​ជិត។

នៅពេល​ទៅដល់​ជាន់​ខាងលើ នារី​រូបនេះ​យកដៃ​ច្រាន​ទ្វារតិចៗ ចូលក្នុង​បន្ទប់​តូច​មួយ ហើយ​ផាត់វាំងនន​ពណ៌​ក្រហម​ចង​ផ្អោប​ទៅនឹង​ចំរឹង​បង្អួច​ដើម្បី​ឲ្យ​មាន​ពន្លឺ បន្ទាប់មក នាង​ប្រាប់​ឲ្យ​បុរស​ជា​ភ្ញៀវ​ដោះអាវ​ចេញ ហើយ​ដេក លើ​ពូក​ដែល​បានរៀបចំ​ទុកជា ស្រេច។

ក្រោយពេល​រៀបចំ​គ្រឿង​ប្រដាប់ប្រដា​រួចរាល់​ហើយ នាង​ប្រាប់​ឲ្យ​បុរស​នោះ  ដេក​ផ្កាប់ មុខ​ហើយ​នាង ក៏​ចាប់ផ្តើម​ការងារ​កោសខ្យល់​ដូច​សព្វដង។ នាង​កោសខ្យល់​បណ្តើរ ឆ្លើយឆ្លង​ពាក្យសម្តី​ជាមួយ​បុរស​នោះ​បណ្តើរ នារី​ដៃ​តូច​ស្រ​ឡូនៗតែ​ពោរពេញ​ដោយ កម្លាំង​រូបនេះ បាន​សួរ​សំនួរ​ជាច្រើន​ថា តើ​បង​អាយុ​ប៉ុន្មាន​ហើយ? បង​ធ្វើការ​នៅ ឯណា? បង​មាន​ប្រពន្ធ​ហើយ​ឬ​នៅ? មាន​សង្សារ​ឬ​អត់?។

បុរស​ជា​ភ្ញៀវ​រាង​ស្ទាវ​បន្តិច​ដែរនោះ បាន​ឆ្លើយ​ពិត​ខ្លះ កុហក​ខ្លះ​ទៅកាន់​នាង ជា​ហូរហែ វិញ​ផងដែរ។ ព្រម​ពេល​ជាមួយគ្នា បុរស​រូបនោះ​ក៏បាន​លេង​ពាក្យ សម្តី​មួយ ចំនួន​ដើម្បី លេងសើច​ទៅកាន់​នាង​វិញ​ទៀតផង។ នារី​សាច់​សរូប​នេះ បាន​និយាយ​ត្អូញត្អែរ ពី​ជីវភាព​គ្រួសារ និង​ការលំបាក​ប្រចាំថ្ងៃ​របស់​នាង​ទាំង​ទឹកមុខ​ស្រពោន ប្រាប់​ទៅកាន់ បុរស​ជា​ភ្ញៀវ​គួរ​ឲ្យ​អាណិត។

និយាយ​ញ៉ែញ៉ង​គ្នា​យូរ​បន្តិច នារី​ស្រស់ស្អាត​រូបនេះ​បាន​ធ្លោយមាត់​ថា៖«បើ​បង​ចង់ ស្រួល ខ្ញុំ​អាច​កំដរ​បាន យក​ថ្លៃ​សមរម្យ​ទេ...»។ ក្រោយពេល​បានលឺ​សម្តី​យ៉ាង​ដូច្នេះ បុរស​រូបនេះ​ភ្ញាក់ខ្លួន​ព្រើត ហើយ​សួរ​ទៅកាន់​នាង​វិញ​ថា ៖«តើ​នៅទីនេះ​មាន​បម្រើសេវា ផ្លូវភេទ​មែន​ទេ?» នារី​រូបនេះ ឆ្លើយ​រាង​ស្ទាក់ស្ទើរ​បន្តិច​ថា៖«មាន​ដែរ តែ​លួចលាក់​មិន បើកចំហរ​នោះទេ ភាគច្រើន​ទាល់តែ​ម៉ូយ​ទើប​ដឹង...»។

