អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ប្រា​យុទ្ធ បន្ត​បដិសេធ​ចេញពី​តំណែង​ដោយ​ថា​៖ «​ខ្ញុំ​នឹងមិន​រត់គេច​ចេញពី​បញ្ហា​ឡើយ​»
28, Oct 2020 , 10:59 pm        
រូបភាព
បាតុករថៃម្នាក់ រុញរបាំងរបស់ប៉ូលិសថៃបង្រ្កាបបាតុកម្ម នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ រូបភាព៖ Reuters
បាតុករថៃម្នាក់ រុញរបាំងរបស់ប៉ូលិសថៃបង្រ្កាបបាតុកម្ម នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ រូបភាព៖ Reuters
​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នៅ​ថ្ងៃទី​២៧ ខែតុលា នៅតែ​បន្ត​បដិសេធ មិន​ចុះ​ចេញពី​តំណែង តាម​ការអំពាវនាវរ​បស់​សមាជិកសភា​បក្ស​ប្រឆាំង ក្នុង​កិច្ចប្រជុំ​សភាវិសាមញ្ញ ដែល​លោកនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។



​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​សភាវិសាមញ្ញ លោក​ប្រយុទ្ធ ចាន់​អូ​ចា ប្រមុខ​រដ្ឋាភិបាល​ថៃ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « ខ្ញុំ​នឹងមិន​រត់គេច​ចេញពី​បញ្ហា​ឡើយ​»​។ ក្នុងនេះ​ន័យ លោក​ប្រយុទ្ធ នៅតែ​បន្ត​ទាត់ចោល​ការអំពាវនាវ​របស់​សមាជិកសភា​ឲ្យ​លោក​ចុះ​ចេញពី​តំណែង ដោយ​សំអាងថា លោក​មិន​លាលែង​ពី​តំណែង ក្នុងពេល​ប្រទេស​កំពុង​ជួប​បញ្ហា​នោះឡើយ​។ 
 
​ថៃ​បាន​បើក​កិច្ចប្រជុំ​សភាវិសាមញ្ញរ​យៈ​ពេល​ពីរ​ថ្ងៃ ពោលគឺ​ថ្ងៃទី​២៦ និង​២៧ ខែតុលា ដើម្បី​ជជែក​ពី​វិបត្តិ​នយោបាយ ក៏ដូចជា​រក​ដំណោះស្រាយ ដែល​ក្រុមបាតុករ បានធ្វើ​បាតុកម្ម​ជាច្រើន​ខែ ដើម្បី​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ ដោះលែង​មេដឹកនាំ​បាតុកម្ម ក៏ដូចជា​ទម្លាក់​បទ​ចោទ​លើ​មេដឹកនាំ​ទាំងនោះ​ជាដើម​។ 
 
​នៅពេលនេះ បាតុកម្ម​នៅ​ថៃ​មាន​ចំនួន​ពីរ​ក្រុម គឺ​ក្រុម​ប្រឆាំងនឹង​ព្រះមហាក្សត្រ និង​ក្រុមគាំទ្រ​ព្រះមហាក្សត្រ​។ កន្លងមក​ក្រុមបាតុករ​ប្រឆាំង​ព្រះមហាក្សត្រ ឬ​ប្រឆាំង​រដ្ឋាភិបាល បាន​ជួបជុំ​មនុស្ស​ជាច្រើន​ពាន់​នាក់ ហើយ​នៅ​ថ្ងៃទី​២៦ ខែតុលា ក្រុម​នេះ បាន​ដង្ហែ​ញាតិ​ទៅ​ទូត​អាល្លឺម៉ង់​ថែមទៀត ដើម្បី​ឲ្យ​ពិនិត្យ​លើ​សកម្មភាព​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ក្នុងពេល​គង់នៅ​អាល្លឺម៉ង់​។ 
 
​ចំណែក​មនុស្ស​មួយក្រុម​ទៀត គឺជា​អ្នកគាំទ្រ​ព្រះមហាក្សត្រ និង​មិន​ចង់​ឲ្យ​មានការ​ធ្វើកំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​ឡើយ​។ យ៉ាងណាក៏ដោយ ក្រុមគាំទ្រ​ព្រះមហាក្សត្រ គឺ​ភាគច្រើន​អាយុ​ចាប់ពី​៥០​ឆ្នាំ និង​៦០​ឆ្នាំ​ឡើងទៅ និង​មាន​មនុស្ស​ចូលរួម​ក្នុង​ចំនួន​តិច​។ នៅ​ថ្ងៃទី​២៧ ខែតុលា ក្រុមគាំទ្រ​ព្រះមហាក្សត្រ បាន​ជួបជុំគ្នា​ជាង ៣០០​នាក់​ប៉ុណ្ណោះ ខណៈ​ក្រុមប្រឆាំង​រដ្ឋាភិបាល​មាន​មនុស្ស​ជួបជុំ​ជាច្រើន​ពាន់​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែតុលា ថៃ កំពុង​ស្វែងរក​ចំណាត់ការ ដើម្បី​ដោះស្រាយ​វិបត្តិ​ក្នុងប្រទេស ដែល​កំពុង​ជាប់គាំង​នេះ​។ សភា​ថៃ កំពុង​ពិចារណា​លើ​សំណើ ក្នុង​ការបង្កើត​គណៈកម្មកា​រ​ផ្សះផ្សា​ជាតិ​មួយ ដែលមាន​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ដូចជា រដ្ឋាភិបាល សភា តំណាង​ក្រុមបាតុករ និង​ភាគី​ផ្សេងទៀត​។ ចំណែក លោកនាយក​រដ្ឋមន្ត្រី​ថៃ ក៏​គាំទ្រ​ឲ្យ​បង្កើត​គណៈកម្មាធិការ​នេះដែរ​។​
 
​សូមបញ្ជាក់ថា កិច្ចប្រជុំសភា​រយៈពេល​២​ថ្ងៃនេះ ផ្អែកទៅលើ​មាត្រា​១៦៥ នៃ​រដ្ឋធម្មនុញ្ញ​ថៃ ដែល​អនុញ្ញាត​ឲ្យ​សភា​ទាំងពីរ​ថ្នាក់ ពោលគឺ​រដ្ឋសភា និង​ព្រឹទ្ធសភា ជួប​ជជែក ពិភាក្សា ស្តាប់​យោបល់​គ្នា លើ​បញ្ហាសំខាន់ៗ​។ កិច្ចប្រជុំ​នេះ គឺ​មិន​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​នៅក្នុង​សភា​អ្វី​ឡើយ​៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com