បទយកការណ៍ / បទសម្ភាសន៍
ជាតិ
ទូក«ង»នឹង​ជួប​បញ្ហា​អ្វីខ្លះ បន្ទាប់ពី​ការប្រណាំង​ត្រូវ​ខកខាន៣ឆ្នាំ​ជាប់​គ្នា?
17, Nov 2013 , 8:03 am        
រូបភាព
ដោយ:
ទូក«ង» គឺជា​តួឯក​ដ៏​សំខាន់ នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ។ រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​នេះ ការ​ប្រ​ណាំ​ទូក​គ្រប់​ប្រភេទ រាប់​តាំងពី​ទូក​អុំ​អន្តរជាតិ​ខ្នាត​ខ្លី ទូក«ង»ប្រភេទ​ខ្លី និង​វែង និង​ទូក​ចែវ​នោះ គឺជា​ព្រឹត្តិការណ៍​ដែល​ញ្ញ៉ាំ​ង​ឲ្យ​ព្រះរាជ​ពិធី​មួយ​នេះ មាន​ភាព​អធិកអធម​ជាទី​បំបំ​ផុត បន្ទាប់ពី​មហាជន​រាប់សែន​នាក់ បានមក​ចូលរួម​ទស្សនាការ​ការប្រណាំង​ទុក នៅក្រោម​កំដៅថ្ងៃ​មុខ​ព្រះបរមរាជវាំង ដោយ​សំឡេង​ស្រែក​កងរំពង យ៉ាង​រីករាយ។ យ៉ាងណាក៏ដោយ​នៅ​ឆ្នាំ២០១៣នេះ ពិធីបុណ្យ​អុំទូក​ត្រូ​បាន​រដ្ឋាភិបាល​សម្រេច​លុប​ចោល​ជាថ្មីទៀត ក្រោម​ហេតុផល​ផល​វិ​បាល​នៃ​គ្រោះទឹកជំនន់។ កត្តា​នេះ បានធ្វើ​ឲ្យ​ទូក«ង» ត្រូវ​បញ្ឈរជើង​ចំនួន​បី​ឆ្នាំ ដោយ​គ្មាន​ការប្រកួត។ 



ចុះ​ប្រសិនបើ​ទូក ត្រូវបាន​គេ​បញ្ឈរ​ចោល​លើ​បង្គង​រហូតដល់​ទៅ៣ឆ្នាំ​ជាប់​គ្នា តើ​វា​នឹង​អាច​ជួប​នូវ​បញ្ហា​អ្វីខ្លះ? ចម្លើយ​គឺ មាន​បញ្ហា​ជាច្រើន​ណាស់ ដែល​ទូក​ត្រូវ​ជួបប្រទះ។ ជ​ន្ទ​ល់​ទូក ប្រ​ឡឹង​ទូក ជ័រ​បិទ​ទូក ថ្នាំ​លាភ​លម្អរ​ទូក ប៊ូឡុង​ចាប់​ខ្ទង់ទូក និង​សាច់​ទូក​ទាំងមូល គឺ​សុទ្ធតែជា​ផ្នែក​ដែល​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន បន្ទាប់ពី​ទូក​ត្រូវ​ខកខាន​មិនបាន​ប្រកួត អស់​រយៈពេល​ជាង៣ឆ្នាំ​មក​នោះ។

ជន្ទល់​ទូក!  ចន្ទល់​ទូក​គឺជា​កំណាត់ឈើ​មួយ​ដ៏​រឹង និង​មាំ មាន​ប្រវែង​ចាប់ពី​មួយ​តឹក ទៅ​កន្លះ​ម៉ែត្រ។ ចន្ទល់​មាន​តួនាទី​ទប់​ផ្ទៃ​ទូក​ទាំងមូល​ឲ្យ​រឹង និង​ជួយ​ទប់​ផ្ទៃ​ទូក​មិន​ឲ្យ​រលាស់ ឬ​វ័ត នៅពេល​ប្រណាំង។ ជ​ន្ទ​ល់​មាន​តួនាទី​កាន់តែ​សំខាន់ ប្រសិនបើ​ទូក​កាន់​តែមាន​ប្រវែង​វែង។ សូម​កំ​ភ្លេច​ថា ទូកវែង​ដែល​ផ្ទុក​ចំណុះ​ច្រើន  និង​អ៊ុំ​ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង​នៅពេល​ប្រកួត​ទៀត​នោះ វា​នឹងធ្វើ​ឲ្យ​ទូក​រលាស់ ឬ​ទន់​ស្ទើ​តែ​បាក់​ដាច់ពីគ្នា។ ត្រង់ចំណុច​នេះ ចន្ទល់​ត្រូវបាន​គេ​ដាក់​ភ្ជាប់​ពី​ខ្ទង់ទូក​ផ្នែក​បាត​នៃ​ទូក ទៅ​ទល់នឹង​ខ្ទង់​ផ្នែក​ខាងលើ ដើម្បី​ជួយ​ទប់​ផ្ទៃ​ទូក​មិន​ឲ្យ​ទន់​ពេក និង​រលាស់​ពេក​នៅពេល​ប្រណាំង។

