ជាតិ
ថ្នាក់ដឹកនាំស.ស.យ.ក. កំពុងដឹកនាំផ្តល់ជំនួយសប្បុរសធម៌នៅតាមខេត្តដែលមានជំនន់
17, Oct 2020 , 3:09 pm        
រូបភាព
លោក ហ៊ុន ម៉ានី ចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។
លោក ហ៊ុន ម៉ានី ចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។
ក្រោយពីបានចុះពិនិត្យស្ថានភាពទឹកជំនន់ និងផ្តល់ជំនួយសប្បុរសដល់អ្នករងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តកំពង់ស្ពឺហើយ លោក ហ៊ុន ម៉ានី បានបន្តដំណើរទៅខេត្តបន្ទាយមានជ័យដែលមានស្ថានភាពជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ។ ក្នុងពេលជាមួយគ្នានេះ អនុប្រធាននៃសហភាពសហព័ន្ធយុវជនកម្ពុជាត្រូវបានបែងចែកឱ្យដឹកនាំការចុះផ្តល់ជំនួយនៅតាមបណ្តាខេត្ត និងតំបន់លិចលង់ដោយសារជំនន់ទឹកភ្លៀង។

 
នៅថ្ងៃសៅរ៍នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបាននាំជំនួយសប្បុរសធម៌ទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងខេត្តបន្ទាយមានជ័យ តាមរយៈរដ្ឋបាលខេត្តនេះ។ ប្រតិភូនៃសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ ក្រោយពីបានជួបពិភាក្សាការងារ និងស្តាប់ពីស្ថានភាពនៃការលិចលង់នៅក្នុងខេត្តនេះ លោក ហ៊ុន ម៉ានី បានធ្វើដំណើរពិនិត្យមើលតំបន់លិចលង់ជាក់ស្តែងមួយចំនួនផងដែរ។
 
លោក សោម រតនា សមាជិកមួយរូបនៅក្នុងប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានអមដំណើរលោក ហ៊ុន ម៉ានី ទៅខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅក្នុងអំឡុងពេលដែលខេត្តមួយចំនួនបានទទួលរងការជន់លិច ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាបានបែងចែកគ្នាដើម្បីចូលរួមជាមួយអាជ្ញាធរខេត្តរងគ្រោះទាំងនោះ ក្នុងការជួយសង្គ្រោះពលរដ្ឋ និងផ្តល់ជំនួយសប្បុរសដល់ពួកគេ។
 
លោក សោម រតនា បានមានប្រសាសន៍បន្ថែមថា៖«នៅក្នុងជំនួបជាមួយជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា សមាជិក ស.ស.យ.ក. សឹងតែបានក្លាយជាគ្រួសាររបស់អាជ្ញាធរខេត្តទៅហើយ ព្រោះពួកគេតែងមានវត្តមានចូលរួមជួយប្រជាពលរដ្ឋ រាល់ពេលដែលមានហេតុការណ៍រងគ្រោះម្តងៗ»។
 
ប្រធាន និងអនុប្រធាននៃចលនាយុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ បាននិងកំពុងដឹកនាំការជួយសង្គ្រោះពលរដ្ឋរងគ្រោះក្នុងខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងតំបន់ផ្សេងទៀត។ នេះបើតាមការអះអាងរបស់លោក សោម រតនា ដដែល។
 
គួររំឭកថា លោក ហ៊ុន ម៉ានី ក្នុងនាមជាអ្នកតំណាងមណ្ឌលកំពង់ស្ពឺផង ក៏បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំជំនួយសប្បុរសធម៌ទៅផ្តល់ជូនអាជ្ញាធរខេត្តកំពង់ស្ពឺរួចហើយដែរ កាលពីពេលថ្មីៗនេះ។
 
ទន្ទឹមគ្នានេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានអំពាវនាវដល់សមាជិកសមាជិការនៅទូទាំងប្រទេសបន្តចូលរួមជួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង៕
 
លោក ហ៊ុន ម៉ានី ចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ៖








លោក ហ៊ុន ម៉ានី ចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅ​កំពង់ស្ពឺ៖





Tag:
 ទឹកជំនន់
 ហ៊ុន ម៉ានី
 កំពង់ស្ពឺ
 ស.ស.យ.ក
© រក្សាសិទ្ធិដោយ thmeythmey.com