បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ គ្មានទេ​ក្តី​រីករាយ​ពេល​បុណ្យអុំទូក​សម្រាប់​កុមារ​លក់​ផ្កា
17, Nov 2013 , 2:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​ថ្ងៃ​បុណ្យអុំទូក​រៀងរាល់ឆ្នាំ ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​ឈប់សម្រាក គ្រប់ៗគ្នា។ ពិធីបុណ្យ​អុំទូក​ក៏​ជា​ឱកាសល្អ​សម្រាប់​មាតាបិតា​មួយចំនួន ជួបជុំគ្នា នាំកូនៗដើរ​កម្សាន្ត​ផងដែរ។ ទោះបី​មិនបាន​ទៅ​កំសាន្ត​នៅតាម​ទីកន្លែងឆ្ងាយៗក៏ដោយ ក៏​ក្រុមគ្រួសារ​មួយចំនួន នាំគ្នា​ដើរ​កំ​កម្សាន្ត​តាម​សួនច្បារ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ​នេះ​ផងដែរ។ ក្រឡេក​ទៅ​មើល ក្រុម​កុមារ​ដែល​កំពុង​ដើរ​លក់​ផ្ការ​តាម​ចិញ្ចើមផ្លូវ​ឯណោះ​វិញ ពួកគេ​មមាញឹក​គ្មាន​ថ្ងៃ​សម្រាក​នោះឡើយ។ រក​មួយថ្ងៃ សម្រាប់​រស់​មួយថ្ងៃ ប្រសិនបើ​ឈប់សម្រាក ច្បាស់​ជា​ដាច់បាយ​ជា​មិនខាន។ 


កុមារា ចក់ ឆាយ អាយុ១០ឆ្នាំ មិនដែល​ស្គាល់​ទេ​ថា អ្វី​ទៅជា​ថ្ងៃបុណ្យ​អុំទូក។ រូបគេ​ដឹង​ត្រឹម​ថា នៅថ្ងៃនេះ មនុស្សម្នា​ជាច្រើន​គ្រប់ទិសទី​ឈប់សម្រាក​ពី​ការងារ នាំគ្នា​ដើរ​កម្សាន្ត។ ទោះបី​ថ្ងែ​ឈប់សម្រាក​បុណ្យអុំទូក​ក្តី ឬ​ថ្ងៃ​ធម្មតា​ក្តី កុមារ ឆាយ នៅតែ​ត្រាច់ច​ខំប្រឹង​ដើរ​លក់​ផ្ការ​តាម​ចិញ្ចើមផ្លូវ​គ្មាន ពេល​សម្រាក​ឡើយ។

សំឡេង​ហ៊ោ​ក​ញ្ជៀ​វ សើច​ក្អាកក្អាយ​ចេញពី​សួន​កុមារ​មុខ​វត្ត​បុ​ទុម​វ​តី បានត្រឹមតែ​ធ្វើ​ឲ្យ​កុមារា រូបនេះ តូចចិត្ត ក្តុកក្តួល​អារម្មណ៍ ឈរ​អោប​របង​ដែក​ភ្នែក​សម្លឹង​ឥត​ព្រិច ក្នុង​ថ្ងៃ​ដ៏​គួរអោយ​កំសត់ នេះ។ ផ្ទុយទៅវិញ ថ្ងៃបុណ្យ​អុំទូក​រៀងរាល់​ឆ្នាំ គឺជា​ថ្ងៃ​ដែល​មាតាបិតា​មួយចំនួន​ឈប់សម្រាក ពី​ការងារ ហើយ​តែង​នាំកូនៗរបស់ខ្លួន​ដើរ​កម្សាន្ត និង​ធ្វើ​តាមចិត្ត​ពួកគេ​គ្រប់យ៉ាង​នៅ​ថ្ងៃបុណ្យ​ប្រពៃណី​មួយ​នេះ។

ម៉ោង​មិនទាន់៧ព្រឹក​ផង កុមារ ឆាយ ស្ថិតនៅលើ​ដងផ្លូវ​រួចជាស្រេច​ទៅហើយ ក្នុង​សំលៀកបំពាក់​ក​ខ្វក់ ដៃ​ម្ខាង​យួរ​កម្រង​ភួងផ្កា​ម្លិះ ដៃ​ម្ខាង​គោះ​កញ្ចក់​រថយន្តតិចៗ ។ ក្បាល​ដ៏​តូច​របស់គេ​អើតមើល តាម​កញ្ចក់ទ្វារ​រថយន្ត ដោយ​សម្តែង​ទឹកមុខ​អង្វរករ​ម្ចាស់​រថយន្ត​គួរអោយ​អាណិតអាសូរ។ កុមារា​រូបនេះ​កំពុង​សុំអោយ​អ្នកធ្វើ ដំណើរ​តាម​រថយន្ត​ជួយ​ទិញ​ផ្កាម្លិះ​របស់ខ្លួន។

ខ្មៅ​ហើយ​ស្គម កុមារ ឆាយ ជាមួយនឹង​ដំណើរ​រត់​ផង​ដើរ​ផង ពី​រថយន្ត​មួយ ទៅ​រថយន្ត​មួយទៀត តែងតែ​និយាយអង្វរ​ទៅកាន់​អ្នកធ្វើដំណើរ​ថា «សុំ​ជួយ​ទិញ​ផ្កា​ខ្ញុំ​ផង ដើម្បី​យកលុយ​ទិញ​បាយ ហូប»។