យ៉ាងណាក៏ដោយ ចន្ទល់​ទូក នឹង​ក្លាយជា​ផលវិបាក​សម្រាប់​ទូក​វិញ ប្រសិនបើ​ទូក​ខកខាន​មិនបាន​ប្រកួត​រយៈពេល​យូរ​ខែ យូរ​ឆ្នាំ​នោះ។ ព្រោះ​នៅពេលដែល​ទូក​មិនមាន​ចលនា​ច្រើន​ឆ្នាំ ជ​ន្ទ​ល់​នឹងធ្វើ​ឲ្យ​ផ្ទៃ​ទូក​រឹង ឬ​ដែល​អ្នក​បច្ចេកទេសផ្នែក​ទូក​ហៅថា «ងាប់​សាច់​ទូក»។ ដូច្នេះ​គេ​ត្រូវ​ប​ង្ខុំ​ចិត្ត​ដក​ជ​ន្ទ​ល់​ទូក​ចេញ ដោយ​រង់ចាំ​ការប្រកួត​មកដល់​ទើប​ធ្វើ​វា​ឡើងវិញ។

ប្រ​ឡឹង​ទូក!  វា​អាចជា​ខ្សែកាប ឬ​ខ្សែ​ដែល​ធ្វើ​ពី​វ​លិ៍្ល​ផ្ដៅ។ ប្រ​ឡឹង​ត្រូវបាន​អ្នកបច្ចេកទេស ធ្វើឡើង​ដើម្បី​រឹត​សាច់​ទូក​មិន​ឲ្យ​ហែក​ចេញ ខណៈពេលដែល​ចំណុះ​ទូក​គ្រប់គ្នា​ផ្អៀងខ្លួន​ចេញទៅ​ក្រៅ ដើម្បី​ងាយស្រួល​អ៊ុំ និង​គាស់​ទឹក​ឲ្យ​បាន​រហ័ស​នោះ។ ប្រ​ឡឹង​កាន់តែ​មានតម្លៃ នៅពេលដែល​ទូក​ត្រូវ​ផ្ទុក​អ្នក​អ៊ុំ​កាន់តែច្រើន។ វា​ត្រូវបាន​គេ​ចាប់​ភ្ជាប់​ពី​ក្ដារ​បង្ក្រាប​ម្ខាង​នៃ​ទូក ទៅនឹង​ក្ដារ​បង្ក្រាប​ម្ខាង​ទៀត ដោយ​រឹត​ឲ្យ​តឹង​តាម​លក្ខណៈ​បច្ចេកទេស។ វា​នឹង​អាច​ជួប​គ្រោះថ្នាក់ ប្រសិនបើ​ប្រ​ឡឹង​ទូក​ត្រូវ​ដាច់ ហើយ​ទូក​ក៏​នឹង​អាច​ធ្លាក់​ល្បឿន​បានដែរ ប្រសិនបើ​ប្រ​ឡឹង​ទូក​មួយចំនួន​ត្រូវ​ដាច់។

ចុះ​ប្រសិនបើ​ទូក​ខកខាន​អុំ​ជាច្រើន​ឆ្នាំ តើ​ប្រ​ឡឹង​ទូក​នឹងត្រូវ​ជួប​បញ្ហា​អ្វីខ្លះ? ចម្លើយ​គឺ! ប្រសិនបើ​ប្រ​ឡឹង​ធ្វើ​អំពី​ខ្សែកាប គឺ​វា​នឹង​ឡើង​រឹង ឬ​ងាប់​សាច់ដែក ដែល​មិន​អនុញាត​ឲ្យ​វា​យឺត ឬ​ធ្វើ​ចលនា​ទៅតាម​កម្លាំង​អ៊ុំ​បានឡើយ។ មួយវិញទៀត​វា ក៏​នឹងធ្វើ​ឲ្យ​សាច់​ទូក​ងាប់​បានដែរ ប្រសិនបើ​ទូក​ខកខាន​មិនបាន​ប្រកួត​ច្រើន​ឆ្នាំ និង​គ្នា​ចលនា។ ដោយ​ឡែ​ង​ប្រសិនបើ​ប្រ​ឡឹង​ទូក​ធ្វើ​អំពី​ផ្ដៅ​វិញ​នោះ វា​នឹង​អាច​ពុកផុយ ប្រើការ​មិនបាន ហើយ​ទាមទារ​ដាក់​ប្រ​ឡឹង​ថ្មី​ឡើងវិញ។