ខណៈ​បានលឺ​ពាក្យសំដី​ធ្លោយមាត់​របស់​នាង​ហើយ​នោះ បុរស​រូបនេះ​ក៏បាន បដិសេធ នឹង​នាងភ្លាមៗ ដោយ​និយាយថា៖«ថ្ងៃនេះ​មិនសូវ​ស្រួលខ្លួន​ទេ ចាំ​លើក​ក្រោយ​ទៅ...»។

បន្ទាប់ពី​បាន​កោស​ជប់​រួចរាល់​ហើយ នារី​វ័យក្មេង​ចំណាយពេល​មួយ​ភ្លែត គេង​នែប និត្យ ស្ទាបអង្អែល​បុរស រូបនេះ​ស្ទើរ​ស្វាង​ជំងឺ ហើយ​បន្តិចក្រោយមក​នាង បាន​ប្រាប់ បុរស​នោះ​ថា៖«តោះ​បង យើង​អាច​ចេញទៅ​បាន​ហើយ»។

ក្រោយពេល​បង់ថ្លៃ​សេវា​ហើយ​នោះ បុរស​ជា​ភ្ញៀវ​បាន​ឲ្យ​ធីប​នាង ១ម៉ឺន​រៀល​ជាការ លើកទឹកចិត្ត ហើយ​នាង​បាន​សម្តែង​ការ​អរគុណ និង​និយាយ ផ្តាំផ្ញើរ​ជា​ចុងក្រោយ​ថា ៖«កុំ​ភ្លេច​មក​ថ្ងៃក្រោយ ទៀត​ណា​បង...»។

លោក សុ​ថៃ ដែល​ធ្លាប់​ទទួល​សេវាកម្ម​កោសខ្យល់​បាន​ឲ្យ​ដឹងថា កន្លែង​កោស​ជប់​មួយ ចំនួន​ក៏មាន​លួចលាក់​បម្រើសេវា​ផ្លូវភេទ​ផងដែរ។

យុវ​វជន​វ័យ​ប្រមាណ​ជា២៨ឆ្នាំ​រូបនេះ​បាន​បង្ហើប​ឲ្យ​ដឹងថា៖«កន្លែង​ខ្លះ ក្រោយពេល កោសខ្យល់​រួច គេ​អាច​ចរចា​ដេក​ជាមួយ​នាង​បាន។ ប៉ុន្តែ​មិនមែន​ដេក​នៅ​កន្លែង កោស​ជប់​នោះទេ គឺ​ត្រូវ​ចេញទៅ​ផ្ទះសំណាក់។

តម្លៃ​គេង​ជាមួយគ្នា​អាចមាន​ពី ២០ដុល្លារ ទៅ ៣០ដុល្លារ ឬ​ច្រើនជាង​នេះ​ក៏មាន ក្នុង ខណៈពេលដែល​តម្លៃ​កោសខ្យល់​ជប់​​ខ្យល់​មាន​ត្រឹមតែ២ ឬ៣ដុល្លារ​ប៉ុណ្ណោះ។
នៅក្នុង​ប្រទេស​កម្ពុជា សេវាកម្ម​ផ្លូវភេទ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ជាសេវាកម្ម​ខុសច្បាប់។ ហាង«លក់​សម្រស់»ត្រូវបាន​ច្បាប់​ហាមឃាត់។ ប៉ុន្តែ​ដើម្បី​គេច ចេញពី​សំណាញ់​ច្បាប់ នារី«លក់​សម្រស់»មួយចំនួន​រកស៊ី​ក្រោម​ស្លាក​កោសខ្យល់ បៀ​ហ្គា​ឌិន លក់​ស្រា​បៀ។ល៕




© រក្សាសិទ្ធិដោយ thmeythmey.com