សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ខឹងច្រឡោត​នឹង​អាមេរិក​ដែល​តែងតាំង​មន្ត្រី​សម្របសម្រួល​កិច្ចការ​ទី​បេ​
16, Oct 2020 , 8:29 pm        
រូបភាព
តំបន់ទីបេ។ រូបភាព៖ AFP
តំបន់ទីបេ។ រូបភាព៖ AFP
ដោយ:
ចិន នៅ​ថ្ងៃទី​១៥  តុលា បាន​ចោទ​អាមេរិក​ថា ព្យាយាម​បង្ករ​អស្ថិរភាព​នៅក្នុង​តំបន់​ទី​បេ និង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន ក្រោយពេល​រដ្ឋបាល​អាមេរិក តែងតាំង​មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់ ជា​អ្នកសម្របសម្រួល​កិច្ចការ​ទី​បេ​។​

 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ នា​ថ្ងៃទី​១៤ តុលា បានតែងតាំង​លោក Robert Destro ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ ឲ្យ​ទទួល​ការងារ​បន្ថែម​លើ​សំណុំរឿង​សិទ្ធិមនុស្ស​នៅ​តំបន់​ទី​បេ​របស់​ចិន​។ តំណែង​ជា​អ្នកសម្របសម្រួល​សំណុំរឿង​ទី​បេ នេះ​ត្រូវបាន​រដ្ឋបាល​អាមេរិក ទុក​ឲ្យ​ទំនេរ​តាំងតែ​ពី​ដើមឆ្នាំ​២០១៧ ។​
 
​ចិន មិន​ពេញចិត្ត​ទាល់តែសោះ​តំណែង​អ្នកសម្របសម្រួល​នេះ​។ តាំងតែ​ពី​ដើមឡើយ ចិន​បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ ក្នុងការ​ធ្វើការ​ជាមួយ​មន្ត្រី​អាមេរិក​សម្របសម្រួល​កិច្ចការ​ទី​បេ​នេះ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៥ ខែតុលា លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បញ្ជាក់ថា​៖« កិច្ចការ​ទី​បេ គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​មិន​អនុញ្ញាត​ឲ្យ​មានការ​ជ្រៀតជ្រែក​ពី​បរទេស​ឡើយ​»​។​
 
​លោក​បន្ថែមថា ការបង្កើត​តំណែង​មន្ត្រី​សម្របសម្រួល​កិច្ចការ​ទី​បេ​ដោយ​អាមេរិក ជាការ​ធ្វើ​ចំណេញ​នយោបាយ​ដើម្បី​អាច​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​បង្ករ​អស្ថិរភាព​ក្នុង​តំបន់​ទី​បេ​។ លោក​សង្កត់ធ្ងន់ថា ចិន​ប្រឆាំង​ដាច់ខាត​ទង្វើ​ខាងលើ​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន លោក ប៉ុ​ម​ប៉េ​អូ បាន​លើកឡើងថា លោក Destro នឹង​ដឹកនាំ​កិច្ចការ​របស់​អាមេរិក​ក្នុងការ​លើកកម្ពស់​ការ​សន្ទនា​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ឬ​អ្នកតំណាង សាសនា ភាសា និង​វប្បធម៌​ទី​បេ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា លោក Destro ក៏​នឹង​ជំរុញ​ឲ្យ​មានការ​គោរព​សិទ្ធមនុស្ស​នៅ​ទី​បេ​ផងដែរ​។​
 
​តំបន់​ទី​បេ ត្រូវបាន​ចិន​កាន់កាប់​ក្នុង​ឆ្នាំ​១៩៥០ ដោយ​អះអាងថា​ជា ការរំដោះ​ប្រជាជន​ទី​បេ​ពី​របប​សក្តិភូមិ​ដោយ​សន្តិវិធី​។ លោក Zhao អះអាងថា ប្រជាជន​តំបន់​ទី​បេ ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ចិន និង​ចាប់​តាំងតែ​ពី​ការកាន់កាប់​មក តំបន់​នេះ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​ប្រសើរ​។ លោក​បន្ថែមថា សេរីភាព​សាសនា និង​សិទ្ធិមនុស្ស​របស់​បុគ្គល​គ្រប់រូប​នៅ​តំបន់​ទី​បេ​ត្រូវបាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​។​
 
​ទោះជា​យ៉ាងណាក្តី អ្នក​រិះគន់​ចិន  ជាពិសេស សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា លើកឡើងថា ការគ្រប់គ្រង​តំបន់​ទី​បេ​ដោយ​ចិន បាន​បំផ្លាញ​វប្បធម៌​តំបន់​នេះ​។ កាលពី​ខែកក្កដា​កន្លងទៅ អាមេរិក​ធ្លាប់​អះអាងថា​នឹងដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ទៅលើ​មន្ត្រី​ចិន​មួយចំនួន ដែល​រួមចំណែក​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​តំបន់​ទី​បេ ដោយ​បន្ថែមថា​អាមេរិក​គាំទ្រ​ស្វ័យភាព​ពេញលេញ​សម្រាប់​តំបន់​ទី​បេ​៕
 
 
 

Tag:
 ចិន​
  អាមេរិក​
  ទី​បេ
© រក្សាសិទ្ធិដោយ thmeythmey.com