គ្មាន​ពាក់​ស្បែកជើង ត្រាច់ចរ​តាម​ដង​វិថី​ពី​ព្រលឹម​រហូតដល់​ថ្ងៃត្រង់ ដើម្បី​ស្វែងរក​អតិថិជន កុមារា ឆាយ រៀបរាប់​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា៖«ថ្ងៃ​ណា​ដែល​ខ្ញុំ​មានសំណាង ថ្ងៃនោះ​ហើយ ដែល​ខ្ញុំ​បាន​បាយ​ហូប ប៉ុន្តែ​ពេលខ្លះ ខ្ញុំ​លក់​អស់​មួយ​កំណាត់​ថ្ងៃ នៅ​មិនទាន់​រកប្រាក់​បាន​មួយ រយ​រៀល​ផង ជារឿយៗខ្ញុំ​តែង​អត់បាយ​ផងដែរ...»។

ឆាយ ស្ថិតក្នុង​ចំណោម​កុមារ​ជាច្រើន​ផ្សេងទៀត ដែលមាន​សំលៀកបំពាក់រ​យ៉េ​រយ៉ៃ ដៃ​កាន់​ភួងផ្កា​ដើរ ត្រាច់ចរ​រៀងរាល់ថ្ងៃ​តាម​ដង​វិថី​នៅក្នុង​ទីក្រុង​ភ្នំពេញ។   ដូចគ្នា​នឹង ឆាយ ដែរ ភាគច្រើន​នៃ​កុមារ​ទាំងនោះ បាន​ចាក​ចេញពី​គ្រួសារ​កសិករ​ក្រីក្រ ធ្វើស្រែ​ចម្ការ​នៅតាម​ទីជនបទ មកកាន់​ទីក្រុង។

ពួកគេ​ចំណាយពេល​មួយចំណែក​ធំ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់ខ្លួន នៅលើ​ដង​វិថី​ដោយ​គ្មាន​ភាពសប្បាយ​រីករាយ គ្មាន​ការជួបជុំ​ឪពុកម្តាយ ឬ​គ្មាន​ការបរិភោគ អាហារឆ្ងាញ់ៗសូម្បី​តែម្តង  ណា​ឡើយ។ ជីវិត​កុមា​រលក់​ផ្កា​ទទួលរង​សម្ពាធ​ច្រើនយ៉ាង ដូចជា ថ្ងៃ​ក្តៅ ភ្លៀវ​រលឹម គ្រោះថ្នាក់​ច​រារ​ចរណ៍ សម្តី​គ្រោតគ្រាត​របស់​អតិថិជន ការបណ្តេញចេញ​របស់​នគ​បាល។ល។  

គ្មាន​ឡើយ​សេចក្តីសុខ ប៉ុន្តែ​ដោយ​គ្មាន​ជម្រើស​កុមារ​ទាំងនោះ​សុខចិត្ត​លក់​កម្លាំងកាយ​ចិត្ត​ទាំង​នៅ​កុមារភាព​ដើម្បី​ចិញ្ចឹម​គ្រួសារ។ មិនមែន​តែ​កុមារ​ក្រី​ក្រលក់​ផ្កា​ទេ​ដែល​ប្រឈម​នឹង​បញ្ហា​នោះ។ ពេលខ្លះ កូនង៉ែត​អាយុ​ក្រោម​មួយឆ្នាំ​ឬ២ឆ្នាំ​ត្រូវបាន​មនុស្ស​ចាស់​ធ្វើ​អាជីវកម្ម​ដោយ​ដាក់​ពួកគេ​នៅក្នុង​ថ្នក់​ក្រមារ​ដើម្បី​ដើរ​សុំទាន​នៅតាម​ដងផ្លូវ ជាពិសេស នៅតាម​ផ្លូវបំបែក​ជា៤នៅ​ទីក្រុង​ភ្នំពេញ។

នៅពេលដែល​ឃើញ​ទិដ្ឋភាព​កុមារ​ធ្វើការ កូនង៉ែត​ធ្វើការ សំណួរ​ជាច្រើន​បាន​លើក​ឡើ​ថា តើ​ឪពុកម្តាយ​ពួកគេ​នាំគ្នា​ធ្វើ​អ្វី? ហេតុអ្វី​បានជា​កុមារ​ដែល​អាយុ​របស់​ពួកគេ​ត្រូវតែ​បន្ត​ការសិក្សា​តែ​បែរជា​មក​ទទួលបន្ទុក​គ្រួសារ​ទៅវិញ?

កុមារ ចក់ ឆាយ ចង់​ទទួល​បានការ​ថ្នាក់ថ្នម ចង់​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ​អុំទូក ចង់​កម្សាន្ត​នៅ​ថ្ងៃបុណ្យ​ដូច​កុមារ​ដទៃទៀត​ដែរ។ ប៉ុន្តែ​រូបគេ​គ្មាន​សំណាង​ឡើយ។ ហើយ​ភ័ព្វសំណាង​មិនដឹង​ជា​មកដល់​រូបគេ​នៅ​ថ្ងៃ​ណា ពេលណា​ទេ? នេះ​ជា​អ្វីដែល កុមារ ឆាយ ទន្ទឹងរង់ចាំ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ៕ 

         

© រក្សាសិទ្ធិដោយ thmeythmey.com