ជាតិ
ទូត និងអ្នកជំនួញឥណ្ឌូណេស៊ី រួមគ្នារៃអង្គាសជួយពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់
25, Oct 2020 , 10:03 am        
រូបភាព
ដោយ: រួបរួម
ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានបង្ហាញការសោកស្តាយចំពោះករណីទឹកជំនន់នៅកម្ពុជា ដែលបានប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងធ្វើខូចខាតដីស្រែ ដំណាំជាច្រើន។ ជាការចូលរួមចំណែករំលែកទុក្ខលំបាកនេះ សហការីស្ថានទូត និងអ្នកជំនួញដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនឥណ្ឌូណេស៊ី ក៏បានរួមគ្នារៃអង្គាសថវិកាជួយដល់ជនរងគ្រោះផងដែរ។

 
«មិត្តដែលចេះជួយគ្នាក្នុងគ្រាលំបាក គឺជាមិត្តពិត។ ប្រជាជនយើងទាំងពីរ តែងតែជួយគ្នាក្នុងគ្រាលំបាក»។ នេះជាការលើកឡើងរបស់លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៣ ខែតុលា ដោយបានរំលឹកថា រដ្ឋាភិបាល ក៏ដូចជាពលរដ្ឋឥណ្ឌូណេស៊ី និងកម្ពុជា តែងតែគាំទ្រ និងបង្ហាញសមានចិត្តចំពោះគ្នាទៅវិញទៅមក។


លោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានលើកឡើងពីការយកចិត្តទុកដាក់របស់កម្ពុជា លើការព្យាបាលជនជាតិឥណ្ឌូណេស៊ី ដែលកើតកូវីដ-១៩ ការរួមបរិច្ចាគឧបករណ៍វេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ផ្សេងៗ នៅពេលដែលឥណ្ឌូណេស៊ី ត្រូវការជំនួយ។ លោកបានអះអាងថា៖ «រដ្ឋាភិបាល និងប្រជាជនឥណ្ឌូណេស៊ី មិនដែលភ្លេចឡើយនូវអំពើល្អ និងជំនួយដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាធ្លាប់ធ្វ់ និងផ្តល់ឲ្យប្រទេសឥណ្ឌូណេស៊ី»។
 
មូលនិធិដែលស្ថានទូតឥណ្ឌូណេស៊ី ប្រមូលបានក្នុងគោលដៅជួយសង្គ្រោះពលរដ្ឋខ្មែរក្នុងគ្រោះទឹកជំនន់នោះ ត្រូវបានយកទៅទិញជាអាហារ ជាពិសេសមីឥណ្ឌូកំប៉ុង ដោយ១០០កេស បានប្រគល់ជូនតាមរយៈមូលនិធិមុទិតា និង៤០០កេសទៀត តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
 
«ទោះបីចំនួនអំណោយដែលបានមកពីយើងខ្ញុំមិនមានច្រើនក្តី តែវាពិតជាឆ្លុះបញ្ចាំងពីមិត្តភាព និងសណ្តានចិត្តអាណិតអាសូរដ៏ស្មោះស្ម័គ្ររបស់យើងខ្ញុំ ចំពោះបងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅកម្ពុជា»។ នេះជាការលើកឡើងរបស់លោក Sudirman Haseng ដោយជឿជាក់ថា រដ្ឋាភិបាល និងប្រជាជនកម្ពុជា អាចយកឈ្នះលើការលំបាកដែលបណ្តាលមកពីទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត៕
 
 
 
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com