ជ័រ​បិទ​ទូក!  វា​មាន​តួរ​នាទី​ជា​អ្នកការពារ​សាច់​ឈើ​នៃ​ទូក​មិន​ឲ្យ​ទឹក​ជ្រាបចូល។ ជ័រទឹក​មាន​តួរ​នាទី​ជា​អ្នក​ជ្រាប​ចូលទៅ​ភ្ជិត​សាច់​ទូក​ដែល​ប្រេះ និង​មាន​ប្រហោងតូចៗ ខណៈដែល​ជ័រ​បិទ​មាន​តួនាទី​ជា​អ្នកភ្ជាប់ ឬ​ចូលទៅ​ភ្ជិត​ក្ដារ​ប​ង្រា​ប​របស់​ទូក​ដែល​ត្រូវបាន​គេ​ដាក់​បន្ថែម​លើ​សាច់​មាឌ​នៃ​ទូក ដើម្បី​ឲ្យ​ទូក​មាន​ជម្រៅ​ជ្រៅ​អាច​ផ្ទុក​អ្នក​អ៊ុំ​បាន​ច្រើន។ មួយឆ្នាំ​អ៊ុំ​ម្ដង ឬ​ខក​មួយឆ្នាំ​ទើប​អ៊ុំ​ម្ដងទៀត វា​ទាន់​ជា​បញ្ហា​សម្រាប់​ជ័រ​បិទ​ទូក​នោះទេ ប៉ុន្តែ​ប្រសិនបើ​ទូក​ត្រូវ​ខកខាន​មិនបាន​ធ្វើ​ចលនា​រហូតដល់​ទៅ​បី ឬ​បួន​ឆ្នាំ​នោះ វា​នឹងធ្វើ​ជ័រ​ទូក​រឹង ឬ​ក្រាំង ងាប់​សាច់​ជ័រ​តែម្ដង។ ជ័រ​រឹង វា​ក៏​អាចធ្វើ​ផ្ទៃ​ទូក​រឹង​បានដែរ។ ដូច្នេះ​គេ​ត្រូវ​ប​ង្ខុំ​ចិត្ត​កោស​ជ័រ​ទាំងនោះ​ចេញ ទម្រាំ​ការប្រកួត​ចាប់ផ្ដើម​ជាថ្មី ទើប​ចាប់ផ្ដើម​លាភ និង​បិទ​វា​ជាថ្មីទៀត​ដែរ។

ថ្នាំ​លាភ​លម្អរ​ទូក!  ក្រៅពី​ល្បៀ​ន​ដ៏​លឿន​នោះ ទូក​ក៏​ត្រូវតែ​រចនា​ឡើង​ដោយមាន​ព៌​ណ​លម្អរ​ផងដែរ។ មិន​ថា ទូក​ចែវ ទូក​អ៊ុំ ខ្នាត​វែង ឬក៏​ខ្លី​នោះទេ សោ​ភណ្ឌ​ភាព គឺជា​ការប្រកួត​មួយ ដែល​ទូក​នីមួយ​ត្រូវ​បង្អួត​គ្នា​ទៅវិញទៅមក​ផងដែរ។ អ្នកជំនាញ​ផ្នែក​ទូក«ង» បាន​អត្ថាធិប្បាយ​ថា ទូក​ភាគច្រើន​ត្រូវតែ​លាភ​ព៌​ណ​ជាថ្មី​ឡើងវិញ​នៅពេល​មានកា​ប្រកួត​នៅ​ថ្ងៃ​ខាងមុខ។ ម្យ៉ាង​ថ្នាំ​ត្រូវ​ហើរ​ព៌​ណ និង​ម្យ៉ាងទៀត ថ្នាំ​ត្រូវបាន​ដាច់​តាម​ជ័រ​ដែល​គេ​កោស​បិទ​ជាថ្មី ដូច្នេះ​ទូក​ទាំងអស់​ត្រូវតែ​លាភ​ថ្នាំ និង​ង​រចនា​ព៌​ណ​ឡើងវិញ មុននឹង​ចូលរួម​ប្រកួត​លើក​ក្រោយ​ទៀត។

ប៊ូឡុង ឬ​ដែកគោល​ដែល​ភ្ជាប់​ក្ដារ​នៃ​សាច់​ទូក ឬ​ខ្ទង់ទូក!  វា​ក៏ត្រូវ​ខូច​ខាត់​ច្រើន​ផងដែរ នៅពេលដែល​ទូក​ត្រូវ​ខកខាន​មិនបាន​ប្រកួត​ជាច្រើន​ឆ្នាំ​ដូច​ប៉ុន្មាន​ឆ្នាំនេះ។ គណៈកម្មការ​ទូក​តាម​វត្តនីមួយៗបាន​អះអាងថា ខ្ចៅ ប៊ូឡុង ឬ​ដែកគោ ដែ​ភ្ជាប់​សាច់​ទូក​នោះ ត្រូវបាន​ច្រេះ​ស៊ី និង​ខ្លះទៀត​ត្រូវ​ធូរ​លុង​ព្រោះតែ​ទូក​ទុក​យូរ​រហូត​រួម​មាឌ។ ដូច្នេះ​មុននឹង​ឡើង​ប្រកួត​លើក​ក្រោយ គេ​ត្រូវ​ដោះដូរ​វា​ជាថ្មី ឲ្យ​ត្រូវ​និង​លក្ខណៈ​បច្ចេកទេស ដើម្បី​រក្សា​ល្បឿន​ទូក និង​សុវត្ថិភាព​នៃ​ទូក។

ចុងក្រោយ​គេ គឺ​សាច់​ទូក​ទាំងមូល​តែម្ដង!   លោក អ៊ួ​ង ចំរើន ប្រធាន​គណៈកម្មការ​ទូ​ក«ង» ឈ្មោះ​នាង​តាវ​ត្តី សែន​មានជ័យ ស្ថិតក្នុង​វត្ត​ថ្ម​គរ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្ដាល​នោះ បានបញ្ជាក់​ឲ្យ​ដឹងថា ការខកខាន​មិនបាន​ប្រកួត រួម​ផ្សុំ​នឹង​ការ​ទុក​លើ​បង្គង​ជាច្រើន​ឆ្នាំ​ផង​នោះ ផ្ទៃ​ទូក​ទាំងមូល​នឹងមាន​ការប្រែប្រួល ដូចជា​ស្រាល​ជាង​មុន បោល​ឬ​វៀច ខុស​ទ្រង់ទ្រាយ​មុន​ជាដើម។ លោក​បន្តថា សម្រាប់​ទូក​របស់លោក​ដែលមាន​អាយុកាល​ដល់​ទៅ​ជាង២៣ឆ្នាំ​នោះ វា​នឹង​រឹតតែ​ប្រែប្រួល​ទាំង​ទំងន់ និង​ផ្ទៃ​ទាំងមូល​នៃ​ទូក​តែម្ដង ហើយ​ថា មុន​ចូលរួម​ការប្រកួត​លើក​ក្រោយ ទូក​របស់លោក​ត្រូវតែ​ជួសជុល​ឡើងវិញ ទើប​អាច​រក្សា​កេរ្តិ៍ឈ្មោះ​នៅ​ថ្ងៃ​ប្រកួត​បាន។

គួរ​បញ្ជាក់ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទូក«ង» ពិសេស​ទូក​អ៊ំ​ប្រភេទ​បុរស​កាន់​តែមាន​ប្រវែង វែងទៅៗ ដែល​រហូត​មាន​ទូក​ខ្លះ អាចមាន​ប្រវែង​ដល់​ទៅ​ជាង៥០ម៉ែត្រ និង​អាច​ផ្ទុក​ចំណុះ (អ្នក​អុំ) បាន​រហូតដល់​ទៅជា​ង៨០នាក់​ឯណោះ។ វា​មិនមែនជា​ការងាយ​ទេ ខណៈ​ទូក​ដែលមាន​ទទឹង​ត្រឹមតែ​ជាង១ម៉ែត្រ និង​មាន​បណ្ដោយ​ដល់​ទៅ​ជាង៥០ម៉ែត្រ អាច​ផ្ទុក​អ្នក​អុំ​ដ៏​ច្រើន និង​ប្រ​ណាំ​គ្នា​ក្នុង​ល្បឿន​ដ៏​លឿន​លើ​ខ្សែទឹក​ហូរ​នៃ​ទន្លេ​បួន​មុខ​នោះ៕



   

© រក្សាសិទ្ធិដោយ thmeythmey.com